(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ត្រូវបានក្រុមគ្រួសារបញ្ជូន​ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនមួយ​ក្នុងក្រុងភ្នំពេញ នាម៉ោងប្រមាណ១រំលងអាធ្រាត្រ​យប់មិញនេះ បន្ទាប់ពីស្ថានភាពជំងឺ​របស់នាង​​ធ្វើទុកខ្លាំង រហូតដល់ថ្នាក់ទ្រាំលែងបាន ហើយត្រូវបានក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ជួយសង្គ្រោះ ព្យាបាលរហូតដល់បានធូរស្បើយ​ឡើងវិញ។

អ្នកនាង ពេជ្រ សោភា បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិចថា ជាការពិតយប់មិញនេះ ស្ថានភាពជំងឺរបស់នាង ពិតជាធ្វើទុក្ខខ្លាំង​មែន រហូតត្រូវបញ្ជូន​ទាំង​ពាក់កណ្ដាលយប់ ទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ម៉ោងនេះ ស្ថាន់ភាពជំងឺបានធូរស្បើយ​​បន្តិចហើយ បន្ទាប់ពីគ្រូពេទ្យ បានចាក់ថ្នាំ និងឲ្យថ្នាំលេចរួចមក ។

ពេជ្រ សោភា និយាយថា «ចា៎បង..យប់មិញហ្នឹងខ្ញុំឈឺធ្ងន់មែន ដោយសារជំងឺចាស់ខ្ញុំធ្វើទុក្ខខ្លាំង ដូចជាថប់ៗ​ដង្ហើម ហើយក៏ត្រូវមកព្យាបាលទាំងយប់​​នៅមន្ទីរពេទ្យ..​តែពេលនេះលែង​អីហើយបង បានធូរបន្តិចវិញ ក្រោយពីគ្រូពេទ្យដាក់សេរ៉ូម ចាក់ថ្នាំឲ្យ​ខ្ញុំរួចមក..។ តាមការពិតទៅជំងឺខ្ញុំ​​គ្រាន់តែត្រូវការ តាមដានជាប្រចាំតាមវេជ្ជ​បញ្ជា​​របស់ពេទ្យ ទើបមិនសូវអី..!»

សម្រាប់​តារាចម្រៀង ពេជ្រ សោភា ត្រូវបានមហាជនដឹងថា នាងមានជំងឺ​ឈាមសស៊ីឈាមក្រហម ហើយត្រូវការមើលថែ​យ៉ាងយកចិត្តទុកដាក់ គោរពតាម​វេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឲ្យជំងឺនេះបានធូរស្បើយ ខណៈដែលកន្លងមក នាង​ធ្លាប់បានចេញទៅព្យាបាល​នៅក្នុងប្រទេសថៃ ជាច្រើនដងរួចមកហើយ។ ម្យ៉ាងទៀតកាលពីពេលថ្មីៗនេះ បានលេចឮដំណឹងថា នាង គ្រោងនឹងចេញទៅព្យាបាល នៅឯប្រទេសបារាំងបន្ថែមទៀត ដើម្បីឲ្យជំងឺនេះជាសះស្បើយតែម្ដង ​ប៉ុន្តែមិនទាន់ទាំង​បានចេញទៅបារាំងផង ជំងឺចេះតែធ្វើទុក្ខជាបន្តបន្ទាប់ បែបនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពេជ្រ សោភា កាន់តែធ្វើឲ្យអ្នកគាំទ្រ ព្រួយចិត្តជាខ្លាំង ខណៈពោលពាក្យគួរឲ្យខ្លាច គួររំលឹកផងដែរថា អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជាអតីត Coach ប្រចាំកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia ទាំងពីររដូវកាលនោះ ក្រោយពីបានចេញវីដេអូឃ្លីបមួយ ទម្លាយប្រាប់ជាសាធាណៈ ប្រកាសថាខ្លួន ចាកចេញពីសិល្បៈ ដោយហេតុផលលើកឡើងថា ដោយសារតែកើតមានជំងឺបាក់ទឹកចិត្ត ជាហេតុបង្កឲ្យមានភាព ចម្រូងចម្រាសជាច្រើន ទៅដល់អ្នកគាំទ្រលើរូបនាងជាខ្លាំង ទាំងការបារម្ភ និងផ្តល់កម្លាំងចិត្តលើរូបនាងជានិច្ច ខណៈមានគាំទ្រមួយចំនួន បានគិតថាប្រហែលជាអ្នកនាង អាចសម្រាកមួយរយៈ ដើម្បីព្យាបាលជំងឺផងដែរ។

