អាមេរិក៖ បុរសម្នាក់ បានរងរបួសជាទម្ងន់ ក្រោយពីរអិលខ្លួនលេង ជាមួយនឹងឧបករណ៍កម្សាន្តមួយប្រភេទ ឬហៅថា ក្តារអិលលើទឹក “Water Slide” ខណៈដែល ល្បឿនរអិលលឿនពេក មិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្តាលឲ្យគ្រវែង បុរសរងគ្រោះខ្ទាតចេញតែម្តង។

ប្រភពបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ David Salmon បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ក្រោយពីរូបលោក បានរអិលធ្លាក់ចេញពី គែមនៃឧបករណ៍កម្សាន្ត រអិលលើទឹក បណ្តាលមកពីរអិលលឿន បោះពួយធ្លាក់ទៅក្រោម ប៉ះជាមួយនឹងដុំថ្ម បណ្តាលឲ្យបាក់ដៃ និងបាក់ឆ្អឹងជំនី យ៉ាងអាណោចអាធ័ម។

ជាមួយគ្នានេះដែរ តាមរយៈខ្សែវីដេអូឃ្លីប ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងថតបានដោយមិត្តភក្តិរបស់គាត់ម្នាក់ ដែលបានឈរមើលបណ្តើរ និងថតពីសកម្មភាពរបស់លោក David បណ្តើរ បានបង្ហាញឲ្យឃើញថា លោក David កំពុងតែដេករអិលលេង ជាមួយនឹងឧបករណ៍កម្សាន្តមួយនេះ ពីចំណុចចាប់ផ្តើម (ខាងលើ) រហូតដល់ក្រោម តែជាអកុសលដោយសារតែល្បឿនលឿន មិនអាចគ្រប់គ្រងស្ថានភាពបាន លុះដល់ត្រង់ចំណុចរអិលកែង លោក David ក៏បានរអិលខ្ទាតចេញតែម្តង។

បើតាមការរៀបរាប់របស់លោក David បានឲ្យដឹងថា «ខ្ញុំធ្លាប់ដេករអិលលេង ជាមួយនឹងក្តាររអិលនេះ ពីរទៅបីដងទៅហើយ វាពិតជាលឿនណាស់។ ប៉ុន្តែសម្រាប់លើកនេះវិញ វាលឿនដល់ថ្នាក់ ខ្ញុំមិនអាចទប់ល្បឿនរបស់វាទាន់ ជាហេតុធ្វើឲ្យដៃរបស់ខ្ញុំម្ខាង ចេញទៅផ្នែកខាងក្រៅគែមរបស់វា ជាហេតុធ្វើឲ្យខ្ញុំ មិនអាចធ្វើអ្វីបាន ក៏ខ្ទាតធ្លាក់ចេញតែម្តងទៅ»

ស្របពេលជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុក របស់លោក David ផ្ទាល់ក៏បានអះអាងប្រាប់ថា រូបលោកគាត់បានបាក់ដៃ និងឆ្អឹងជំនី ហើយនេះក៏ជាលទ្ធផល ដែលទទួលបានពីការដេករអិលលេង នៃឧបករណ៍កម្សាន្តមួយនេះផងដែរ។ រូបលោកបានសរសេរបន្តទៀតថា៖ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យនៅឡើយទេ និងថែមទាំងមានរងរបួសផ្នែកខ្នង ជាច្រើនកន្លែងទៀតផងដែរ។

គូសបញ្ជាក់ដែរ ហេតុការណ៍នេះកើតឡើង នៅផ្ទះមួយកន្លែង នៅ Lake Travis ក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ហើយនេះក៏ជាសារមួយ សម្រាប់ប្រិយមិត្ត ដែលចូលចិត្តកម្សាន្តជាមួយនឹង ឧបករណ៍ក្តាររអិលលើទឹកមួយនេះ ដើម្បីបង្កើនការប្រុងប្រយ័ត្នផងដែរ ជៀសវាងគ្រោះថ្នាក់ចៃដន្យណាមួយ ដែលមើលមិនឃើញកើតឡើងជាយថាហេតុ ជាក់ស្តែងដូចលោក David នេះផ្ទាល់តែម្តង ៕

ទស្សនាវីដេអូ៖ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកសម្រាប់ករណីមួយវិញទៀត ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងញាក់សាច់មួយ បានកើតឡើង ខណៈពេលដែល មនុស្សជាច្រើន កំពុងតែជិះនៅលើកងបង្វិល ឈ្មោះថា «Disco Dancer» លេងយ៉ាងសប្បាយ ស្រាប់តែដាច់ធ្លាក់ចុះមកដី បណ្តាលឲ្យមនុស្សនៅលើនោះ ស្លាប់ និងរងរបួស យ៉ាងអាណោចអាធ័ម។

បើតាមខ្សែវីដេអូឃ្លីប មានរយៈពេល ៣០វិនាទី ដែលថតបានទិដ្ឋភាព នៅពេលកើតហេតុទាំងមូល បានបង្ហាញឲ្យឃើញ មនុស្សជាច្រើនបានស្រែក និងសើចយ៉ាងសប្បាយ នៅពេលបានជិះកងបង្វិលនោះ ប៉ុន្តែមួយរំពេចក្រោយមក រឿងហេតុអកុសល ក៏ស្រាប់តែបានកើតឡើងតែម្តង ដោយកងបង្វិលនោះ បានដាច់ធ្លាក់ចុះមកដី និងគ្រវែង អ្នកជិះនៅលើនោះចេញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ចំនួន៧នាក់ផ្សេងទៀត រងរបួសធ្ងន់។

គួរបញ្ជាក់ផងដែរថា មនុស្សចំនួន ២៨នាក់ ដែលបានជិះ នៅលើកងបង្វិល Disco Dancer នោះ គឺសុទ្ធសឹងតែជាកម្មករ នៅឯឧស្យានមួយកន្លែងឈ្មោះ Chennai Kishkinta Amusement Park ស្ថិតក្នុងប្រទេសឥណ្ឌា។

គួររំលឹកឲ្យដឹងផងដែរថា កងបង្វិលនោះបានខូច និងបាក់ បន្ទាប់ពីមានទឹកជំនន់ជន់លិច តែក្រោយមកត្រូវបានជួសជុលវិញ។ ដោយសារតែ ចង់ដឹងថា វាដំណើរវិញ ឬក៏អត់ ម្ចាស់របស់វា ក៏បានឲ្យកម្មករទាំងអស់នោះ ឡើងជិះសាកល្បង ហើយក៏ជួបរឿងអកុសល នេះតែម្តង។

កម្មករម្នាក់ ឈ្មោះ Lokesh អាយុ១៧ឆ្នាំ ដែលបានស្ថិតនៅលើកងបង្វិល នៅពេលកើតហេតុ បានប្រាប់ឲ្យដឹងថា «យើងបាននិយាយថា យើងនឹងមិនចូលរួម សាកល្បងឡើយ ប៉ុន្តែយើងត្រូវបានគេបង្ខំឲ្យសាកល្បង ហើយបន្ទាប់ពីកងនោះ បង្វិលបាន២ជុំ ស្រាប់តែមានសម្លេងចម្លែកបន្លឺឡើង តែម្តង។ កម្មករជាច្រើននាក់ បានស្រែក និងចង់ចុះទៅវិញ ប៉ុន្តែអ្នករៀបចំ នៅតែបន្តបង្វិលវាដដែល»។

លោក Velan ឪពុករបស់ Lokesh បានបន្ថែមថា «Lokesh ត្រូវគេបង្ខំឲ្យឡើងជិះ។ ឥឡូវនេះ ដៃរបស់ Lokesh ត្រូវបាក់ ចំនែកឯផ្ទៃមុខ និងជើង ក៏រងរបួសស្រាលទៀត។ ខ្ញុំមិនគួរណាឲ្យគេ ទៅធ្វើការនោះឡើយ»។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ ម្ចាស់ និងអ្នកគ្រប់គ្រង នៅទីនោះ ត្រូវបានប៉ូលិសឃាត់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]