រាជ​ធានី​ភ្នំពេញ ៖ ​អគ្គិ​​ភ័យ​​មួយ​​បាន​​កើត​ឡើង​បណ្ដាល​​ឱ្យ​​បុរស​ម្នាក់​ រលាក​ភ្លើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​តូប​ជួសជុល​ម៉ូតូ​​របស់​គាត់ ក៏​ត្រូវ​​​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​​ ​ខណៈ​​កំពុង​ប៉ះ​ម៉ូតូ​ឱ្យ​​គេ ហើយ​ប្រពន្ធ​របស់​​គាត់​បាន​យក​ប្រេងសាំង ​ទៅ​ចាក់​ច្រកចូល​ក្នុង​ដប ដើម្បី​​ទុក​​លក់​នៅ​ក្បែរ​ភ្លើង​អ៊ុត​​បំណាស់​ពោះវៀន​ម៉ូតូ​​ ត្រូវសាំង​​​ហៀរ​ចេញពី​ដប បណ្ដាល​ឱ្យ​​​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោ​​​​សន្ធៅ និង​ផ្សែងហុយ​ឡើង​ទៅ​លើ​កប់​អាកាស​​ ​។

​ហេតុការណ៍នេះ​ ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​០៦​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះរ​ទេះ​ខាង​លិច ​ក្នុងសង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ​នូវ សំ​អឿ អាយុ​៣៤​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ (រង​របួស​​ពេញខ្លួន) ដោយ​សារ​គាត់​ចូល​​ទៅ​យក​ម៉ូតូ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះស៊ឹម​ សូ​នី អាយុ​២៧​ឆ្នាំ ជាអ្នក​​លក់ដូរ មិន​មាន​រង​របួស​នោះ​ទេ​ ទាំង​ពីរ​ស្នាក់​នៅ​ក្នុង​ភូមិ-​កើតហេតុ​ខាងលើ​​ ​។

ក្នុង​ហេតុការណ៍នេះ​ ត្រូវ​​អ្នកស្រុក​នាំ​គ្នា​ជួយ​ពន្លត់​ ដោយ​អ្នកខ្លះ​បាន​យក​បំពង់​ពន្លត់អគ្គិ​ភ័យ​ទៅ​បាញ់​និង​ខ្លះ​ទៀត ដងទឹក​ជះ​​រហូត​រលត់​ទៅ​វិញ ​មុន​ពេល​ដែល​រថយន្ត​ពន្លត់អគ្គ័យ​ចំនួន​៣​គ្រឿងទៅ​ដល់​ គឺមិនបានបាញ់ពន្លត់ទេ ។ ប៉ុន្តែ​តូប​ជួស​ជុល​ម៉ូតូ​នោះ រួម​និងទាំង​​ម៉ូតូ​ម៉ាក​គុប​ជ្រុង​១​​គ្រឿង ដែល​គេ​យក​ទៅ​ឱ្យ​ជួសជុល និង​សម្ភារៈ​ជួសជុល​ម៉ូតូ ព្រមទាំង​គ្រឿងបន្លាស់​ម៉ូតូ​ផង ត្រឹមតែ​រយៈពេល​ជាង​១០​នាទី​​ប៉ុណ្ណោះ បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គីទាំងស្រុង ​​។

​ប្រភពបន្ត​ថា នៅ​មុន​ពេល​កើតហេតុ ​អ្ន​កភូមិ​មួយ​គ្នា​បាន​យក​ម៉ូតូ​បែក​កង់​មួយ​គ្រឿង ​ទៅឱ្យ​​ជន​រង​គ្រោះ​ប៉ះ​ ខណៈនោះ​បុរស​ជា​ប្ដី​​​ចាប់ផ្ដើម​ប៉ះ​កង់​ម៉ូតូ​ ដោយ​ប្រើ​ឆ្នាំង​ដុត​ភ្លើង​អ៊ុត​បំណះ​ពោះវៀន​ម៉ូតូ ស្រប​ពេល​នោះ​ដែរ ​ស្ត្រី​ជា​ប្រពន្ធ​​ចាប់​ផ្ដើម​ចាក់​សាំង​ច្រកចូល​​ក្នុង​​ដប​ដែរ ​។ ​ដោយ​ច្រក​នៅ​ក្បែរ​ឆ្នាំងភ្លើង​អ៊ុត​បំណះ​ម៉ូតូ​នោះ ​បណ្តាល​ឱ្យ​​ប្រេងសាំង​​កំពប់​ហៀរ​ទៅ​ប៉ះ​ភ្លើង​​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​​សន្ធៅ ។ ​​ពេល​ភ្លើង​​​ឆេះ​ខ្លាំង​ ត្រូវ​បុរស​ជា​ប្ដី​បាន​ស្ទុះ​ចូល​ទៅ​យក​ម៉ូតូ ទើបត្រូវ​បាន​ភ្លើង​ឆេះ​ខ្លួន​រង​របួស​ធ្ងន់ធ្ងរ ​។ ​

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ម៉ូតូ​អូស​រ៉ឺ​ម៉ក​១​គ្រឿង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ សេចក្តីរាយការណ៍​បាន​ឲ្យដឹងទៀតថា ការ​ឆេះ​នេះ​បណ្ដាល​មក​ពី​ចូលចាក់សាំងមិន​ព្រម​ពន្លត់​ម៉ាស៊ីនម៉ូតូ ។

តាម​ប្រភព​ពី​អ៊ុំ​ប្រុស​ម្នាក់​ដែល​ជា​អ្នកលក់​សាំង​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​កន្លែង​ថា មុន​ដំបូង មាន​ម៉ូតូ​ដឹក​ឥ​វ៉ា​ន់​របស់ សេង លី កាត់​កញ្ចក់ បាន​មក​ចាក់​សាំង​១​លី​ត្រ ប៉ុន្តែ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ទេ ។ ខណៈនោះ​គាត់​បាន​ប្រាប់​អ្នក​បើក​ម៉ូតូ​ថា ក្មួយ​ពន្លត់​ម៉ូតូ​សិន​ទៅ ពេល​នោះ​អ្នក​បើក​ម៉ូតូ​មិន​ស្តាប់​តាម​គាត់​ទេ បែរជា​ឱ្យ​ចាក់​សាំង​មក​មិន​អី​ទេ ប៉ុន្តែ​ចាក់​សាំង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​ឆេះ​ចេញពី​ធុងសាំង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ខ្លះ​នាំ​គ្នា​ជួយ​ពន្លត់ ខ្លះ​ជះ​ខ្សាច់ ខ្លះ​ជះ​ទឹក ប្រហែល​ជិត​១​ម៉ោង​ទើប​រលត់​អស់ទាំង​ស្រុង រួច​ក៏​នាំ​គ្នា​រុញ​ម៉ូតូ​ទាំង​ឥ​វ៉ា​ន់ យក​ទៅ​កន្លែង​ដើម្បី​ធ្វើការ​ដោះ​ដូរ​ម៉ូតូ​យក​ឥ​វ៉ា​ន់​ទៅ​ឱ្យ​ម៉ូយ ។

ចំណែក​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ឥ​វ៉ា​ន់ សេង លី កាត់​កញ្ចក់ នោះ​មានឈ្មោះ សា ប៉េង​ស៊ុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​ឱ្យ សេង លី មាន​ទីលំនៅ​ភូមិ​ត្រាំ​នាគ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​ជិះ​ម៉ូតូ​ម៉ាក អឹ​ម​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1Q-5381 ពី​លិច​មក​កើត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]