ម៉ាដាហ្គាស្កា៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហេតុការណ៍អគ្គីភ័យដ៏រន្ធត់មួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យ មនុស្សរាប់សិននាក់ បូករួមទាំងក្មេងទាំងចាស់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ជាទីបំផុត ដែលហេតុការណ៍មួយនេះ បានកើតឡើងក្នុងភូមិមួយកន្លែង ក្នុងតំបន់ដាច់ស្រយ៉ាល Ikalamavony នៃប្រទេសម៉ាដាហ្គាស្កា ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។

ប្រភពព័ត៌មានឲ្យដឹងថា អគ្គីភ័យមួយនេះ បានឆក់ជីវិតមនុស្សអស់ ៣៩នាក់ ក្នុងនោះរួមមានទាំងកុមារ ១៧នាក់ទៀតផងដែរ បន្ទាប់ពីអ្នកទាំងអស់នោះ បាននាំគ្នាមកចូលរួមក្នុង កម្មវិធីអបអរឡើងគេហដ្ឋានថ្មី ស្ថិតក្នុងភូមិ Ambalavato។ ក្នុងចំណោមអ្នកស្លាប់ មានក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ លោតចេញតាមបង្អួចមកក្រៅបានសម្រេចដែរ តែជាអកុសល បែរជាស្លាប់នៅមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ពេក។

ប្រភពបានឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍នោះដែរ អ្នកភូមិជាច្រើន ជ្រួលច្របល់ភ័យស្លន់ស្លោជាខ្លាំង ស្រែកឲ្យគ្រប់គ្នាចូល ជួយមនុស្សដែល ជាប់គាំងនៅខាងក្នុងផ្ទះប្រារព្ធពិធី ប៉ុន្តែជាអកុសលមិនអាចបើកទ្វារបានឡើយ ដោយសារតែផ្នែកខ្លះនៃផ្ទះ បានបាក់រលំសង្កត់គរលើគ្នា ជាហេតុមិនអាចធ្វើអ្វីបានឡើយ។ ក្រោយមកទើបក្រុមអ្នកពន្លត់អគ្គីភ័យ បានមកដល់កន្លែងកើតហេតុ ប៉ុន្តែជាអកុសលភ្លើងបានឆាបឆេះ ដល់ដំបូលផ្ទះអស់បាត់ទៅហើយ។

ប៉ូលិសអ្នកនាំពាក្យម្នាក់ លោក Anthony Rakotoarison និយាយថា «ហេតុការណ៍អគ្គីភ័យនេះ ឆាបឆេះកាលពីថ្ងៃសៅរ៍ កន្លងមកនេះ បណ្តាលឲ្យមនុស្ស ៣៩នាក់ ត្រូវបានឆេះស្លាប់ រហូតមកទល់ពេលនេះ អ្នករងគ្រោះជាច្រើន ផ្សេងទៀត ក៏បានស្លាប់ជាបណ្តើរៗផងដែរ»

លោក Rakotoarison បន្តទៀតថា «អគ្គីភ័យនេះ បានឆាបឆេះឡើង នៅចន្លោះម៉ោងប្រមាណជា ៧ល្ងាច ស្ថិតក្នុងបរិវេន ទីតាំងប្រារព្ធពិធី ជប់លៀងអបអរ នៃការឡើងគេហដ្ឋានថ្មីនេះតែម្តង ដែលដំបូងឡើយនោះ ឆេះកូនខ្ទមតូចមួយ នៅក្បែរនោះ ដែលជាកន្លែងធ្វើម្ហូបអាហារ សម្រាប់បម្រើភ្ញៀវ ហើយក៏បានឆេះរាលដាលជាបន្ត ដល់ផ្ទះធំៗជាច្រើនខ្នងទៀតតែម្តង»

គូសបញ្ជាក់ដែរថា ពុំមានស្ថានីយ៍ពន្លត់អគ្គីភ័យ នៅក្បែរទីតាំងតំបន់ភូមិសាស្រ្ត កើតហេតុខាងលើនោះឡើយ ព្រោះនៅទីនោះ គឺជាតំបន់ជនបទដាច់ស្រយ៉ាលមួយ ដែលមានចម្ងាយឆ្ងាយ ដល់ទៅ ៥០០គីឡូម៉ែត្រ ពីរដ្ឋធានីនៃទីក្រុង Antananarivo នៃប្រទេសម៉ាដាហ្គាស្កា ជាហេតុធ្វើឲ្យរថយន្តពន្លត់អគ្គីភ័យ ពុំអាចមកជួយសង្គ្រោះ ឲ្យបានទាន់ពេលវេលានោះឡើយ ៕  

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]