ខេត្តតាកែវ ៖ ពិធី​បុណ្យសព​លោក​បណ្ឌិត កែម ឡី បាន​បញ្ចប់​ហើយ​បន្ទាប់​ពី​ការ​បញ្ចុះសព​លោក​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ដែល​ធ្វើ​ឱ្យ​ការ​ប៉ុនប៉ង​តម្កល់សព​បន្ត​មួយ​រយៈ​ទៀត​នៅ​ស្រុក​កំណើត​មិន​អាចទៅ​រួច ដោយសារ​សព​របស់​លោក​មានការ​ប្រែប្រួល ។

រយៈពេល​កន្លះ​ខែ​នៃ​ពិធីបុណ្យ បន្ទាប់​ពី​លោក​ត្រូវ​បាន ឃាតករ​បាញ់​សម្លាប់​២​គ្រាប់ នៅ​ស្តារ​ម៉ា​តនៃ​ ស្ថានីយ​ប្រេង​កាល់​តិច បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ។ តាំងពី​ថ្ងៃ​ទី​១០ កក្កដា ដែល​ជា​ថ្ងៃ​ឃាតករ​បាន​បាញ់​សម្លាប់​លោក​មក សព​របស់​លោក​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ រហូត​ដល់​ថ្ងៃ​ទី​២៤ កក្កដា ទើប​មានការ​ដង្ហែ​សព​ឆ្ពោះទៅ​កាន់​ភូមិកំណើត គឺ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ការ​ហែសព​នោះ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​គោរព​ស្រឡាញ់​ច្រើន​លើសលុប ។

នៅ​ឯ​គេហដ្ឋាន​សព​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ថ្វី​ដ្បិតតែ​សព​របស់​លោក​បណ្ឌិត​ត្រូវ​បាន​ បញ្ចុះ​រួចរាល់​ហើយ​ក្តី តែ​ក្តី​គោរព​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ តែង​រលឹក​ដោយ​មាន​ប្រជាពលរដ្ឋ​ មក​ពី​ភូមិ​នានា​ជិតខាង នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ដោយ​ការ​អុជ​ធូប និង​នាំ​មក​នូវ​ផ្កា​ឈូកស​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ ជា​បន្តបន្ទាប់​មិន​ដាច់​ឡើយ គ្រាន់តែ​មាន​ស្ថានភាព​តិច​ជាង​ពេល​មុន​បញ្ចុះ ។

លោក ភោគ សំបូរ ជា​បងជីដូនមួយ​សព​លោក​បណ្ឌិត កែម ឡី បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​បញ្ចុះសព​ លោក​បណ្ឌិត​រួច​មក នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ភរិយា​និង​កូន​ៗ​ជាទី​ស្រឡាញ់​ របស់​លោក​បណ្ឌិត បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ ដោយ​ប្រគល់​ភារៈកិច្ច​ដល់​បងស្រី​លោក​បណ្ឌិត និង​ប្អូនប្រុស​ពៅ​នៅ​មើលថែ​ជំនួស ហើយ​អ្នក​ដែល​នៅ​ប្រចាំការ​ជាប់​រហូត​មាន​យាយ​ៗ​ក្នុងភូមិ និង​ម្តាយ​របស់​សព​លោក​បណ្ឌិត និង​ក្រុម​គ្រួសារ​របស់​លោក​តែ​ម្តង ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទាំងអស់ ។

លោក សំបូរ បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី​២៥ កក្កដា​) រោង​បុណ្យ​ដែល​បាន​ដំឡើង​ដើម្បី​ទទួលភ្ញៀវ​ ទាំងអស់​ត្រូវ​រុះរើ​ចេញ​ អស់​នៅ​សល់​តែ​រោង​១​ខ្សែ គឺ​រោង​កន្លែង​បញ្ចុះសព​លោក​បណ្ឌិត ដែល​ត្រូវ​រក្សា​ទុក​សម្រាប់​បងប្អូន​ មក​ពី​ទី​ជិត​ឆ្ងាយ ដែល​មិន​បាន​មក​គោរព​ វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​បុណ្យសព បាន​មក​គោរព​នៅ​ពេល​បញ្ចុះសព​រួច គឺ​មក​ហូរហែ​។

លោក ភោគ សំបូរ មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​ធ្វើ​រោង​ដោយ​ខ្លួនឯង បន្ទាប់​ពី​យើង​លែង​ជួល​គេ ។ ចំពោះ​ការ​ទទួលភ្ញៀវ​យើង​ បាន​រៀបចំ​ជា​ធុង​ មាន​ទឹកបរិសុទ្ធ​ត្រាំ​ទឹកកក សម្រាប់​ទទួល​បងប្អូន ដែល​អញ្ជើញ​មក​គោរព​ វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត នឹង​រៀបចំ​ឱ្យ​បាន​ល្អ​ទទួលភ្ញៀវ ។

លោក សំបូរ បាន​បន្ត​ទៀត​ថា នៅ​មុខ​ផ្នូរ​សព​លោក​បណ្ឌិត កែម ឡី យើង​មាន​រៀបចំ​ជា​បាច់ផ្កា​សងខាង មាន​ប្រវត្តិរូប​របស់​លោក រូបថត​អម​សងខាង មាន​ជើងពាន​សម្រាប់​អុជ​ធូប និង​ដាក់​ហិប​ចំនួន​២ គឺ​ហិប​បូជា ។ ហិប​នេះ​នៅ​ពេល​យើង​បាន​ថវិកា​ច្រើន​នោះ យើង​យក​ថវិកា​ទាំង​អស់នោះ​ទៅ​កសាង​វត្ត​ដែល​ក្រីក្រ និង​ហិប​មួយទៀត​មូលនិធិ​លោក​បណ្ឌិត កែម ឡី​។

ចំពោះ​ថវិកា​នេះ​ពេល​យើង​ទទួល​បាន​ហើយ នោះ ថវិកា​មួយ​ផ្នែក​យក​ទៅ​ជួយ​ជន​ក្រីក្រ និង​មួយ​ផ្នែក​ទៀត​សម្រាប់​ កសាង​នៅ​ក្នុង​បរិវេណ​ ទី​បញ្ចុះសព​របស់​លោក​បណ្ឌិត ។ ចំពោះ​កម្មវិធី​បុណ្យ​ នៅ​ថ្ងៃ​ខាង​មុខ​នេះ យើង​បាន​ត្រៀម​រៀបចំ​បុណ្យ​១០០​ថ្ងៃ បុណ្យ​៦​ខែ និង​១​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]