បរទេស៖ ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យា កាន់តែរីកចំរើន កាន់តែមានការវិវឌ្ឍន៍ និងមានការផ្លាស់ប្តូរ និងកែច្នៃអ្វីដែលប្លែក សម្រាប់តម្រូវការមនុស្សគ្រប់រូបជុំវិញពិភពលោក ។ ដោយសារតែមានបច្ចេកវិទ្យានេះហើយ ទើបធ្វើមនុស្សគ្រប់រូប អាចផ្សាភ្ជាប់ទំនាក់ទំនងគ្នាបាន ទោះបីជាមិនបានជួបគ្នាផ្ទាល់ក៏ដោយ ជាក់ស្តែង ដូចជា បណ្តាញទំនាក់ទំនងសង្គម Facebook ជាដើម ។

សព្វថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម Facebook គឺជាប្រព័ន្ធទំនាក់ទំនងក្នុងអ៊ិនធើណេត ដែលគេនិយមប្រើប្រាស់ច្រើនជាងគេ ទូទាំងសកលលោក មិនថាចាស់ មិនថាក្មេង សរុបទៅគ្រប់ស្រទាប់មនុស្សភាគច្រើនប្រើប្រាស់ Facebook ដែលធ្វើឲ្យសព្វថ្ងៃនេះ បណ្តាញសង្គមទំនាក់ទំនងមួយនេះ មានអ្នកប្រើប្រាស់រហូតដល់ ១,៧០០ លាននាក់ ក្នុងមួយខែៗ បើយោងតាមរបាយការណ៍ប្រចាំត្រីមាស របស់ក្រុមហ៊ុន Facebook ដែលប្រកាសដោយ នាយកប្រតិបត្តិផ្ទាល់ គឺ លោក Mark Zuckerberg ។  

ដោយយោងតាម គណនី Facebook ផ្ទាល់របស់ លោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Facebook លោក បានប្រកាសថា ក្នុងមួយខែៗ ចំនួនអ្នកប្រើប្រាស់ Facebook មានចំនួនរហូតទៅដល់ ១,៧០០ លាននាក់ ។ ចំនែកឯ បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតវិញ ដូចជា Messenger មានអ្នកប្រើប្រាស់រហូតដល់ ១ ពាន់លាននាក់ បណ្តាញសង្គម WhatsApp មានរហូតដល់ ១ពាន់ លាននាក់ ដូចគ្នា នឹង Messenger ដែរ និងចុងក្រោយ បណ្តាញសង្គមរូបភាព Instagram មានអ្នកប្រើប្រាស់រហូតដល់ ៥០០ លាននាក់ ដោយគិតជាបរិមាណអ្នកប្រើប្រាស់ ក្នុងមួយខែៗ ។

នេះក៏ដោយសារតែមានការអភិវឌ្ឍន៍ និងវិវឌ្ឍន៍ នូវកម្មវិធីប្លែកៗ ជាច្រើន ដែលមានក្នុងបណ្តាញសង្គមទាំអស់នោះ ជាពិសេសនោះ គឺ Facebook ផ្ទាល់ ដែលផ្តល់ឲ្យអ្នក អាចធ្វើការចែករំលែក នូវរូបភាព និងវីដេអូផ្សេងៗ ជាក់ស្តែងបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ Facebook អាចធ្វើការផ្សាយផ្ទាល់វីដេអូរបស់ខ្លួន និងថែមទាំងអាចថតរូប ជុំវិញខ្លួនឯង ៣៦០ដឺក្រេ បានទៀតផង ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក Mark Zuckerberg ដែលជាស្ថាបនិករបស់ Facebook បានបង្កើតនូវយន្តហោះមួយ ដែលមានឈ្មោះថា Aquila ដែលប្រើប្រាស់ដោយថាមពលព្រះអាទិត្យ ដើម្បីបង្ហោះចែកចាយអ៊ិនធើណេតទូទាំងពិភពលោក ដែលធ្វើឲ្យមានភាពងាយស្រួល ជាពិសេសចំពោះតំបន់ដែលគ្មានអ៊ិនធើណេតប្រើប្រាស់ផងដែរ ។

ជាចុងបញ្ចប់ លោក Mark Zuckerberg ក៏បានថ្លែងក្នុងសារ នៃគណនី Facebook របស់គាត់ថា «អរគុណដល់អ្នករាល់គ្នាក្នុងសហគមន៍ ដោយសារទាំងអស់គ្នានេះហើយ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងដំណើរការ ដែលធ្វើឲ្យមានការទំនាក់ទំនងគ្នាជុំវិញពិភពលោក»

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]