(កណ្ដាល)៖ កម្មករ-កម្មការិនីរោងចក្រ ហ្រ្គែនអីស្តហ៊្វូតវែរ ៣៣នាក់ ក្នុងចំណោមកម្មករជាង១ពាន់នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីបរិភាគបាយថ្ងៃត្រង់រួច ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នាវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News បានឱ្យដឹងថា រៀងរាល់ម៉ោង១១៖៣០នាទី កម្មករតែងតែចេញមកហូបបាយ នៅខាងក្រៅរោងចក្រដល់ ម៉ោង ១២៖៣០នាទី ទើបពួកគាត់នាំគ្នាចូលធ្វើការជាធម្មតាវិញ តែចម្លែកនៅថ្ងៃនេះ បន្ទាប់ពីពួកគាត់បានចូលធ្វើការក្នុងរោងចក្រវិញ ស្រាប់តែមានឮសំឡេងកម្មករក្នុងអាគារA នៃរោងចក្រ បានស្រែកថា ខ្មោចចូល ឮដូចនេះ អ្នកនៅខាងក្រៅរោងចក្រ និងកម្មករដែលធ្វើការនៅអគារផ្សេង បានស្រែកតៗគ្នា និងចូលជួយភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្ថែមថា ពេលចូលទៅក្នុងរោងចក្រភ្លាម គេឃើញមានកម្មករខ្លះទារកទឹក ខ្លះទៀតរកខោអាវ មានអាការៈ ទន់ដៃទន់ជើង ហើយក៏ដួលសន្លប់ជាបន្តបន្ទាប់គ្នា តែម្ដង។ តាមការពិនិត្យរបស់លោកគ្រូពេទ្យ «សុខាបែកចាន» បានបញ្ជាក់ថា កម្មករដួលសន្លប់នោះ មកពីកម្មករទាំងនោះ មានសុខភាពខ្សោយ។ បច្ចុប្បន្ន កម្មករដែលដួលសន្លប់ និងទន់ដៃទន់ជើងទាំងនោះ ត្រូវបានបញ្ជូនទៅពេទ្យសុខាបែកចាន ភ្លាមៗ ដោយក្រៅពីកម្មករដែលដួលសន្លប់ ក៏មានកម្មករខ្លះបានក្អួតចង្អោរតាមផ្លូវផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   កម្មកររោងចក្រ «ហ្កាប់បូថេក ត្រេឌីងខមភេនី» នៅក្រុងដូនកែវ ជាង៣០នាក់ដួលសន្លប់ជាបន្តបន្ទាប់ គួររំលឹកផងដែរថា ក្រុមកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាង៣០នាក់ កាលពីវេលាថ្ងៃត្រង់ទី២១ ខែកក្ដដា ឆ្នាំ២០១៦ កន្លងទៅនេះ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីរោងចក្របិទបង្អូច និងទ្វារដែលនាំឲ្យខ្វះឧកស៊ីស៊ែន សម្រាប់កម្មករដកដង្ហើម បន្ទាប់មកក៏មានកម្មករម្នាក់សន្លប់ ពេលឃើញកម្មករម្នាក់នោះសន្លប់ ក៏មានកម្មករដទៃទៀតបានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់តាមដែរ។ លោកបន្តទៀតថា ប៉ុន្តែកម្មករទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បើតាមលោកអធិការនគបាលក្រុងដូនកែវ បច្ចុប្បន្នកម្មករទាំងអស់កំពុងតែ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ហើយខាងមន្រ្តីមន្ទីរការងារខេត្តក៏ បានចុះមកពិនិត្យមើលកន្លែង រោងចក្រខាងលើ ដើម្បីវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]