រាជធានីភ្នំពេញ ៖ បន្ទាប់ពីការជេរប្រមាថពីមិត្តស្រីរបស់យុវជន K ដែលជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាស និងជាសមាជិកនៅក្រុម Legacy តាមហ្វេសប៊ុក ហើយមានការជួយអន្តរាគមន៍ពីម្ចាស់ផលិតកម្ម តម្រូវឱ្យយុវជន K សុំទោសកញ្ញា ពេជ្រ សោភា  រួចមក ថ្មីៗនេះមិត្តស្រីរបស់យុវជន K នៅតែបន្តការជេរប្រមាថលើកញ្ញា ពេជ្រ សោភា ដោយប្រើពាក្យ «ស្រីខូច និងសំផឹង» ដដែល ។ ពួកគេព្រួតគ្នាជេរ ពេជ្រ សោភា តាមហ្វេសប៊ុក ហើយក្នុងនោះក៏មានប្អូនរបស់លោក មាស សាលី ផងដែរ។

ចំពោះបញ្ហានេះ កញ្ញាពេជ្រ សោភា ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៥ សីហា ថា «អ្នកដែលជេរខ្ញុំ មិនខឹងទេ តែអ្នកដែលជេរទាំងនោះត្រូវគិតថា បើសិនជាត្រូវកោះហៅអ្នកទាំងនោះឡើងតុលាការ តើអ្នកណាជាអ្នកប្រឈមមុខ ប្រាកដជាឪពុកម្តាយហើយ ។ តើអ្នកធ្វើនេះដើម្បីអ្វី បើអ្នកមិនចូលចិត្តខ្ញុំ មិនពេញចិត្តខ្ញុំ អ្នកដើរបិទភ្នែក ឬក៏ធ្វើជាមិនឃើញខ្ញុំទៅចុះ ។ ពាក្យចុងក្រោយដែលពួកគេទាំងនេះប្រើមកលើខ្ញុំថា «ស្រីខូច» ខ្ញុំចង់ប្រាប់ថា បើសិនខ្ញុំធ្វើបែបនេះមែន សូមឱ្យអ្នករកមនុស្សប្រុសនោះឱ្យមកជួបមុខខ្ញុំ អ្នកណាធ្លាប់បានខ្លួនប្រាណខ្ញុំ ឱ្យច្បាស់ គឺ ខ្ញុំត្រូវការទល់មុខជាមួយគ្នា ។

បើសិនជាអ្នកឯងនិយាយថាបានគេងជាមួយខ្ញុំ តើក្នុងខ្លួនខ្ញុំនេះមានប្រជ្រុយនៅកន្លែងណាខ្លះ ។ ម្តាយខ្ញុំចិញ្ចឹមខ្ញុំបានល្អខ្លាំងណាស់ អ្នកកុំមកប្រើពាក្យថាខ្ញុំស្រីខូច ឬប្រើពាក្យអសុរោះជាមួយខ្ញុំ ឪពុកម្តាយខ្ញុំស៊ូអត់ ស៊ូឃ្លាន ស៊ូដើរហាលភ្លៀង ស៊ូសន្លប់កណ្តាលផ្លូវ គឺដើម្បីរូបខ្ញុំ ដើម្បីឱ្យខ្ញុំមានភាពជាមនុស្សស្រី អ្នកឯងមិនមានសិទ្ធិជេរខ្ញុំ ឬថាឱ្យខ្ញុំទេ ។ កុំភ្លេចកម្មពៀរមានពិតមែន ។ ម្រាមមួយអ្នកចង្អុលគេ ចុះម្រាមផ្សេងទៀតនោះវាចង្អុលទៅលើអ្នកណាគេ ។

ខ្ញុំមិនចង់និយាយពីអ្នកច្រើនទេ កាលដែលប្អូនជេរបង បងអរគុណ ប៉ុន្តែប្អូនត្រូវថែរក្សាកេរ្តិ៍ខ្មាសខ្លួនឯងផង កុំឱ្យមនុស្សប្រុសដឹងច្រើនពេក មនុស្សប្រុសមិនដឹងកុំខំប្រឹងបញ្ចេញឱ្យគេដឹងពេក» ។កញ្ញាសោភា រំឭកថា កាលពីមុន K ជាក្មេងល្អ និងធ្វើការងារល្អ ហើយគេក៏ស្តាប់នាងដែរ ដោយសារតែពួកគេតែងតែមកហាត់រាំនៅផ្ទះនាង ។ ដោយសារតែមានបទចម្រៀងមួយតម្រូវឱ្យនាងធ្វើការជាមួយក្រុម Legacy ហើយនាងក៏ប្រាប់ទៅ K ថា«ប្អូនកុំលេងហ្វេសប៊ុកច្រើនពេក ត្រូវប្រឹងបំបែកក្បាច់រាំឱ្យស្អាត ព្រោះយើងត្រូវរាំឱ្យស្អាត »។

