អនាម័យខ្លួនប្រាណ ជារឿងដែលមនុស្សគ្រប់ៗរូប គិតថាជារឿងសំខាន់។ ការងូតទឹក ទាំងព្រឹក ទាំងយប់ ជាទម្លាប់ និងជាកាតព្វកិច្ចដែលត្រូវធ្វើ និងដើម្បីមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីរវល់ និងស្មុគ្រស្មាញពេញមួយថ្ងៃ។

ប៉ុន្តែឥលូវនេះ អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញខាងវេជ្ជសាស្រ្ត បានបង្ហាញថា អ្នកមិនចាំបាច់ ងូតទឹក ជារៀងរាល់ថ្ងៃទៀតនោះទេ។ អ្នកប្រាកដជាគិតថា វាជារឿងចម្លែក។ តើការងូតទឹក ប្រចាំថ្ងៃជារឿងចាំបាច់ដែរឬ? នេះមិនមែនព្រោះតែអ្នកស្រាវជ្រាវ ជាមនុស្សខ្ជិល  ឬមិនចូលចិត្តការសម្អាតខ្លួននោះទេ គឺដោយសារតែ ទម្លាប់ងូតទឹក ជារៀងរាល់ថ្ងៃ មិនបានធ្វើឲ្យសុខភាពរបស់អ្នកល្អ ដូចដែលយើងធ្លាប់គិតនោះឡើយ។ 

# តើយើងត្រូវងូតទឹក ឲ្យបានរៀងរាល់ថ្ងៃដែរទេ?

លោកវេជ្ជបណ្ឌិត Casey Carlos ដែលជាជំនួយការសាស្រ្តាចារ្យ ផ្នែកវេជ្ជសាស្រ្តខាងសើស្បែក នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃក្រុង San Diego រដ្ឋ California បានបង្ហាញថា ការដែលយើងងូតទឹកច្រើនពេក គឺមិនល្អឡើយ។ គាត់បាននិយាយថា វាជាការលំបាកណាស់ ដើម្បីឲ្យមនុស្សម្នាក់ៗ ផ្លាស់ប្តូរទម្លាប់របស់ពួកគេ។

លោកបានធ្វើការពន្យល់ថា សាប៊ូ កម្ចាត់ជាតិប្រេង ដែលមាននៅលើស្បែក។ នេះមានន័យថា ស្បែករបស់អ្នក នឹងប្រែជាស្ងួត និងមានសភាពគ្រើម មិនរលោង។ Carlos ក៏បានបង្ហាញថា អ្នកគួរប្រើប្រាស់សាប៊ូ តែត្រង់ចំនុចពិសេសៗ ដូចជា ក្រលៀន ក្លៀក និងកជើង បានហើយ និងមិនគួរប្រើសាប៊ូ ទៅដុសសម្អាត ទ្រូង ខ្នង ដៃ និងជើងទេ។ ហេតុអ្វី? នេះក៏ព្រោះតែស្បែក របស់មនុស្ស មានសមត្ថភាពពិសេស អាចជម្រុះកោសិកាចាស់ចោល បានដោយខ្លួនឯង។

ខាងក្រោមនេះ គឺជាហេតុផល តាមបែបវិទ្យាសាស្រ្ត និងមិនវិទ្យាសាស្រ្តមួយចំនួន ដែលជាផលប៉ះពាល់ មកពីការងូតទឹក ជារៀងរាលថ្ងៃ ៖

១. ធ្វើឲ្យស្បែកស្ងួត

ស្រទាប់ខាងលើ នៃស្បែករបស់អ្នក ត្រូវបានគេចាត់ទុកជា កោសិកាស្បែកងាប់ ដែលការពារស្រទាប់ស្បែកជាច្រើន នៅខាងក្រោម។ ស្រទាប់ស្បែកខាងលើនេះ គឺជាធាតុផ្សំឡើងដោយ ជាតិខ្លាញ់ និងជាតិលីពីត ដែលជាអ្នកទទួលខុសត្រូវ ឲ្យស្បែកមានជាតិសំណើមគ្រប់គ្រាន់។ នៅពេលដែលអ្នកងូតទឹក (ជាពិសេស ងូតទឹកក្តៅ នៅខែរងារ) និងការដុសខាត់ស្បែក គឺបានធ្វើឲ្យ ស្រទាប់ស្បែកខាងលើដាច់ចេញពីគ្នា។ អ្នកងូតទឹកកាន់តែច្រើនដង គឺកាន់តែធ្វើឲ្យស្រទាប់ស្បែកខាងលើខូចខាតកាន់តែធ្ងន់ធ្ងរ។ ស្បែករបស់អ្នក នឹងមិនអាចប្រែមកជាធម្មតាវិញ ដើម្បីផលិតសារជាតិប្រេងធម្មជាតិដល់ស្បែកបានឡើយ ប្រសិនបើអ្នកនៅតែងូតទឹកញឹកញាប់ពេក។ អ្នកដែលមានបញ្ហា ដូចជាជំងឺសើស្បែក និងស្បែករោលក្រហម មិនត្រូវងូតទឹកជារៀងរាល់ថ្ងៃទេ។ រីឯអ្នកដែលមានស្បែកកន្ទួល រមាស់ ត្រូវចៀសវាង ការងូតទឹកក្តៅ តាមដែលអាចធ្វើទៅបាន។

