(ភ្នំពេញ)៖ មេធាវីម្នាក់ទំនងជាស្រវឹង បានបើករថយន្ដ Land Cruiser មួយគ្រឿង រេចង្កូតទៅបុករបាំងដែក ចែកទ្រូងផ្លូវអស់៧ផ្ទាំង រួចបន្ដបុករះម៉ូតូ៣គ្រឿង និងម៉ូតូកង់បី១គ្រឿងបន្ថែមទៀត ទើបរថយន្ដទៅមុខលែងរួច ប៉ុន្តែមិនមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចមុខហាងលក់ផ្លែឈើស្រស់ ឡោ មុយស្រេង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដ១គ្រឿង ម៉ាក Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2U-3989 ទំនងជាស្រវឹង ដោយបើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ រថយន្ដបានរេចង្កូតទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវអស់៧ផ្ទាំង រួចរថយន្ដជ្រុលចង្កូតទៅខាងឆ្វេងដៃ បន្ដបុករះម៉ូតូ៣គ្រឿង និងម៉ូតូកង់បី១គ្រឿងបន្ថែមទៀត បណ្ដាលឱ្យរថយន្ដខ្ទេចមុខ និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ដោយគៀបពីក្រោមរថយន្ដធ្វើឱ្យរថយន្ដទៅមុខលែងរួច។

ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺនៅក្នុងរថយន្ដគេឃើញមានកាតមួយដែល ជាកាតមេធាវី ហើយមានឈ្មោះ សំរេច កុសល អត្តលេខ៨០០ ទើបមជ្ឈដ្ឋានទូទៅសន្និដ្ឋានថា អ្នកបើកបរជាមេធាវី។

ក្រោយពេលកើតហេតុអ្នកបើកបរ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញ យកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានបុរសស្រវឹងម្នាក់បើករថយន្តម៉ាកTUNDRA ទៅបុកបណ្តាលឲ្យបាក់ខ្ទេចនៅតាមផ្លូវ ២១៧ កាលថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ខណ្ឌ៧មករា ។

ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបាន ឃើញបុរសស្រវឹងម្នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ៖ 2J-2233 តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកល់ចំណុចកើតហេតុ ដោយសារអ្នកបើកស្ថិតក្នុងស្ថានភាពស្រវឹង មិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យរថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៧កង់់ និងធ្វើឲ្យរថយន្តរងការខូចខាតផ្នែខាងមុខ តែក្នុងហេតុការណ៍គ្រោះថ្នាក់នោះមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ។

ក្រោយកើតហេតុរថយន្ត និងអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]