ខេត្តមណ្ឌលគិរី ៖ ​ប្រជាព​លរដ្ឋ​១​គ្រួសារ​ មក​ពី​ភូមិ​ឡៅ​ការ ​ចុះ​​ប្តឹង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឱ្យ​​ជួយ​រក​យុ​ត្តិធម៌​​ផង ​បន្ទាប់ពី​ផ្ទះ​​របស់​គាត់ ​ត្រូវ​​ម្ចាស់​​ប្រាក់បំណុល​​រុះរើ​យក​​ ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​គាត់​​ គ្មាន​កន្លែងស្នាក់​នៅ​ ដែល​ហេតុការណ៍​​​នេះ ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១​ កក្កដា ២០១៦ ស្ថិត​នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ​ ខេត្តមណ្ឌលគិរី ។​

ម្ចាស់​ផ្ទះ​​ខាងលើ ​មានប្តី​ឈ្មោះ​​ខ្វើ​ង ខ​ត ​អាយុ​២៨​ឆ្នាំ ​ជនជាតិ​ព្នង និង​ប្រពន្ធ​ឈ្មោះ​អ៊ុ​ន សុ​ភាស់​ អាយុ​២៦​ឆ្នាំ​ ត្រូវ​បាន​គេ​រុះរើ​​ផ្ទះ​​​ក្នុង​ភូមិ-​ឃុំ​​កើតហេតុ​ខាងលើ​ បាន​​រៀបរាប់​​ថា ​គ្រួសារ​​គាត់​​ពី​ដំបូង​ ​ពិតជា​បាន​ទៅ​ចងការប្រាក់​ ពី​គ្រួសារ​មួយនៅ​ភូមិ​ជាមួយ​គ្នា ​​​មាន​ប្តី​​ឈ្មោះ​ឡឹ​ក ផ​ល្លី​ និង​ប្រពន្ធ​ឈ្មោះភុ​ន ណា​រី ​(​ជា​ម្ចាស់​ប្រាក់​)​ ខ្ចី​ម្តង​៤០​ម៉ឺន​រៀល ​និងបន្តបន្ទាប់ដល់១​លាន​រៀល​ចំនួន​៣ ​ទៅ​៤​ដង ។

​ដោយ​ម្ចាស់​ប្រាក់​ កំណត់​ខ្ចី​១​លាន​រៀល ​ការ​ប្រាក់​ក្នុង១​ខែ​៣៧៥០០០​រៀល ​គាត់​បាន​ព្យាយាម​ បង់ការ​ប្រាក់​ជូន​រហូត ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​ ជាង​១​ខែ​នេះ ​រូប​គាត់​មិន​បាន​បង់ការ​ ឱ្យ​គាត់​ជា​ម្ចាស់​ប្រាក់ ។ ​ស្រាប់តែ​ម្ចាស់​ប្រាក់​ គិតលុយ​ការ​បូក​ចូល​ប្រាក់​ដើម លុយ​ដើម​ធ្វើ​ជា​ការ រហូត​ដល់​រូប​គាត់​ជំពាក់​គេ​ ជាង​៤០០០​ដុល្លារ ។ ថា​ប៉ុណ្ណឹង​ក៏​ប៉ុណ្ណឹង​ចុះ​ គ្រួសារ​គាត់​នៅ​តែ​ព្រម​ទទួល​សង ​​មិន​បាន​ប្រកែក​អ្វី​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​គាត់​ ទៅ​មើ​លបងប្អូន​ឈឺ​២-៣ថ្ងៃ ​ពេល​ត្រឡប់​មក​វិញ ​នៅ​ថ្ងៃ​ទី​២២​ កក្កដា ​ផ្ទះ​របស់​​គាត់​ស្រាប់តែ​​ ត្រូវ​ម្ចាស់​ប្រាក់ ​រុះ​រើ​យក​ផ្ទះ​គាត់​អស់​គ្មាន​សល់​ ធ្វើឱ្យ​​​ក្រុម​គ្រួសារ​គាត់​ សុំ​ផ្ទះ​អ្នកស្រុក​ស្នាក់​អាស្រ័យ ។