២. បំផ្លាញបាក់តេរីល្អ

គ្រូពេទ្យជំនាញខាងស្បែក បានអះអាងថា អនាម័យខ្លួនពេក មិនមែនជាជម្រើសដែលធ្វើឲ្យមានសុខភាពល្អនោះទេ ព្រោះការងូតទឹកជាប្រចាំ រារាំងការកកើត និងការលូតលាស់នៃ “បាក់តេរីល្អ” នៅលើស្បែករបស់អ្នក។ បាក់តេរីល្អ មានប្រយោជន៍ ក្នុងការការពារស្បែក និងរាងកាយរបស់អ្នកពីការឆ្លងមេរោគ។ បាក់តេរីនេះ ដើរតួដូចជា របាំងការពារបាត់តេរីផ្សេងទៀត ដែលមានគ្រោះថ្នាក់មកលើស្បែក។ វាការពារ ជាតិពុលដែលចេញពីសាប៊ូដុសខ្លួន សាប៊ូកក់សក់ ទឹកអប់ និងផលិតផលដទៃទៀត។ ហេតុនេះ ការងូតទឹកច្រើនញឹកញាប់ពេក ធ្វើឲ្យស្បែករបស់អ្នកគ្មានអ្វីការពារ និងងាយរងគ្រោះពីជាតិពុល។ 

៣. ខូចសក់

ការងូតទឹក ឲ្យទទឹកសក់រៀងរាល់ថ្ងៃ ធ្វើឲ្យបាត់បង់ជាតិប្រេងធម្មជាតិ ដែលមាននៅលើសក់។ នេះបណ្តាលឲ្យ សក់របស់អ្នក ប្រែជា រួញ ស្ងួត ក៏ដូចជា សំពោង រហូតដល់កើតមានបញ្ហាអង្គែទៀតផង។ ក្នុងករណីខ្លះ សរសៃសក់របស់អ្នក ប្រែជាឡើងប្រេងជ្រុល តែស្បែកក្បាល មានសភាពស្ងួតខ្លាំងទៅវិញ។ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា មនុស្សម្នាក់ៗគួរ សម្អាតសក់ ឬទទឹកសក់មិនឲ្យលើសពី ពីរដង ក្នុងមួយអាទិត្យឡើយ បើទោះបីជា សក់របស់អ្នកខ្សោយ ខូច ឬស្អាតហើយក៏ដោយ។ ជាក់ស្តែង បើអ្នកទុកសក់ របស់អ្នកមិនឲ្យទទឹករាល់ថ្ងៃនោះ អ្នកនឹងសង្កេតឃើញថា សក់របស់អ្នកមានសភាពទន់ រលោង ភ្លឺ និងសុខភាពល្អជាងមុនទៅទៀត។

៤. ហេតុផលដទៃផ្សេងទៀត

• អ្នកអាចសល់ពេលវេលាច្រើនជាងមុន

• អ្នកអាចសន្សំសំចៃទឹកតិចជាងមុន

• អ្នកអាចចំណាយតិចលើសាប៊ូ ជាដើម -ល-។

# តើធ្វើដូចម្តេច ដើម្បីនៅតែមើលទៅស្រស់ស្អាត ទោះជាមិនបានងូតទឹករាល់ថ្ងៃក៏ដោយ?

ទោះបីជាមនុស្សជាច្រើន មិនទម្លាប់ ក៏អ្នកអាចអាននូវ តិចនិចមួយចំនួនខាងក្រោមនេះ ដើម្បីមើលទៅនៅតែស្រស់ថ្លាដដែល ៖

• លាងមុខឲ្យស្អាតមុនចូលគេង ដើម្បីភ្ញាក់មកនៅតែមានភាពស្រស់ថ្លា

• ត្រូវប្រើប្រាស់ខោអាវក្នុងថ្មី ជាប្រចាំ

• យកក្រណាត់ស្អាត ជ្រលក់ទឹក រួចជូតសម្អាត ក្លៀក និងក្រលៀន

• ប្រើប្រាស់ក្រែមថែរក្សាស្បែក ឲ្យមើលទៅភ្លឺរលោង

• ជ្រើសរើសសម្លៀកបំពាក់ក្រណាត់ស្តើង ឬរលោងៗ ជាពិសេសក្នុងរដូវក្តៅ

• សម្អាតរោមក្លៀក ឲ្យបានញឹកញាប់

• ចេះចងសក់ ជាម៉ូតផ្សេងៗ

• កុំប្រើក្រែមជាតិសំណើមជ្រុលហួសហេតុពេក -ល-៕ 

ប្រភព៖ Just Natural Life | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]