អូស្រ្តាលី៖ គឺជារឿងដ៏អស្ចារ្យមួយ ដែលកម្របានជួបប្រទះ ដែលបុរស វ័យចំណាស់ ជនជាតិរុស្ស៊ីម្នាក់ បានច្នៃបាឡុងខ្យល់ ដ៏ធំសម្បើមមួយ ដើម្បីធ្វើដំណើរជុំវិញពិភពលោក ក្នុងរយៈពេលត្រឹមតែ ១១ ថ្ងៃប៉ុណ្ណោះ ។
បុរសវ័យចំណាស់ ដែលមានឈ្មោះថា Fedor Konyukhov វ័យ ៦៥ឆ្នាំ បានបង្កើតកំណត់ត្រាថ្មីមួយ ក្នុងបញ្ជីកំណត់ត្រាពិភពលោក ដោយរូបលោក បានធ្វើដំណើរតាមបាឡុងខ្យល់ តែម្នាក់ឯង ជុំវិញពិភពលោក ត្រឹមរយៈពេលតែ ១១ថ្ងៃ ដែលជារយៈពេលដ៏លឿនជាងគេបំផុត ហើយបានយកឈ្នះកំណត់ត្រាចាស់រយៈពេល ២ថ្ងៃ ទៀតផង ។
ក្នុងដំណើរតាមអាកាស នៅលើបាឡុងខ្យល់នេះ ទីបំផុត លោក Fedor បានចុះមកលើដី បានជោគជ័យហើយ ក្រោយរយៈពេល ១១ថ្ងៃ នៅក្នុងទឹកដី នៃប្រទេសអូស្រ្តាលី។ យោងតាមប្រភពបានបង្ហាញថា លោក Fedor មិនខ្វល់ទៅលើរឿងកំណត់ត្រាចាស់នោះទេ អ្វីដែលគាត់សប្បាយចិត្តនោះ គឺគាត់បានបំបែកកំណត់ត្រា និងបានត្រលប់មកងូតទឹកវិញ ក្រោយពីខកខានមិនបានងូតទឹករយៈពេល ២សប្តាហ៍ទៅហើយ ។
គួររំលឹកផងដែរថា លោក Fedor បានចេញដំណើរដំបូង ដោយចាប់ចេញពីទីក្រុង Perth ប្រទេសអូស្រ្តាលី ដោយបានឆ្លងកាត់ឧបទ្វីប និងប្រទេសជាច្រើនដូចជា ចេញពីទ្វីបអូស្រ្តាលីឆ្លងរហូតដល់មហាសមុទ្រប៉ាស៊ីហ្វិចខាងត្បូង ដូចជាប្រទេសឈីលី អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ និងប្រេស៊ីល ជាដើម ។ គាត់បានធ្វើដំណើររហូតដែលបីហាក់ដូចជា វិលជុំវិញផែនដី មកដល់ប្រទេសអូស្រ្តាលីវិញ ក្នុងរយៈពេល ១១ថ្ងៃ ។
ក្នុងដំណើររយៈពេល ១១ថ្ងៃជុំវិញពិភពលោកនេះ លោក Fedor បានឆ្លងកាត់រឿងជាច្រើន នៅលើបាឡុងខ្យល់របស់គាត់ ដែលមានកម្ពស់ ៥៦ម៉ែត្រ ច្នៃចេញពីសារជាតិអេល្យូម ដូចជា ឆ្លងកាត់ព្យុះ ផ្គរ និងភ្លៀងខ្លាំងទៀតផង ហើយមិនថែមតែប៉ុណ្ណោះ នៅពេលធ្វើដំណើរមកដល់ទ្វីបអង់តាកទិច អាកាសធាតុបានធ្លាក់ចុះរហូតដល់ ដក៥០ អង្សាសេ ឯណោះ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា គាត់បានសម្រាកតែ ២០ ទៅ៣០នាទីតែប៉ុណ្ណោះ បើសរុបទៅ ៣ទៅ ៤ម៉ោងក្នុងមួយថ្ងៃ ដោយសាររូបលោក ត្រូវការពេល និងឧស្សាហ៍ពិនិត្យទៅលើបាឡុងនោះ ដើម្បីចៀសវាងនូវបញ្ហា ហើយក្នុងការធ្វើដំណើរនេះ គាត់ប្រើល្បឿនត្រឹមតែ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។
ដូច្នេះ នេះគឺជាកំណត់ត្រាពិភពលោកថ្មីមួយទៀត ដែលបង្កើតឡើងដោយលោក Fedor Konyukhov ដែលមានវ័យ៦៥ ទៅហើយ ដោយបានបំបែកកំណត់ត្រាចាស់ ដែលធ្លាប់ធ្វើបាន កាលពីឆ្នាំ ២០០២ ដោយអ្នកជំនួញអាមេរិកម្នាក់ឈ្មោះ Steve Fossett ដោយកាលនោះ Steve បានចំនាយពេល ១៣ថ្ងៃ ក្នុងការធ្វើដំណើរជុំវិញពិភពលោក៕
ប្រភព៖ Asian Town
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]