នៅ​រសៀល​ថ្ងៃ​ទី​២២​ កក្កដា ​ដដែល ២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ៗ២​នាក់ ​បាន​មក​ប្តឹង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ ជួយ​រក​យុ​ត្តិ​ធម៌​ ដល់​ក្រុម​គ្រួសារ​គាត់​ ដែល​ត្រូវ​ម្ចាស់​ប្រាក់​រំលោភ​បំពាន​ច្បាប់ និង​ទារ​​សំណង​ជំងឺ​ចិត្ត​៤០​លាន​រៀល ​និង​ចាត់ការ​តាម​ផ្លូវច្បាប់ ​។

​លោក​ខ្លឹម មើល ជា​មេ​ភូមិ​ឡៅ​ការ​ បាន​ប្រាប់​ថា ​រឿង​នេះ ​លោក​មិន​បានដឹង​សាច់​រឿង​ទេ​ ។ ​លោក​អិន អៀវ ចៅសង្កាត់​សុខដុម បាន​បញ្ជាក់​​ប្រាប់​អ្នក​ព័ត៌មាន​​​ថា រូប​គាត់​បាន​ប្រាប់​ទៅ​ ម្ចាស់​ប្រាក់​ដែរ​ថា ​កុំ​ឱ្យ​​ធ្វើការ​រុះរើ​ផ្ទះ​របស់​គេ ​វា​ជា​រឿង​ខុសច្បាប់ ។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា​ ​​ម្ចាស់​ប្រាក់​នៅ​តែ​បំពាន ​។

​លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យឱ្យ​​ដឹង​​ដែរ​​ថា ទ​ង្វើ​បែប​នេះ ​គឺជា​រឿង​ខុសច្បាប់ ​។ ​លោក​សូរ សុវណ្ណ ស្នងការ​រង​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​ថា ​រឿងរ៉ាវ​នេះ ​លោក​កំពុង​ ចាត់ចែង​ឱ្យ​​អធិការ​ក្រុង​ អញ្ជើញ​ឈ្មោះ​​អ្នក​រុះរើ​ផ្ទះ​ ដោយ​ខុសច្បាប់​នោះ​ មក​សួរនាំ​ និង​ចាត់ការ​បន្ត ​។

លោក​កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ​ ​បាន​បញ្ជូន​មន្ត្រី​នគរបាល​ របស់​អធិការ​ក្រុង​​ឱ្យ​​ទៅ​ អញ្ជើញ​ឈ្មោះ​ឡឹ​ក ផ​ល្លី ​និង​​ឈ្មោះ​ភុ​ន ណា​រី មក​សួរ​នាំ​ពាក់ព័ន្ធ​ការ​រុះរើ​ផ្ទះ​របស់​អ្នកស្រុក​ ដោយ​ខុសច្បាប់​ បំពាន​ច្បាប់​ និង​ថែម​ទាំង​គ្មាន​អំណាច​ពី​តុលាការ​ទៀត​

បើ​តាម​ព័ត៌មាន​​ នៅ​ខេត្តមណ្ឌលគិរី​ថា មាន​ក្រុម​អ្នកមាន​ប្រាក់​ ជា​ច្រើន​នាំ​គ្នា​ដាក់​ប្រាក់​កំចី ជា​លក្ខណៈ​ឯកជន ដែល​មាន​អត្រា​ ការ​ប្រាក់​ខ្ពស់កប់ពពក ដែល​ទ​ង្វើ​បែប​នេះ ​គឺជា​ការ​រំលោភលើ​ ច្បាប់​ធនាគារជាតិ​នៃ​កម្ពុជា​ យ៉ាងធ្ងន់ធ្ងរ​​ ។ ជា​ពិសេស​ ទ​ង្វើ​នេះ​ វា​បាន​និង​បង្ក​ផល​ប៉ះពាល់​ ដល់​ជីវភាព​របស់​ ប្រជាពលរដ្ឋ​ផង​ដែរ​ ។ ទាក់ទង​ទៅ​និង​ករណី​ខាងលើ​នេះ ​យើង​មិន​អាច​សុំ​ការ​ បំភ្លឺ​ពី​ម្ចាស់​ប្រាក់ ​រង​ការ​ចោទប្រកាន់​នោះ​បាន​ទេ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]