ឥណ្ឌា៖ កាលពីពេលថ្មីៗកន្លងទៅនេះ សត្វខ្លារខិនមួយក្បាល បានធ្វើឲ្យអ្នកស្រុកជាច្រើន រស់នៅក្នុងភូមិមួយកន្លែង ក្នុងប្រទេសឥណ្ឌា មានភាពភ័យតក់ស្លុតជាខ្លាំង រត់បាតជើងសព្រាត បន្ទាប់ពីវាបានចូលសម្រុកក្នុងភូមិ ដេញខាំអ្នកស្រុកមិនសំចៃមាត់ និងថែមទាំងបង្ក ឲ្យមានអ្នករងរបួសជាច្រើននាក់ផងដែរ។

ប្រភពបានឲ្យដឹងថា សត្វខ្លារខិនដ៏សាហាវមួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា បានរត់ចេញពី វាលស្រែមួយកន្លែង ស្ថិតនៅភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ហើយបានបោលចូលទៅក្នុង ផ្ទះមួយខ្នងទាំងកម្រោល ដើម្បីហក់ខាំពាំកុមារអាយុ ៣ឆ្នាំម្នាក់ ដែលកំពុងតែអង្គុយលេងក្នុងផ្ទះ លើភ្លៅពូរបស់គេ។

យ៉ាងណាមិញ ពិតជាអរគុណយ៉ាងខ្លាំង ដល់បុរសម្នាក់នោះផងដែរ ឈ្មោះថា Surji ដែលបានកាន់កុមាររងគ្រោះ យ៉ាងជាប់ណែនក្នុងដៃរបស់គាត់ កុំអីនោះកុមាររងគ្រោះ នឹងត្រូវក្លាយទៅជាចំណី របស់ខ្លារខិនបាត់ទៅហើយ ថ្វីត្បិតតែកុមាររូបនោះ ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារតែខ្លារខិនខាំក៏ដោយ ប៉ុន្តែគាត់នៅតែព្យាយាម ស្ដារស្ថានការណ៍ជានិច្ច។ ហើយភ្លាមៗនោះ រូបគាត់ក៏បានស្រែកហៅឲ្យអ្នកស្រុក ឲ្យនាំគ្នាមកចូលជួយផងដែរ ។

ប្រភពបន្តថា ក្រោយមកខ្លារខិនមួយក្បាលនោះ បានរត់បោលចូលទៅសម្ងំលាក់ខ្លួន ក្នុងគំនរអង្កាម ក្នុងផ្ទះរបស់ស្រុកក្នុងភូមិមួយខ្នងទៀត ហើយថែមទាំងបានវាយប្រហារ ទៅលើស្រ្តី២នាក់ទៀតនៅក្នុងផ្ទះនោះ ថែមទៀតផង រួចក៏បានដេញខាំអ្នកស្រុកឯទៀត រត់ផ្អើលភូមិតែម្តង។

គូសបញ្ជាក់ដែរថា មនុស្សចំនួន១០នាក់ ត្រូវបានរងរបួស និងកុមារម្នាក់អាយុ៣ឆ្នាំខាងលើ ហើយក្នុងនោះរួមបញ្ចូលទាំង មន្រ្តីប៉ូលិស២រូបទៀតផងដែរ ដែលបានចូលជួយធ្វើ អន្តរាគមន៍ដេញចាប់ខ្លារខិន ដ៏កំណាចមួយក្បាលនោះ។

ដោយឡែក តាមរយៈមន្រ្តីនាយកដ្ឋានព្រៃឈើ បានឲ្យដឹងថា ទីបំផុតសត្វខ្លារខិនមួយក្បាលនោះ ក៏បានងាប់ផងដែរ ដោយសារតែ វាផិតភ័យនិងអ្នកស្រុក ដេញចាប់និងវាយសំពងវា បណ្តាលឲ្យគាំងបេះដូងតែម្តង  ៕

ទស្សនាវីដេអូ៖

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីពេលកន្លងទៅនេះ ក៏ធ្លាប់មាន សត្វខ្លារខិនមួយក្បាល​ បានលបចូលទៅក្នុងសាលារៀន Vibgyor ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bangalore កាលពីវេលាម៉ោង ៤ទៀបភ្លឺ ពោលគឺនៅមុនពេល ដែលសិស្សសាលាមកដល់ និងជាសំណាងល្អ ត្រូវសន្តិសុខប្រទះឃើញទាន់ពេលវេលា។

អ្នកយកព័ត៌មានជាច្រើន បានមកផ្តុំគ្នាថតសកម្មភាពចាប់សត្វខ្លា យ៉ាងភ្លូកទឹកភ្លូកដី។ សំណាងអាក្រក់ ជណ្តើរបានដួលប៉ះវា បណ្តាលឲ្យសត្វដ៏កាចសារហាវនេះ ដេញខាំឥតប្រណី បណ្តាលឲ្យអ្នកសារពត័មានមួយចំនួន រត់បាតជើងសព្រាត យកប្រាសអាយុរៀងៗខ្លួន។ នៅពេលនោះ បុរសម្នាក់ ដែលកំពុងតែតោងជញ្ជាំងឡើង ដើម្បីរត់យករួចខ្លួននោះ ត្រូវខ្លារខិនកំណាចហក់តោង ខាំធ្លាប់មកដល់ក្រោមវិញ បណ្តាលឲ្យរហែកគូថខោ ដៃអាវ និងរបួសដៃជាទម្ងន់ទៀតផង។

បើតាមប្រភពពី India Express បានឲ្យដឹងថា ការបង្ក្រាបសត្វខ្លា បានចំណាយពេលវេលា សរុបប្រមាណជាង ១០ម៉ោង ដោយក្នុងនោះ ត្រូវរង់ចាំអស់ ៣ម៉ោង ទំរាំតែថ្នាំរំងាប់អារម្មណ៍ដែលបាញ់ទៅលើវា បញ្ចេញប្រសិទ្ធិភាព។ខ្លារខិនឈ្មោលនោះ ត្រូវបានគេចាប់បញ្ចូន ទៅកាន់មជ្ឈមណ្ឌលសត្វព្រៃបានសំរេច នៅម៉ោងជាង ៨យប់។ សរុបមក អ្នករងរបួសមានចំនួន ៦នាក់ នៅក្នុងហេតុការណ៍នេះ។

បើតាមសម្តីប្រជាជនដែលរស់នៅតំបន់នោះ បានឲ្យដឹងថា “នេះជាលើកទីមួយហើយ ដែលពួកយើងឃើញមានខ្លារខិនចូលមកដល់ក្នុងតំបន់នេះ”។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកអភិរក្សសត្វព្រៃ​ បានលើកឡើងពីមូលហេតុដែលខ្លារខិនមួយក្បាលនោះ ចូលមកក៏ដោយសារតែវា​ បាត់បង់ទីជំរករស់នៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]