អីុតាលី៖ ស្របពេលដែល ក្លិបជើងឯកអីុតាលី Juventus នឹងត្រូវលក់ Pogba ទៅឲ្យក្លិប Manchester United និង Morata ទៅលេងឲ្យក្លិបចាស់ Real Madrid របស់គេវិញនោះ  Juventus ក៏មិនបានបង្អង់យូរដែរ ក្នុងការទិញកីឡាករថ្មីយកមកជំនួសកីឡាករទាំងនោះ ដែលថ្មីៗនេះ ក្លិបបានចំណាយលុយរហូតដល់ ៧៩ លានផោន (១០៣.៥ លានដុល្លារអាមេរិក) ទិញយកខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន Gonzalo Higuain ពីក្លិប Napoli ផងដែរ។

ដោយយោងទៅតាមរបាយការណ៍ពីប្រទេសអីុតាលី បានបញ្ជាក់ថា Higuain បានយល់ព្រមទៅលេងឲ្យ Juventus ដោយបានចុះកុងត្រារយៈពេល ៤ឆ្នាំ រួចរាល់ហើយ ក្នុងតម្លៃ ៧៩លានផោន ហើយបន្ថែមពីនេះទៀត រូបគេក៏បានទៅពិនិត្យធ្វើតេស្តសុខភាព យ៉ាងសម្ងាត់ទៀតផង នៅទីក្រុង Madrid ។

សូមបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងការផ្ទេរកីឡាករ Higuain ពី Napoli ទៅ Juventus នេះបានធ្វើឲ្យអ្នកគាំទ្ររបស់ក្លិប Napoli ខឹងសម្បារយ៉ាងខ្លាំង ដោយសារក្លិបទាំងពីរនេះ គឺជាគូសត្រូវក្នុងការប្រកួតពេលប៉ះគ្នាម្តងៗ។ ហើយចំពោះការទិញកីឡាកររូបនេះចូលមកក្លិប តាមប្រភពដដែលបានបង្ហាញថា នេះគឺជាសញ្ញាមួយនៃការផ្ទេរ Pogba ទៅ Manchester United ក្នុងតម្លៃកំណត់ត្រា ដូច្នេះហើយទើប Juventus ទិញយកកីឡាកររូបនេះយកមកជំនួស ។

គួររំលឹកផងដែរថា Higuain គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កាលពីរដូវកាលមុននៅក្របខ័ណ្ឌ Italy Serie A ដែលជាលីកកំពូលអីុតាលី ដោយរូបគេស៊ុតបានរហូតដល់ ៣៦គ្រាប់ ក្នុងមួយរដូវកាល ដែលជាកំណត់ត្រាថ្មីសម្រាប់កីឡាកររូបនេះ និងសម្រាប់ក្លិប Napoli កាលពីរដូវកាលមុន។

គួររំលឹកបន្ថែមទៀតផងដែរថា Higuain ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗមកពីប្រទេសអង់គ្លេស ២ក្រុមដែរ គឺ Arsenal និង Liverpool ប៉ុន្តែសំណើរត្រូវបានបដិសេធ៕ 

ប្រភព៖ The Sun

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការជួញដូរ ទិញលក់ កីឡាករនេះដែរ គួររំលឹកផងដែរថា Mario Gotze វិលរកទ្រនំចាស់ Dortmund វិញ ក្នុងតម្លៃ ១៨លានផោន ។

ទីបំផុត Mario Gotze ដែលជាតួឯករបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់កាលពីឆ្នាំ២០១៤ បានវិលត្រលប់ទៅក្លិបចាស់របស់ខ្លួន Borussia Dortmund វិញ ដោយផ្ទេរពី Bayern Munich ក្នុងតម្លៃ ១៨ លានផោន (២៣.៨ លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ។

Gotze ដែលប្រិយមិត្តបានជ្រាបហើយកាលពីឆ្នាំ២០១៤នោះ កីឡាកររូបនេះហើយជាអ្នកស៊ុតចូល ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះ ត្រូវបានគេស្គាល់គ្រប់គ្នា ។

គួររំលឹកផងដែរថា មុននឹងរូបគេលេងឲ្យក្លិប Bayern Munich នោះ កីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្លិប Dormund ដែរ ប៉ុន្តែត្រូវ Bayern Munich ទិញយក កាលពីឆ្នាំ២០១៣ ។ ក្នុងអំឡុងពេលលេងឲ្យក្លិបកំពូល Bayern Munich ក្នុងលីកអាល្លឺម៉ង់នេះ Gotze មិនសូវមានឱកាសបញ្ចេញសមត្ថភាពក្នុងទីលានទេ ហើយនឹងកម្របានស៊ុតបញ្ចូលទីទៀត ពោលគឺភាគច្រើន ជាកីឡាករបំរុង ហេតុដូច្នេះហើយទើបថ្មីៗ Gotze ក៏សម្រេចចិត្តផ្លាស់មកលេងឲ្យ Dortmund វិញបន្ទាប់ពីចំណាយពេល ៣ឆ្នាំ នៅ Bayern Munich ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]