ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ តារាសម្តែងស្រី ភិន សុដាលីស បានបើកសន្និសីទកាសែតមួយ ដើម្បីលាតត្រដាងនូវរឿងអាក្រក់ជាច្រើនរបស់ អតីតស្វាមីរបស់នាង លោក ប៉ែន ចំរុង ហើយរូបនាងក៏បានបង្ហាញភាពដឹងខុស នូវទង្វើមិនគប្បីទៅលើឪពុកបង្កើតនាងផងដែរ។

អ្នកនាង ភិន សុដាលីស បានថ្លែងឲ្យដឹងថា គ្រប់យ៉ាងគ្រាន់តែជាការសម្តែង និងសងសឹកមកលើឪពុករបស់នាងតែប៉ុណ្ណោះ ព្រោះលើកមុន លោក អ៊ិន សុភិន បានប្រើអំពើហិង្សា ដាក់លើលោក ប៉ែន ចំរ៉ុង ដែលធ្វើឲ្យខ្មាសគេយ៉ាងខ្លាំងក្នុងពិភពសិល្បៈ។ វាទំនងជាហេតុផលមួយ ដែលធ្វើឲ្យ លោក ប៉ែន ចំរុង ត្រូវវាយបក និងធ្វើបាបលើអ្នកនាង ភិន សុដាលីស ទាំងផ្លូវកាយ ទាំងផ្លូវចិត្តផងដែរ។

បើតាមការស្តាប់ នៅក្នុងសនិ្នសីទកាសែត ដែលតារាស្រីរូបនេះ បានអះអាងថា មូលហេតុដែលបណ្តាលឲ្យលោក ប៉ែន ចំរុង សម្រចចិត្តលែងលះ គឺរូបនាងមិនដឹងថា រូបគេគិតយ៉ាងណាដែរ គ្រាន់តែពេលនៅជាមួយគ្នា មានរឿងឈ្លោះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ​ មិនដល់ថ្នាក់ឈានដល់អស់ចិត្តនឹងគ្នានោះទេ។ ហើយភាគច្រើន រូបនាង ក៏ជាអ្នកមកសម្របសម្រួលមុនរហូត ដើម្បីមិនចង់ឲ្យជីវិតប្តីប្រពន្ធ មានការទើសចិត្តនឹងគ្នា។ ប៉ុន្តែមិនទាន់ដឹងអ្វីផង លោក ប៉ែន ចំរុង បានដាក់ពាក្យបណ្តឹងសុំលែងលះ ដោយដាក់ហេតុផលថា រូបនាងកាចឆ្នាស់ ម្តងឆ្កួតម្តងជា។

ក្នុងនោះដែរ អ្នកនាង ភិន សុដាលីស បានបន្ថែមថា ពេលរស់នៅជាមួយនឹង លោក ប៉ែន ចំរុង មិនមែនមានសុភមង្គល ដូចជីវិតប្តីប្រពន្ធផ្សេងទេ គឺរូបនាង ត្រូវធ្វើកិច្ចការផ្ទះទាំងអស់ មុនពេលទៅថតរឿង ហើយនៅពេលថ្ងៃនាងត្រឡប់មកផ្ទះវិញ មកធ្វើម្ហូបឲ្យលោកប៉ែន ចំរុងវិញ។ ហើយការងារសព្វគ្រប់ គឺនាងជាអ្នកធ្វើទាំងអស់ ទាំងការងារធ្ងន់ មិនដែល លោក ប៉ែន ចំរុង មកអើពើ មករវល់ជាមួយនាងនោះទេ ខណៈរូបនាងកំពុងតែពរពោះកូនក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ នាងថែមទាំងរ៉ាប់រង ថ្លៃចាយវាយក្នុងផ្ទះ និងជាមួយគ្រួសារលោកប៉ែន ចំរុងទៀត ដែលមានសមាជិករហូតដល់៥នាក់ ហើយថែមទាំងឲ្យលុយចាយប្រចាំខែ ឲ្យទៅពួកគេទៀត។ ប៉ុន្តែរឿងបែបនេះ មិនមែនចោទជាបញ្ហាសម្រាប់នាងនោះទេ សំខាន់នាង និង ស្វាមី មានក្តីសុខនឹងគ្នាបានហើយ។ ប៉ុន្តែយូរទៅៗ លោក ប៉ែន ចំរុង កាន់តែដូចជាធ្វើធម្មតា ព្រងើយកន្តើយដាក់រូបនាង ពេលដឹងថា រូបនាងកំពុងមានផ្ទៃពោះ។ ហើយមិនបានប៉ុន្មានផង ស្រាប់តែរូបគេដាក់ពាក្យបណ្តឹងសុំលែងលះជាមួយនឹងនាងតែម្តង។

ចំពោះរឿងលែងលះនេះ កាលពីតុលាការ បានកោះហៅនាងពីដំបូង គឺរូបនាងមិនព្រមលែងនោះទេ ព្រោះណាមួយនាងនៅអាណិតកូន និងនៅតែស្រលាញ់ លោកប៉ែន ចំរុង តែបន្ទាប់ពីកោះហៅជាលើកទី១រួចមក លោក ប៉ែន ចំរុង កាន់តែធ្វើរឿងអាក្រក់ កាន់តែខ្លាំង ដែលធ្វើឲ្យរូបនាង មិនអាចទ្រាំរស់នៅជាមួយនឹងលោកបានឡើយ ក៏សម្រេចចិត្តផ្តាច់និស្ស័យជាមួយគ្នាតែម្តង។

អ្វីដែលធ្វើឲ្យ អ្នកនាង ភិន សុដាលីស ស្ទើរតែបេះដូងលោតចេញក្រៅ ពេលតុលាការសាកសួរ ទៅលោកប៉ែន ចំរុង ពីរឿងកូនក្នុងផ្ទៃ។ ចម្លើយរបស់ លោក ប៉ែន ចំរុង បាននិយាយថា រូបលោកមិនច្បាស់ថា កូនក្នុងផ្ទៃនេះជាកូនរបស់លោកនោះទេ។ ពេលដែល អ្នកនាង បានស្តាប់លឺហើយ នាងហួសចិត្តយ៉ាងខ្លាំង ដែលរូបនាងរស់នៅជាមួយ ស្វាមីរហូត បែរជាគិតថា រូបនាងទៅមានកូនជាមួយប្រុសផ្សេង។ ចំនុចនេះ ប្រហែលលោក ប៉ែន ចំរុង ចង់យកលេសថាអ្នកនាង ភិន សុដាលីស មានសាហាយ ដើម្បីជាការលែងលះជាមួយគ្នាឲ្យបានដាច់ស្រេច នេះបើតាមគំនិតអ្នកនាង ភិន សុដាលីស។ ហើយគ្រប់ពេលដែល នាងបានចេញវីដេអូឃ្លីបថាស្តី ឲ្យឪពុករបស់ខ្លួន ជាការរៀបចំរបស់ លោក ប៉ែន ចំរុងទាំងអស់ ព្រោះពេលនោះ រូបនាងបានស្រលាញ់ស្វាមីនាងខ្លាំងពេក សូម្បីអ្វីគ្រប់យ៉ាងក៏ហ៊ានធ្វើដែរ។

រហូតដល់ពេលនេះ ទើបនាងដឹងថា លោក ប៉ែន ចំរុង ពិតជាតារាមួយ ដែលប៉ិនសម្តែងទាំងក្នុង និងក្រៅឆាក ដែលធ្វើឲ្យអ្នកនាង ភិន សុដាលីស ត្រូវឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដែលពេលខ្លះ ស្ទើរតែជិះឡានបុកនាងទៀតផង ពេលរូបលោកខឹងនាងម្តងៗ។ ហើយជាពិសេស គ្រាន់តែអស់ចិត្តនឹង អ្នកនាង ភិន សុដាលីភ្លាម  លោក ប៉ែន ចំរុង បានហៅនាងសុទ្ធតែ "វា" ក្រោយខ្នងទៀតផង ដែលកាលមុនធ្លាប់តែប្រើពាក្យផ្អែមល្ហែមដាក់គ្នាសោះ។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាង ភិន សុដាលីស ក៏បានសូមអភ័យទោស ទៅកាន់ក្រុមគ្រួសារ ដែលរូបនាង បានធ្វើអាក្រក់ជាច្រើន តែចុងក្រោយមានតែអ្នកមានគុណរបស់នាងទេ ដែលមិនបោះបង់ និងទុកនាងចោលឲ្យនៅម្នាក់ឯង៕

អ្នកនាង ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស