(ភ្នំពេញ)៖ គ្មាននរណាម្នាក់នឹកស្មាន ​ដល់ទាល់តែសោះថា តារាសម្ដែងដ៏ស្រស់សោភា ថ្ពាល់ខួចទាំងសងខាង នាង សាត រស្មី ធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ ជាអតីតប្រពន្ធ​ របស់អតីតអ្នកប្រដាល់ និងជាតារាសម្ដែង លោក ជា ស្រួច សោះឡើយ ខណៈដែលអាថ៌កំបាំងនេះ ត្រូវបានលាក់បាំងយ៉ាងជិត​ឈឹង អស់រយៈពេលប្រមាណ ជាង១០ឆ្នាំមកហើយ។ នៅពេលដំណឹងត្រូវបានទម្លាយ បានធ្វើឲ្យទស្ស​និកជន​​គ្រប់ស្រទាប់វណ្ណៈ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ព្រោះតែមិននឹកដល់ថា តារាសម្ដែង សាត រស្មី ពូកែលាក់ប្រវត្តិ​របស់ខ្លួន បានជិតល្អបែបនេះសោះ ខណៈដែលនាងតែងតែ​បង្ហាញវត្តមាន យូរៗម្ដង សម្ដែងក្នុងខ្សែភាពយន្ត និងចម្រៀ​ងខារ៉ាអូខេ។

អ្វីដែលបានបែកធ្លាយការពិត នៅពេលនេះ គឺបន្ទាប់ពីលោក ជា ស្រួច អតីតជាកីឡាករ និងជាតារាសម្ដែង បានបង្ហាញមុខគួរឲ្យភ្ញាក់ផ្អើល ក្នុងស្ថានភាពស្ទើរ មិនគួរឲ្យជឿ ពោលបានធ្លាក់ខ្លួនពីតារាសម្ដែង និងពីកីឡាករមានឈ្មោះល្បី ក្លាយជាកម្មករសំណង់ និងជាកម្មករអូសរទេះ រស់នៅតាមតំបន់ជាយដែន នៃក្រុងប៉ោយប៉ែត ធ្លាក់ខ្លួនត្រដាបត្រដួស ខុសដាច់ស្រឡះពីជីវិត កាលពីចូលសិល្បៈដំបូង។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍នោះ គឺលោក ជា ស្រួច បានទម្លាយអាថ៌​ពីអតីតប្រពន្ធ​ដ៏ស្រស់ស្អាតរបស់ខ្លួន រហូតដល់ថ្នាក់លោកឈឺចិត្តស្អិតទ្រូង ដាច់ចិត្តវេចបង្វេចចាកចេញ ពីផ្ទះទាំងទឹកភ្នែក បន្ទាប់ពីរៀបការបាន​តែ២ខែប៉ុណ្ណោះ។

លោក ជា ស្រួច អ្នកសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់»​ បានទម្លាយប្រាប់ក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌ជើងចាស់ល្បីឈ្មោះ​ម្នាក់ថា មូលហេតុដែលរូបលោក​ធ្លាក់ខ្លួន​រហូតមកថ្ងៃនេះ ព្រោះតែលោកខូចចិត្ត​​ជា​មួយនឹងអតីតប្រពន្ធ ដែលថ្លើមធំហ៊ានក្បត់ខ្លួន ​លួចលាក់មានស្នេហា​ជាមួយ​កូន​ប្រុសលោកឧកញ៉ា ទាំងមិនគិតសោះថា ខ្លួនមានប្ដីនៅជាមួយរាល់ថ្ងៃ។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាស​ទាំងអស់នេះ។

បន្ទាប់ពីលោក បានចាកចេញពីគ្រួសារ​ដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក លោកបានក្លាយជាមនុស្សតែលតោល គ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះ​ដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់​ល្បី​ឈ្មោះ លោក ជា ស្រួច ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញ​ពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតបើនិយាយពីឈ្មោះ សាត រស្មី ជាតារាសម្ដែងមានឈ្មោះល្បី ក៏មិននឹកស្មានថា ជាអតីតប្រពន្ធរបស់លោកឡើយ។

នៅក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃនេះ បានទម្លាយរូបភាពដ៏ស្រស់ស្អាតរបស់នាង សាត រស្មី ដោយបានអះអាងថា នាងជាអតីតប្រពន្ធរបស់លោក ជា ស្រួច កាលពី១២ឆ្នាំមុន ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ជាមួយគ្នានេះ នាង សាត រស្មី ក៏បានចេញមុខបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់របស់ លោក ជា ស្រួច ថា ពុំមែនជាការពិតនោះទេ ព្រោះអ្វីៗដែលបានកើតឡើង ក៏មានកំហុសរបស់លោក ជា ស្រួច ផងដែរ ខណៈដែលកាលនោះ លោក ជា ស្រួច ក៏មានជាប់ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តិទង្វើមិនគប្បីចំពោះនាង ច្រើនណាស់ដែរ ទើបត្រូវចែកផ្លូវគ្នា ទាំងពាក់កណ្ដាលទីបែបនេះ។

បន្ទាប់ពីរឿងរ៉ាវ​ ត្រូវបានទម្លាយជាហូរហែ ទាំងក្នុងបណ្ដាញសង្គម Facebook និងតាមបណ្ដាញ​ព័ត៌មាននានា អង្គភាព Fresh News នៅមិនទាន់អាចស្វែងរក ការបំភ្លឺពីតារាសម្ដែង សាត រស្មី បានទេនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារប្រព័ន្ធទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ។ យ៉ាងណាមិញព័ត៌មាននេះ នឹងបន្តតាមដានបន្ថែមទៀត ដើម្បីលាតត្រដាង​ឲ្យមហាជនស្ងប់ចិត្ត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី