សម័យនេះ ជាសម័យជឿនលឿន ហ៊ឺហា និងស៊ីវិល័យ ទើមមនុស្សសព្វថ្ងៃនេះ ចូលចិត្ត បង្ហាញការប្រើប្រាស់ ឈ្មោះប្រ៊េនប៊្រេន មិនថាជា របស់របរ ទំនិញ ឬសេវានោះទេ។ ក្នុងនោះដែរ មនុស្សជាច្រើន ក៏ចាប់ផ្តើមទទួលទានអាហារ តាមហាងធំៗ ជាជាងទៅបរិភោគ តាមផ្សារ ឬកន្លែងតូបតូចៗ ក៏ព្រោះតែពួកគេគិតថា វាមានភាពងាយស្រួល និងផាសុកភាពជាង។ ប៉ុន្តែជាក់ស្តែង អាហារទាំងនោះ ជាធម្មតា តែងតែមានតម្លៃថ្លៃ ជួនកាល មានរសជាតិមិនឆ្ងាញ់ទាល់តែសោះ។

ហេតុនេះ Khmerload នឹងទាញយកចំណាប់អារម្មណ៍ របស់ប្រិយមិត្ត បែរមកអាហារក្នុងផ្សារវិញម្តងទៅមើល៍! ជឿចុះថា អ្នកដែលចូលចិត្តពិសាខគោ ពិតជា រកអុសប្រទះឈើងាប់ ហើយនៅពេលនេះ។

ប្រសិនបើអ្នក ធ្វើដំណើរមកដល់ ផ្សារសាមគ្គី (ស្ថិតក្នុងខណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក) អ្នកនឹងប្រទះភ្នែក ឃើញក្លោងទ្វារធំ របស់ផ្សារសាមគ្គី ដែលមាន ២ បែរទៅទិសខាងលិច។ សូមអ្នកដើរតម្រង់ចូល ក្លោងទ្វារធំ នៅជិតកន្លែងលក់ទឹកកក សំដៅទៅត្រង់រហូតនោះ អ្នកនឹងឃើញ តូបលក់ ខគោ របស់អ្នកមីងស្រស់ស្អាតម្នាក់ ដែលគេស្គាល់ថា “អ៊ីជូ” នៅចំកណ្តាលផ្សារតែម្តង។

អ្នកមីង ជូ បានចំណាយពេលលក់ ខគោ នេះជាង ២០ ឆ្នាំមកហើយ។ តូប ខគោ របស់អ្នកមីង មានដូចជា មីដុំ មីកញ្ចប់ គុយទាវ និងមីសួ។ ក្នុងមួយចានមានតម្លៃតែ ៧,០០០ ៛ ។ ជាងនេះទៅទៀត ប្រសិនបើអ្នកចង់ពិសារឌុបវិញ មួយចានត្រឹមតែ ៩,០០០ ៛ ប៉ុណ្ណោះ។ អ្នកមីង តែងមកលក់តាំងពី ម៉ោង ៥ ព្រឹក ជារៀងរាល់ថ្ងៃ ជាមួយប្អូនស្រី រហូតដល់ថ្ងៃត្រង់បន្តិច ទើបប្រមូលឥវ៉ាន់ឈប់លក់។ នៅថ្ងៃឈប់សម្រាក កូនស្រីរបស់អ្នកមីង ក៏មកជួយលក់អ្នកមីងផងដែរ។ ជាពិសេស សម្រាប់អ្នកដែល ចង់កម្មង់ក៏អាចទាក់ទងតាមទូរស័ព្ទលេខ ០១៧ ២៩៤ ៧៣៦ បានទៀតផង។

តូបលក់ ខគោ របស់អ្នកមីង ថ្វីត្បិតតែនៅក្នុងផ្សារ មិនមែនជារបស់ប្រ៊េនមែនពិត តែមានភាពល្ពីល្បាញ ជាមួយនឹងរសជាតិដ៏ឆ្ងាញ់សន្លប់ និងមានមនុស្ស ច្រើនកកកុញ មកទទួលទានឥតស្រាកស្រាន្តឡើយ។ អ្នកមីងបានបង្ហើបប្រាប់ Khmerload ថា ៖ “សម្រាប់មីង ដាក់សាច់ប្រហែលនឹងគេឯងអញ្ចឹងដែរ តែរសជាតិទឹកស៊ុប របស់មីង គឺធានាថាពិតជាឆ្ងាញ់ជាប់ចិត្ត”។

អ្នកមីង បន្តនិយាយទាំងញញឹមស្រស់ថា “អ្នកដែលមកញ៉ាំជា អ្នកដើរទិញម្ហូបក៏មាន ឬក៏អ្នកលក់ក្នុងផ្សារក៏មាន ជាពិសេស មានទាំងសិស្ស និងអ្នកធ្វើការ ដែលមកពីខាងក្រៅផ្សារផងដែរ។ ថ្វីត្បិតថា មានគូប្រកួត ក៏ពិតមែន តែមីងនៅតែរក្សាទំនាក់ទំនង មិនដែលទៅទាស់ពាក្យសំដីអ្វីទេ។ ណាមួយ មីងលក់យូរហើយ ហេតុនេះមីង មានម៉ូយច្រើនស្រាប់ទៅហើយ។” 

ចង់ដឹងថា ពិតជាដូចភាពល្បីល្បាញ និងសំដីរបស់អ្នកមីង មែនឬក៏អត់នោះ Khmerload បានសាកសួរអតិថិជន ដែលបានទៅបរិភោគនៅទីនោះ ដើម្បីបង្ហាញពីគំនិតយោបល់ របស់ពួកគេផ្ទាល់ ផងដែរ។

អ្នកមីង មានមុខរបរ ជាជាងកាត់ដេរ ទល់មុខផ្សារសាមគ្គីម្នាក់ឈ្មោះ “ពៅ” បាននិយាយថា ៖ “ខ្ញុំមកញ៉ាំជាប្រចាំ សឹងតែរាល់ថ្ងៃទៅហើយ ព្រោះតែរសជាតិ ខគោ របស់គាត់ពិតជាឆ្ងាញ់ពិតមែន។ ខ្ញុំធ្លាប់ចួលទៅញ៉ាំ នៅកន្លែងហាងធំៗ ច្រើនដង ច្រើនសារដែរ ប៉ុន្តែទឹកស៊ុប របស់គេហ្នឹង ដូចជាសុទ្ធតែខ្លាញ់ ដួសមកមានដុំកក ពិបាកញ៉ាំណាស់។ ហើយមិនមែនចូលចិត្តញ៉ាំតែខ្ញុំម្នាក់នោះទេ សូម្បីតែកូនៗ និងគ្រួសារក៏ចូលចិត្ត មកពិសារដែរ សឹងតែអាចនិយាយបានថា ជាកន្លែងប្រចាំគ្រួសារទៅហើយ។ ណាមួយផ្ទះ ក៏នៅជិតនេះស្រាប់ ទើបឲ្យតែចង់ញ៉ាំ ខគោ គឺមិនភ្លេចកន្លែងនេះឡើយ។”

បែរមក កម្លោះសង្ហារពីររូប ដែលជាមិត្តភក្តិ នឹងគ្នាឯណោះវិញ ក៏បានបង្ហាញគំនិត និងអារម្មណ៍រីករាយដែរថា ៖ “និយាយទៅ គឺខគោទីនេះ មានរសជាតិឆ្ងាញ់! ជាពិសេស អ្នកលក់ដាក់សាច់ឲ្យច្រើនៗ មិនត្រឹមតែប៉ុណ្ណោះ គាត់មានភាពរួសរាយរាក់ទាក់ខ្លាំងទៀតផង! ទោះបីធ្លាប់ញ៉ាំកន្លែងផ្សេង ឬហាងផ្សេងក៏ពិតមែន តែកន្លែងនេះនៅតែមាន រសជាតិឆ្ងាញ់ជាង និងគួរឲ្យចង់ញ៉ាំជាង។ ម៉្យាងវិញទៀត សាច់ខគោរបស់គាត់ មិនមានភាពស្វិតទេ និយាយឲ្យចំទៅគឺផុយស្រួសទទួលទាន។” ពួកគេបាន រៀបរាប់បន្ថែមថា ៖ “សម្រាប់តម្លៃវិញគឺខ្ញុំពេញចិត្ត ព្រោះតម្លៃនេះស្របទៅតាមទីផ្សារហើយ មិនថ្លៃមិនថោកពេក អាចទទួលយកបាន!”

សរុមមក ទោះបីជា ខគោរបស់អ្នកមីង មិនត្រឹមតែឆ្ងាញ់ ទទួលបានការគាំទ្រ ពីមនុស្សគ្រប់ស្រទាប់វណ្ណៈប៉ុណ្ណោះទេ ថែមទាំងមានតម្លៃសមរម្យទៀតផង។ ជាចុងក្រោយ អ្នកមីងក៏បាន ថ្លែងអំណរគុណ ដល់ក្រុមការងារ Khmerload ដែលបានចុះទៅដល់ទីតាំងលក់របស់អ្នកមីង។ បើឃ្លាន ខគោ តម្លៃសមរម្យ រសជាតិឆ្ងាញ់ជាប់ចិត្តនោះ កុំភ្លេចទៅសាក ខគោ អ៊ីជូ ប្រចាំផ្សារសាមគ្គីទាំងអស់គ្នាណា!

តើមានប្រិយមិត្តណា ធ្លាប់បានទៅភ្លក់ហើយឬនៅ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]