ចិន៖ កាលពីពេលថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ បាននាំទារកជាកូន មកដើរលេងកម្សាន្តក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសចិន តែចៃដន្យអាក្រក់ បែរជាកើតមានហេតុការណ៍ដ៏រន្ធត់ទៅវិញ។

តាមរយៈវីដេអូឃ្លីបបានបង្ហាញពី ស្រី្តជាម្តាយបានបាត់បង់លំនឹង ក្នុងការចាប់រទេះរុញ  ដែលជាហេតុធ្វើឱ្យកូនរបស់នាង ធ្លាក់ពីកាំជណ្តើរយន្តជាមួយរទេះរុញ ទៅខាងក្រោមជាច្រើនកាំ ធ្វើឲ្យនាងស្ទុះរត់ទៅជួយកូន និងឈរអោបកូនរបស់នាង នៅឯបាតជណ្តើរយន្តជាច្រើននាទី ខណៈដែលមិនបង្ករបួសស្នាមដល់អ្នកដទៃ  ដែលឈរនៅខាងក្រោម។ គួររំលឹកផងដែរ នៅពេលដែលនាង បានរត់មកជួយកូនរបស់នាង នៅឯបាតក្រោមជណ្តើរយន្ត ក៏មានអ្នកមកជួយ ចុចប៉ូតុងសង្គ្រោះបន្ទាន់ផងដែរ ដើម្បីឱ្យជណ្តើរយន្តនោះឈប់ដំណើរការ បើមិនដូច្នោះទេ មិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ។

យ៉ាងណាមិញ ក៏មិនមានការរាយការណ៍ណាមួយបញ្ជាក់ថា ទារកដែលមានអាយុមិនដល់ ១ឆ្នាំនេះ បានរងគ្រោះដល់កម្រិតណានោះទេ គ្រាន់តែអាចដឹងថា ទារកនេះបានរងរបួស ហើយវីដេអូនេះ ក៏ត្រូវបានបង្ហោះ ក្នុងបណ្តាញសង្គម ដែលមានអ្នកទស្សនាប្រមាណជាច្រើនជាង ៤,៥០០ ដង រួចមកហើយ។

នេះជាមេរៀនមួយ ដែលស្ដ្រីជាម្ដាយ ឬអាណាព្យាបាលទារកទាំងឡាយ មិនគួរណាដាក់ទារកនៅក្នុងរទេះរុញ នៅពេលជិះជណ្ដើរយន្ដនោះទេ គួរណាតែលើកទារកចេញមកបី ឬប្រើប្រាស់ជណ្ដើរយន្ដប្រអប់ប្រសើរជាង៕

ប្រភព៖ បរទេស

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៥ នៅក្នុងប្រទេសចិនកន្លងទៅនេះ ក៏មានរឿងរ៉ាវ ស្រ្តីជាម្តាយសុខចិត្តលះបង់ជីវិត ជួយកូនតូច ឲ្យរួចផុតពីគ្រោះថ្នាក់ ដ៏រន្ធត់មួយ ទាក់ទងនឹងជណ្ដើរយន្ដ នៅក្នុងផ្សារទំនើបមួយកន្លែង និងត្រូវបានបណ្ដាសារព័ត៌មានធំៗ នៅជុំវិញ ពិភពលោក ធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។

នេះបើយោងតាមប្រភពវីដេអូ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបនោះ បានបង្ហាញ ឲ្យឃើញថា ស្រ្តីម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីជណ្តើរយន្ត មួយខ្សែ បានបាក់ស្រុត បណ្តាលឲ្យនាង ផុង និងគៀបគាប់ ត្រឹមពាក់កណ្តាលខ្លួន រួចធ្លាក់ចុះទៅក្រោម ស្លាប់ភ្លាមៗ តែម្តង។ ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងផ្សារទំនើប មួយកន្លែង ស្ថិតក្នុងទីក្រុង Jingzhou ខេត្ត Hubei កាលពីថ្ងៃសៅរ៏ ទី២៥ ខែកក្កដា កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីរងគ្រោះ ជាម្តាយរូបនោះ បានប្រើវេលាចុងក្រោយ លើកកូនប្រុសតូច របស់នាង ចេញពីជណ្តើរ ដែលបាក់ស្រុតនោះ ឲ្យមានសុវត្ថិភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]