ទន្ទឹមនឹងនោះផងដែរ តាមរយៈទំព័រហ្វេសប៊ុកផេករបស់នាង កាលពីម្សិលមិញនេះ អ្នកនាងបានសរសេរសារយ៉ាងខ្លីមួយ ភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក នៅមុខផ្នូរ ឪពុករបស់នាងថា៖ «សុំទោសពុក កូននៅអត់បានយូរ ព្រោះកូន.......» ។ ខណៈធ្វើឲ្យអ្នកគាំទ្រជាច្រើនលើរូបនាង មានការព្រួចចិត្តយ៉ាងខ្លាំង ដោយមិនដឹងថា ពេជ្រ សោភា ពេលនេះនាងកំពុងតែគិតអ្វី ឬចង់ធ្វើអ្វីបន្តនោះឡើយ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានចូលខ្លួនមកបញ្ចេញមតិ “Comment” លើកទឹកចិត្តនាង ក្រោមសាររូបភាពនោះ ជាច្រើនព្រោងព្រាតផងដែរ។ ខណៈមានម្ចាស់គណនីមួយ បានសរសេរថា «កុំនិយាយចឹងអីបងភា ខ្ញុំចង់ឃើញបងច្រៀងបន្តទៀត ស៊ូៗណាបង ជីវិតរបស់មនុស្សលោកកើតមក មានរស់មានស្លាប់ជារឿតធម្មតាទេ តែអ្វីដែលសំខាន់គឺ យើងត្រូវប្រើពេលដែលនៅសល់ឲ្យបានល្អ ទើបយើងមានសេចក្តីសុខ ខ្ញុំស្រលាញ់ និងគាំទ្របងរហូត I’m your fan b SP» ។

«បងត្រូវរស់នៅឲ្យបានយូរ មានមនុស្សជាច្រើនទៀត កំពុងរង់ចាំបងនិពន្ធ Original Song ថ្មីៗទៀត បងកុំអស់សង្ឃឹមណាស៊ូៗណាបង»

«ហេតុអី បងភា ចូលចិត្តនិយាយមិនឲ្យអស់ពាក្យចឹងបង ដឹងទេពួកយើងខ្ញុំបារម្ភពីបងប៉ុណ្ណា ស៊ូៗណាម៉ែមីខ្ញឹង» ។

ជុំវិញនឹងរឿងរ៉ាវទាំងអស់នេះផងដែរ មិនទាន់ឃើញមានការបកស្រាយ ឲ្យច្បាស់ពីសំណាក់ តារាចម្រៀងស្រី ថ្គាមខ្លា រូបនេះនៅឡើយនោះទេ។ ជាហេតុកាន់តែធ្វើឲ្យ ប្រិយមិត្តអ្នកគាំទ្រលើរូបនាង ខ្លះមានការអាក់អន់ចិត្ត ឯខ្លះទៀតព្រួយគិតពីនាងយ៉ាងខ្លាំង ដោយសង្ឃឹមថា អ្នកនាង ពេជ្រ សោភា នឹងចូលខ្លួនបកស្រាយ ការពិតប្រាប់ទៅដល់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រលើរូបនាង ក្នុងពេលឆាប់ៗនេះផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា