អ្នកប្រាកដជា ធ្លាប់ស្គាល់តែ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន D និងវីតាមីន E ។ ចុះវីតាមីន K ? ជាក់ស្តែង វីតាមីន K ជាប្រភេទវីតាមីន ដែលមានអ្នកស្គាល់តិចបំផុត ឬត្រូវបានគេដាក់ឈ្មោះថាជា “វីតាមីន ដែលគេបំភ្លេចចោល” ពីព្រោះតែ អត្ថប្រយោជន៍សំខាន់ៗរបស់វា ត្រូវបានគេមើលរំលង។

វីតាមីន K អាចរលាយ នៅក្នុងខ្លាញ់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការ កំណកឈាម។ ជាងនេះទៅទៀត វីតាមីន K មានសារៈសំខាន់ សម្រាប់ជួយឲ្យ ឆ្អឹងរឹងមាំ ការពារជំងឺបេះដូង និងផ្នែកសំខាន់ៗ ក្នុងរាងកាយផ្សេងទៀត។ ភស្តុតាងថ្មីមួយ បានបញ្ជាក់ថា វីតាមីន K ជាជំនួយការដ៏សំខាន់របស់ វីតាមីន D។ អ្នកមិនអាចខ្វះ វីតាមីនណាមួយ បាននោះទេ។ 

តើ វីតាមីន K អាចរកបានពីប្រភពណាខ្លះ?

តម្រូវការវីតាមីន K ជាប្រចាំថ្ងៃ ខុសៗគ្នាអាស្រ័យលើ អាយុ ភេទ និងទម្ងន់។ តែទោះជាយ៉ាងណា ជាធម្មតា មនុស្សពេញវ័យត្រូវការ វីតាមីន K ចំនួន ០.០០១មីលីក្រាម នៃ ១គីឡូក្រាមរបស់ទម្ងន់ខ្លួន។

ខាងក្រោមនេះ ជាប្រភពអាហារនៃវីតាមីន K ៖

• បន្លែស្មៅ៖ មានដូចជា ជីអង្កាម ម្អម ជីវ៉ាន់ស៊ុយ ម្រះព្រៅ និងស្លឹកខ្ទឹម ជាដើម។

• បន្លែស្លឹកពណ៌បៃតង៖ មានដូចជា ស្ពៃគ្រប់ប្រភេទ ខាត់ណា ផ្ទី និងបន្លែពណ៌បៃតង ផ្សេងទៀត។

• បន្លែផ្សេងទៀត៖ មានដូចជា គល់ខ្ទឹម ដើមភ្លៅកង្កែប សាឡាដបៃតង សាឡាដក្រហម ស្ពៃក្តោប ស្ពៃស ស្ពៃបូកគោ និងតាំងអោ ជាដើម។

• បន្លៃប្រភេទ Brassica៖ មានដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃចិន(ស្ពៃតឿ) ជាដើម-ល-។

• គ្រឿងទេសដែលហិល៖ មានដូចជា ម្ទេសក្រហម ម្ទេសបុក ម្សៅម្ទេស និងម្សៅការី ជាដើម។

• ប្រភពផ្សេងទៀត៖ មានដូចជា ពោតបារាំង ត្រសក់ត្រាំ សណ្តែកសៀង ប្រេងអូលីវ និងផ្លែឈើក្រៀមផ្សេងៗទៀត។

វីតាមីន K មាន ៣ ប្រភេទ ៖

• វីតាមីន K1 ឬ phylloquinone ត្រូវបានរកឃើញ នៅក្នុងរុក្ខជាតិបន្លែ ជាពិសេសបន្លែបៃតង។ វីតាមីន K1 អាចធ្វើដំណើរទៅដល់ថ្លើមរបស់អ្នក ដោយផ្ទាល់ និងជួយឲ្យឈាមកក នៅពេលមានរបួស។

• វីតាមីន K2 ឬ menaquinone កកើតឡើងដោយសារបាក់តេរី និងអាចធ្វើដំណើរទៅសរសៃឈាម ឆ្អឹង និងជាលិកាផ្សេងៗទៀត (ក្រៅពីថ្លើម) របស់អ្នកបានដោយផ្ទាល់។

• វីតាមីន K3 ឬ menadione គ្រាន់តែជាទម្រង់សំយោគប៉ុណ្ណោះ។ ទារកដែលចាក់ថ្នាំ ជាតិវីតាមីន K3 នេះ សុទ្ធតែមានជាតិពុលនៅក្នុងខ្លួន។

ក្នុងចំណោមប្រភេទទាំង ៣ នេះ វីតាមីន K2 ជាជម្រើសល្អបំផុត សម្រាប់សុខភាព ព្រោះវាជាវីតាមីនធម្មជាតិ និងគ្មានជាតិពុល។

វីតាមីន K2 ជួយការពារបេះដូង

វីតាមីន K2 ជួយការពារ ការឡើងរឹងនៃសរសៃឈាម អារទែ ដែលជាកត្តាទូទៅ របស់ជំងឺសរសៃឈាមបេះដូង និងជំងឺខ្សោយបេះដូង។ ការស្រាវជ្រាវបានបង្ហាញថា វីតាមីន K2 អាចជួយទប់ស្កាត់មិនឲ្យ ជាតិកាល់ស្យូម ជ្រៀតចូលក្នុងបន្ទាត់សរសៃឈាម និងជាលិការាងកាយផ្សេងទៀត ដែលអាចបណ្តាលឲ្យមាន ការខូចខាត និងបង្កជាជំងឺបានឡើយ។

វីតាមីន K2 ជួយបង្ការជំងឺពុកឆ្អឹង

វីតាមីន K2 ជាអាហាររូបត្ថម្ភ សំខាន់បំផុត សម្រាប់ធ្វើឲ្យសុខភាពឆ្អឹង របស់អ្នកមានភាពប្រសើរឡើង។ វាដើរតួដូចជា “កាវស្អិត” យ៉ាងអញ្ចឹង ពីព្រោះ វាជួយទាញយក កាល់ស្យូម និងសារធាតុរ៉ែផ្សេងទៀត ទៅកាន់ឆ្អឹងរបស់អ្នក។

• ការសិក្សាសាកល្បងជាច្រើន របស់ជប៉ុន បានបង្ហាញថា វីតាមីន K2 អាចព្យាបាល បញ្ហាពុកឆ្អឹង និងបង្កើនម៉ាសឆ្អឹងទៀតផង។

• ការសិក្សាចំនួនប្រាំពីរ រួមបញ្ចូលគ្នា របស់ប្រទេសជប៉ុនដដែល បានបង្ហាញថា វីតាមីន K2 បានធ្វើឲ្យហានិភ័យបាក់ឆ្អឹងកងខ្នងថយចុះដល់ទៅ ៦០% និងឆ្អឹងនៅផ្នែកផ្សេងៗទៀតក្នុងរាងកាយរហូត ៨០% ឯណោះ។

• អ្នកស្រាវជ្រាវ នៅឯ ប្រទេសហូឡង់ បានលើកឡើងថា វីតាមីន K2 មានសមត្ថភាពអាចបង្កើតបាន សារធាតុ osteocalcin ដែលជាអ្នកធ្វើឲ្យឆ្អឹង មានភាពលូតលាស់ ដល់ទៅបីដងឯណោះ។ 

គួរបញ្ជាក់ផងដែរថា ឆ្អឹងរបស់អ្នក មិនអាចរឹងមាំបាន ដោយសារតែ ជាតិកាល់ស្យូម មួយមុខឡើយ ព្រោះវាត្រូវការ ជាតិរ៉ែជាច្រើន បន្ថែមទៀត។ ប្រសិនបើអ្នក ផ្តោតទៅលើតែជាតិកាល់ស្យូមនោះ អ្នកនឹងធ្វើឲ្យឆ្អឹងរបស់អ្នកប្រែជាខ្សោយ និងឆាប់ពុក ទៅវិញជាមិនខានទេ។ ឧទាហរណ៍ ដូចជាមនុស្សមួយចំនួន ដែលចូលចិត្តញ៉ាំតែទឹកដោះគោ និងបែរជាមិនចូលចិត្តទទួលទានបន្លែជាដើម។

វីតាមីន K ជួយបង្ការជំងឺមហារីក

ការសិក្សាមួយរបស់ International Journal of Oncology បានចេញផ្សាយថា វីតាមីន K អាចពន្យឺត ការលូតលាស់កោសិកាមហារីក របស់អ្នកជំងឺមហារីកសួត បានទៀតផង។ រីឯក្នុងឆ្នាំ ២០០៨ ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ បានរកឃើញថាវីតាមីន K ផ្តល់ការការពារប្រឆាំង នឹងជំងឺមហារីកក្រពេញប្រូស្តាត ដល់ទៅ ៥០% ដែលនេះជាជំងឺទូទៅមួយខ្ពស់បំផុត របស់បុរសៗ ពាសពេញ សហរដ្ឋអាមេរិក។

វីតាមីន K ត្រូវបានរកឃើញជា អត្ថប្រយោជន៍ សម្រាប់ប្រយុទ្ធប្រឆាំង មហារីក ពោះវៀនធំ ក្រពះ និងមាត់ផងដែរ។

អត្ថប្រយោជន៍បន្ថែមទៀត

• វីតាមីន K សំយោគប្រូតេអ៊ីនដែល ដើរតួនាទីយ៉ាងសំខាន់ ដើម្បីឲ្យកកឈាមនិងបញ្ឈប់ការហូរឈាម

• កង្វះវីតាមីន K2 អាចជាកត្តារួមចំណែកទៅនឹង ជំងឺបាត់បង់ការចងចាំ ហេតុនេះការប្រើថ្នាំគ្រាប់វីតាមីន K2 អាចជួយក្នុងការពារ បានយ៉ាងមានប្រសិទ្ធភាព

• វីតាមីន K2 ធ្វើឲ្យដំណើរការអាំងស៊ុយលីន ប្រសើរឡើង ដែលជួយការពារមិនឲ្យ កើតជំងឺទឹកនោមផ្អែម

• វីតាមីន K អាចជួយកាត់បន្ថយស្នាមជាំ

• វីតាមីន K ជាវីតាមីនរបស់ធម្មជាតិ គ្មានសារជាតិគីមី។

អ្នកណាខ្លះត្រូវការ វីតាមីន K ?

ប្រសិនបើ ក្រុមគ្រួសាររបស់អ្នកមាន ប្រវត្តិធ្លាប់កើតមាន ជំងឺពុកឆ្អឹង និងជំងឺបេះដូងនោះ អ្នកគួរតែ ទទយលទានអាហារដែលមានផ្ទុក វីតាមីន K ជារៀងរាល់ថ្ងៃ។ អ្នកគួរតែ បរិភោគបន្លែបៃតង ឲ្យបានច្រើន ដើម្បីទទួលបាន វីតាមីន K គ្រប់គ្រាន់។ សម្រាប់អ្នក ដែលមានបញ្ហាបេះដូង អាចទទួលទានថ្នាំគ្រាប់ វីតាមីន K បន្ថែមបាន ដើម្បីធានាថា សរសៃឈាមរបស់អ្នកមិនកក។ អ្នកដែលមិនចូលចិត្តបរិភោគបន្លែ ក៏អាចញ៉ាំថ្នាំគ្រាប់ វីតាមីន K បានផងដែរ។

អ្នកណាខ្លះ មិនគួរទទួលទាន វីតាមីន K ?

ស្រ្តីកំពុងមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ត្រូវជៀសវាង ការប្រើថ្នាំវីតាមីន K លើសកំណត់ លុះត្រាតែជាវេជ្ជបញ្ជា ចេញពីគ្រូពេទ្យ។ សម្រាប់អ្នកដែល ធ្លាប់ជួបប្រទះបញ្ហាដាច់សរសៃឈាម គាំងបេះដូង ឬងាយកកឈាម ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលទាន វីតាមីន K ៕ 

ប្រភព៖ Bright Side | Mercola.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]