ក្រោយមកមានគេទូរស័ព្ទមកសួរនាងពេជ្រ សោភា ថា តើKមានសង្សារហើយឬនៅ? នាងក៏ប្រាប់ទៅវិញថាមិនដឹងទេ ។ ក្រោយមកមានគេសួរទាក់ទងទៅនឹងរឿងស្នេហារបស់Kច្រើនពេក នាងក៏ណែនាំ K ថា«ប្អូន K !បងស្រលាញ់ប្អូន បងចូលចិត្តប្អូន ទើបបងនិយាយប្អូនមានសង្សារបងមិនឃាត់ទេ កុំឱ្យតែប្អូនស្រលាញ់ប្រុសដូចគ្នា តែសំខាន់ប្អូនត្រូវខំប្រឹងធ្វើការ ធ្វើអ្វីៗដែលល្អសម្រាប់ខ្លួនយើង ។ ឧទាហរណ៍បងចង់សួរថាតើប្អូនលេងហ្វេសប៊ុកនេះ ប្អូនគិតថាល្អទេ ប្អូនមិនត្រូវឱ្យគេដឹងច្រើនពេកទេ បងចង់ឱ្យប្អូនល្បី មានប្រាក់ចិញ្ចឹមឪពុកម្តាយ ហើយក៏មានប្រាក់យកទៅដណ្តឹងកូនក្រមុំគេ កុំឱ្យគេថាឱ្យយើងយកតែខ្លួនមករៀបការជាមួយកូនគេ ក្នុងនាមជាមនុស្សប្រុសត្រូវមានអ្វីគ្រប់យ៉ាងទៅដណ្តឹងកូនគេ ទើបវាមានកិត្តិយស ។

នៅពេលពេជ្រ សោភា ណែនាំ K រួចគេក៏យករឿងនេះទៅប្រាប់មិត្តរបស់គេ ហើយពួកគេគិតថានាងចេះដឹងរឿងគេ ចង់បំបែកបំបាក់ស្នេហាគេ ដូច្នេះហើយបានជាគេព្រួតគ្នាជេរនាងបែបនេះ ទាំងខ្លួននាងមិនបានដឹងរឿងអ្វីទាល់តែសោះ ។ នាងថា ណែនាំឱ្យគេល្អ គេបែរជាជេរខ្លួនទៅវិញ ។ ពេលនេះមិត្តស្រីរបស់ K នាំគ្នាជេរលើរូបនាងទាំងខ្សែតែម្តង ។តារាចម្រៀងល្បីរូបនេះឱ្យដឹងទៀតថា ឪពុក Kខំប្រឹងការពារកូនទាំងមិនច្បាស់ថាកូនគាត់មិនដែលសរសើរពីគាត់ទេ ។ កូនគាត់មានតែនិយាយថា គាត់ជាមនុស្សអាក្រក់ មានប្រពន្ធថ្មី មានកូនថ្មីមិនដែលខ្វល់ពីគេទេ ។ ពេលនាងបានឃើញគាត់ជាឪពុកខំអះអាងជំនួសកូន គឺពិតជាមានន័យណាស់ ឱ្យដឹងថា នេះភាពជាឪពុក ។ នាងចង់ឱ្យយុវជន K ដឹងថាគ្មានអ្នកណាស្រលាញ់រូបគេដូចជាឪពុកម្តាយទេ ។ ឪពុក K ស្រលាញ់កូន ចេញមុខការពារកូន មកបដិសេធឱ្យកូន ទោះបីជាគេមានសាក្សី និងភស្តុតាងបញ្ជាក់ក៏ដោយ ។ ទោះបីជាគាត់ដឹងថានេះជាបន្លា គាត់នៅតែដើរជាន់ ទោះបីជាគាត់ដឹងថា បន្លាលួសក៏គាត់នៅតែដើរបុក ដើម្បីបើកផ្លូវឱ្យកូនបានដើរ ។

ពេជ្រ សោភា ផ្តាំទៅយុវជន K ថា«សូមប្អូនក្រឡេកមើលខ្លួនឯងសាជាថ្មីថា ឪពុករូបនេះជាមនុស្សអាក្រក់ ឬល្អ ខ្លួនឯងធ្វើខុសត្រូវតែចេះទទួលកំហុស មិនត្រូវនាំឪពុកមកធ្លាក់រណ្តៅជំនួសខ្លួនទេ ។ ជាកូនប្រុសហ៊ានធ្វើត្រូវតែហ៊ានទទួល ។ ទៅថ្ងៃក្រោយបើសិនជាអាច K កុំធ្វើជាគ្រាប់ពូជ កុំធ្វើជាគ្រាប់ស្រូវដែលដុះលើថ្ម វាមិនអាចទៅរួចទេ ហើយបើមានពេលទំនេរគួរតែឆ្លៀតពេលទៅជួយម្តាយឱ្យបានច្រើន ព្រោះម្តាយហត់ណាស់ គឺហត់ដើម្បីកូន» ។

ថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា មមាញឹកនឹងការងារផ្នែកសិល្បៈខ្លាំងណាស់ ព្រោះនាងកំពុងតែត្រៀមចេញអាល់ប៊ុមម្នាក់ឯងសុទ្ធ ដែលបទចម្រៀងនេះមានចំនួន១០បទ ហើយបទដែលគេចាប់អារម្មណ៍ជាងគេនោះ គឺបទ «សង្សារគ្រាន់តែជាអ្នកដទៃ» ។ ទាក់ទៅនឹងការចេញអាល់ប៊ុមម្នាក់ឯងនេះ កញ្ញាពេជ្រ សោភា ប្រាប់កោះសន្តិភាពឱ្យដឹងថា នាងមិនដឹងថាស៊ីឌីនេះនឹងចេញលក់នៅពេលណា ទេ គឺអាស្រ័យទៅលើក្រុមហ៊ុនជាអ្នកដាក់លក់ប៉ុណ្ណោះ ។ ចំពោះអាល់ប៊ុមនេះ នាងផ្ទាល់មានការពេញចិត្តចំពោះបទ «សង្សារគ្រាន់តែជាអ្នកដទៃ» ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា