ព័រទុយហ្គាល់៖ កីឡាករឆ្នើម Cristiano Ronaldo បានសាងកេរ្តិ៍ឈ្មោះមួយលើកទៀតហើយ ដែលកាលពីពេលថ្មីៗនេះ ឈ្មោះរបស់លោក ត្រូវបានផ្តល់ជាកិត្តិយស យកទៅតំណាងឲ្យព្រលានយន្តហោះមួយកន្លែង នៅប្រទេសព័រទុយហ្គាល់។ 

បន្ទាប់ពីលំហែកាយរយៈពេលមួយសប្តាហ៍​ នៅកោះ Ibiza ប្រទេសអេស្ប៉ាញ រួចមក កីឡាករឆ្នើម Cristiano Ronaldo បានវិលមកកាន់ស្រុកកំណើតរបស់ខ្លួនវិញ ហើយស្របពេលជាមួយគ្នានេះ រូបគេត្រូវបានព្រលានយន្តហោះមួយកន្លែង នៅកោះ Madeira ប្រទេសព័រទុយហ្គាល់ យកឈ្មោះរបស់កីឡារូបនេះ យកមកតំណាង ដោយប្តូរទៅជាឈ្មោះ «Madeira Cristiano Ronaldo Airport» វិញ ដែលនេះគឺជាកិត្តិយសដ៏ធំធេងបំផុតរបស់កីឡារករឆ្នើម លំដាប់ពិភពលោកមួយនេះ ។

ក្នុងនោះដែរ ប្រធានាធិបតី នៃកោះ Madeira លោក Miguel Albuquerque ក៏បានប្រកាសជាផ្លូវការដែរថា ព្រលានយន្តហោះតែមួយគត់ នៅ Madeira នឹងប្តូរឈ្មោះពី Madeira Airport ទៅជា Madeira Cristiano Ronaldo Airport វិញ ដើម្បីផ្តល់ជាកិត្តិយសឲ្យ Ronaldo ដែលរូបគេជួយឲ្យ ព័រទុយហ្គាល់ ឈ្នះពាន EURO ។

សូមបញ្ជាក់ផងដែរថា កោះ Madeira ដែលជាកោះមួយស្ថិតក្នុងភាគខាងត្បូង ឈានខាងលិច ប្រទេសព័រទុយហ្គាល់នេះ គឺជាស្រុកកំណើតផ្ទាល់របស់ កីឡាករ Cristiano Ronaldo ដែលរស់នៅទីនោះតាំងពីនៅតូច ។ ហើយក្នុងការវិលត្រលប់មកស្រុកកំណើត របស់ Ronaldo ក្នុងគ្រានេះដែរ គឺគោលបំណង ដើម្បីមកជួបជុំគ្រួសារ និងមកសម្ពោធសណ្ឋាគារ ផ្កាយ៥ របស់លោកផ្ទាល់ ដែលមានឈ្មោះថា Hotel Pestana CR7 នៅទីនោះផងដែរ ។

គួររំលឹកផងដែរថា សមិទ្ធិផលរបស់កីឡាកររូបនេះ មិនត្រឹមមានតែប៉ុណ្ណឹងនោះទេ Ronaldo ក៏ធ្លាប់ត្រូវបានប្រជាជននៅ Madeira សាងរូបសំណាកមួយតំណាងនៅទីនោះទៀតផង ហើយបន្ថែមពីនេះទៀត Ronaldo ក៏មានសារមន្ទីរផ្ទាល់ខ្លួននៅទីនោះផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]