ភ្នំពេញ ៖ គម្រោងស្រាវជ្រាវ ព្រះរាជរោងសិតសំរិទ្ធ ក្នុងព្រះបរមរាជវាំងអង្គរធំ ដែលកំពុងអនុវត្ត ដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្ល លោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍ ព្រមទាំងមានទំនៀម នៃការផលិតលោហកម្ម របស់បុព្វបុរសខ្មែរ នៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។

ការអះអាងបែបនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយ លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំង ចុងបូព៌ា និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ 

តាមបទបង្ហាញរបស់លោក Brice ដែលប្រែសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លលោហៈចំនួនពីរ ពុម្ពសម្រាប់ ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជា ទង់ដែង ដែក និងសំណជា ដើម។

សំណាក នៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍មិនទាន់ មាន ។ អ្នកស្រាវជ្រាវទាំងពីររូបអះអាងថា តាំងពីបើកកំណាយនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដានេះ ក្រុមការងារបានរកឃើញកន្លែងស្លលោហៈ និងកន្លែងសិតលោហៈហើយ តែនៅមិនទាន់ ឃើញកន្លែងច្នៃលោហៈនៅឡើយ។

លោកជឿជាក់ថានឹងប្រទះឃើញកន្លែង ច្នៃលោហៈក្នុងពេលឆាប់ៗ ខាងមុខនេះមិនខាន។ និយាយពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា រោងទងស្លលោហៈដែលក្រុមការងារកំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើង នៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះឃើញនៅបន្តរហូតដល់សម័យលង្វែក និងសម័យ ឧដុង្គ និងរហូតដល់ព្រះបរមរាជវាំងនៅភ្នំពេញសព្វថ្ងៃ គឺសាលារចនាហ្នឹងឯង។

ដោយឡែកនៅឧដុង្គ និងបន្ទាយលង្វែកក៏នៅមានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេណនៃព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃដែរ។ មិនតែប៉ុណ្ណោះ ព្រះរាជវាំងថៃ ដែលទទួលមរតកពីអង្គរ ក៏មានលំនាំ ដូចគ្នានេះដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា អារ្យធម៌អង្គរនៅតែបន្តមានជីវិត រហូតដល់សព្វថ្ងៃ នៅឡើយ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បន្ទាប់ពីមានជំនួយបច្ចេកវិទ្យាទំនើប LiDAR បានធ្វើការស្រាវជ្រាវលើផ្ទៃដី ទំហំ៣២គីឡូម៉ែត្រការេមក និងក្រោយពីការចុះពិនិត្យជាក់ស្តែង បានរកឃើញបុរាណដ្ឋានចំនួន ៣៤០កន្លែងបន្ថែមទៀតលើទិន្នន័យចាស់ នៅភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា "សរុបតាមទិន្នន័យមុន និងក្រោយមានបច្ចេកវិទ្យា LiDAR នាឆ្នាំ២០១២និងឆ្នាំ២០១៥ គឺមាន បុរាណដ្ឋានសរុបដល់ទៅ៤២៦បុរាណដ្ឋាន។ ដោយឡែកនៅឆ្នាំ២០១៥ បច្ចេកវិទ្យាដ៏ទំនើបមួយ នេះ បាន​ធ្វើការពង្រីកការងារស្រាវជ្រាវបន្ថែមលើផ្ទៃដីទំហំ៩០០គីឡូម៉ែត្រការេ បានរកចំនួនបុរាណដ្ឋានបន្ថែមទៀត​គួរឲ្យកត់សម្គាល់”។

តាមការស្រាវជ្រាវរបស់នាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ជាមួយមូលនិធិបុរាណវិទ្យាដើម្បីអភិវឌ្ឍន៍ (ADF) បូករួមនឹងទិន្នន័យកាលពីឆ្នាំ២០១២ មានបុរាណដ្ឋានចំនួន៨៦កន្លែង គឺមានប្រាសាទចំនួន២៩ ពើងចំនួន៣០ និងហេដ្ឋារចនាសម្ពន្ធបុរាណដទៃទៀតចំនួន២៧កន្លែង។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យាន អង្គរនៃអាជ្ញាធរ ជាតិអប្សរា បានមានប្រសាសន៍ថា " អាជ្ញាធរជាតិអប្សរា បានយកចិត្តទុក ដាក់លើការងារអភិរក្សបុរាណដ្ឋាន នៅក្នុងឧទ្យាន​ជាតិមួយនេះយ៉ាងយកចិត្តទុកដាក់ដូចជា ទល់ទ្រចំណុចគ្រោះថ្នាក់ដល់ប្រាសាទបាន៥ប្រាសាទ ជួសជុល​ប្រាសាទ​អូរផ្អុង ដំណាក់កាលទី១រួចរាល់ ដាក់បង្គោលនិងខែ្សរបាការពាររូបចម្លាក់លិង្គ​មួយពាន់​ប្រវែង៥០០ម៉ែត្រ”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]