បរទេស៖ អ្នកវិទ្យសាស្ត្ររកឃើញថា ដាក់សត្វមាន់ក្បែរគ្រែគេង អាចជួយការពារប្រឆាំង និងជំងឺគ្រុនចាញ់បានយ៉ាងមានប្រសិទ្ធភាព។

នេះបើយោងតាមប្រភពសារព័ត៌មាន អន្តរជាតិបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិស៊ុយអែត និងអេត្យូពី បានរកឃើញថា ជំងឺគ្រុនចាញ់ ដែលបង្កឡើងដោយសារមូសខាំនេះ នឹងចៀសផុតឆ្ងាយពីអ្នក ជាក់ជាពុំខាន ដោយសារតែមូសចាញ់ក្លិន សត្វមាន់ និងសត្វបក្សីជាច្រើនទៀត។

ការអះអាងនេះ ដោយផ្អែកលើការពិសោធន៍ជាច្រើន ដែលបានធ្វើឡើងនៅភាគខាងលិច នៃប្រទេសអេត្យូពី ដោយបានព្យួរមាន់រស់ នៅក្នុងទ្រុងដែកមួយ រួចដាក់ក្បែរគ្រែគេងរបស់អ្នកស័្មគ្រចិត្តម្នាក់ ហ៊ានក្នុងការពិសោធន៍នេះ ខណៈគេសង្កេតឃើញថា សត្វមូសមិនហ៊ានចូលក្បែរឡើយ។

ក្រុមអ្នកវិទ្យាសាស្រ្ត ដែលបានធ្វើការស្រាវជ្រាវ លើករណីមួយនេះ បានបោះពុម្ភជាសៀវភៅណែនាំមួយ “Malaria Journal” ដែលទាក់ទងជាមួយនឹងជំងឺគ្រុនចាញ់នេះ ដោយមានបញ្ជាក់ប្រាប់ថា សត្វមូសចេះប្រើវិញ្ញាណរបស់វា តាមរយៈការហិតក្លិន ដោយដឹងថាទីតាំងណាមួយ ដែលមានក្លិនសត្វ ឬមនុស្ស ដែលវាអាចខាំបាន។ ក្នុងនោះផងដែរ ក្លិនរបស់សត្វមាន់ គឺមានប្រសិទ្ធភាពណាស់​ ក្នុងការកំចាត់សត្វល្អិត ជាពិសេសសត្វមូសតែម្តង គឺមិនហ៊ានចូលជិតវាឡើយ។

ទន្ទឹមនោះផងដែរ សាកលវិទ្យាល័យ Addis Ababa ដែលបានធ្វើការសិក្សាស្រាវជ្រាវដែរនោះ បានលើកឡើងថា សមាសធាតុក្លិន ដែលភាយចេញពីរោមមាន់  គឺមានក្លិនគួរឲ្យខ្ពើមរអើម ឬអាចថាជាប្រភេទថ្នាំមួយ ដែលធ្វើឲ្យសត្វល្អិត មិនហ៊ានចូលជិត។

គូសបញ្ជាក់ដែរថា ពពួកប៉ារ៉ាស៊ីតនៃជំងឺគ្រុនចាញ់នេះ មុនពេលដែលវាចូលទៅបំផ្លាញ ក្នុងចរន្តឈាមរបស់មនុស្ស ដំបូងឡើយពពួកមេរោគប៉ារ៉ាស៊ីតនេះ បានសម្ងំលាក់ខ្លួន នៅក្នុងថ្លើមរបស់មនុស្ស ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសារត្រូវសត្វមូសខាំ។

ស្របពេលជាមួយគ្នាដែរ តាមរយៈការឲ្យដឹងពី អង្គការសហប្រជាជាតិ កាលពីឆ្នាំមុននេះ អត្រាអ្នកស្លាប់ ដោយសារតែជំងឺគ្រុនចាញ់ មានប្រមាណជា ៤សែននាក់ ក្នុងទ្វីបអាហ្រ្វិក ខណៈខាងមន្រ្តីសុខាភិបាល ក៏កំពុងតែស្វែងរកវិធីសាស្រ្តថ្មី ដើម្បីកំចាត់ និងការពារ ការរីករាលដាល នៃជំងឺគ្រុនចាញ់នេះផងដែរ៕

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយមួយវិញទៀត សម្រាប់ករណីទារកដែលកើតមក មានក្បាលតូចនៅបន្ដ កើតមានឡើងដដែល នៅក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែង អ្នកវិទ្យាសាស្ដ្រ និយាយថា ពួកគេបានរកឃើញភស្ដុតាងថ្មី ដែលជាប់ពាក់ព័ន្ធនឹង ការកើនឡើងនៃវីរុស ឈ្មោះថា Zika។

Microcephaly គឺជាជំងឺប្រព័ន្ធប្រសាទ ដែលទារកទើបតែនឹងកើតមក មានលលាដ៍ក្បាល និងខួរក្បាលតូច ហើយត្រូវបានគេជឿជាក់ថា វាបង្កឡើងដោយមេរោគមូស និងត្រូវបានគេប្រទះឃើញមាន តាំងពីឆ្នាំ ១៩៤៧ ក្នុងអាហ្វ្រិក។ យ៉ាងណាមិញ ករណីដំបូងនៃវីរុសនេះ ត្រូវបានគេរកឃើញ កាលពីឆ្នាំមុន ក្នុងប្រទេសប្រេស៊ីល ដែលជាហេតុនាំឲ្យ ក្រសួងដែលជាប់ពាកព័ន្ធ បានធ្វើការប្រកាស និងព្រមានទៅដល់ស្ដ្រីមានផ្ទៃពោះ ទាំងឡាយ ត្រូវជៀសវាងកុំឲ្យ មូសខាំ។

នេះបើតាមការរាយការណ៍ចេញពីក្រសួងសុខាភិបាលប្រទេសប្រេស៊ីល បានឲ្យដឹងថា ករណីដែលមានជំងឺ Microcephaly ត្រូវបានគេសង្ស័យថា បានកើនឡើងពី ៣,៥៣០ ដល់ ៣,៨៩៣ ករណី គិតត្រឹមថ្ងៃទី ១៦ ខែមករានេះ។ ក៏ដូចជា កាលពីថ្ងៃអង្គារមុននេះ អ្នកវិទ្យាសាស្ដ្រប្រេស៊ីល បានស្វែងរកឃើញភស្ដុតាងថ្មីមួយទៀត ដែលអាចបញ្ជាក់ថា វីរុស Zika នេះគឺ ជាអ្នកបង្កឲ្យមានជំងឺ Microcephaly ។​ នៅក្នុងនោះ ពួកគេបានប្រទះឃើញ វីរុស Zika នេះ នៅក្នុងសុករបស់ស្ដ្រី ដែលបានរលូតកូន ដែលបញ្ជាក់ថា វីរុសនេះ អាចឆ្លងចូលទៅក្នុងទារក នៅក្នុងផ្ទៃ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្របានរកឃើញ វីរុស Zika នៅក្នុងទឹកភ្លោះរបស់ ស្ដ្រីមានផ្ទៃពោះពីររូប។

ចុចអានបន្ត៖ រីករាលដាល វីរុស Zika ឆ្លងតាមមូសខាំ ធ្វើឲ្យទារករាប់ពាន់នាក់ កើតមកមានក្បាលតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]