ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ យុវជនក្រោមអាយុ ១៦ឆ្នាំប្រចាំតំបន់អាស៊ាន ឬពាន AFF U16 Championship ឆ្នាំ២០១៦ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺមានក្រុមយុវជនវៀតណាម និងក្រុមកីឡាករមាឌធំអូស្ដ្រាលី ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមការពារតំណែងជើងឯកថៃ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ ។

សម្រាប់ក្រុមយុវជនវៀតណាម បានយកឈ្នះក្រុមយុវជនកម្ពុជា ទាំងពិបាកកាលពីយប់មិញជាមួយនឹងលទ្ធផល ១-០ ។ ការប្រកួតនេះក្រុមភ្ញៀវវៀតណាម បានដាក់សម្ពាធខ្លាំងនៅដើមតង់ទី១ ហើយថែមទាំងរកបានគ្រាប់បាល់នាំមុខ ១-០ លើក្រុមយុវជនកម្ពុជា ដោយកីឡាករ Nguyen Xuan Kien នៅនាទីទី២៨ ទៀតផង ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ យ៉ាងណាមិញក្រុមយុវជនកម្ពុជា ក៏មានឱកាសវាយបាកនៅចុងតង់ទី១ និងតង់ទី២ផងដែរ ប៉ុន្ដែធ្វើមិនអាចទម្លាយរបាំងការពារក្រុមវៀតណាមបានឡើយ ។

ចំណែកក្រុមយុវជនអូស្ដ្រាលី បានយកឈ្នះក្រុមយុវជនថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីជាមួយនឹងលទ្ធផល ៥-៤ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផលស្មើគ្នា ៣-៣ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកថៃ ខកចិត្តជាខ្លាំង បន្ទាប់ពីធ្វើការនាំមុខ ៣-២ លើក្រុមយុវជនអូស្រ្ដាលី រហូតដល់នាទីទី៩០ទៅហើយ បែរជាភ្លាត់ស្នៀតឲ្យរបូតគ្រាប់បាល់នៅនាទីទី៩០+២ ទើបបណ្ដាលឲ្យមានការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយមិនមានម៉ោងបន្ថែម ១៥នាទីតែម្ដង ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងអតីតក្រុមជើងឯកឆ្នាំ២០១០ វៀតណាម និងអតីតក្រុមជើងឯកឆ្នាំ២០០៨ អូស្ដ្រាលី នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីលដ្ឋាន។ ជាមួយគ្នានោះក្រុមយុវជនកម្ពុជា ក៏ត្រូវជួបក្រុមយុវជនថៃ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ AFF U16 Championship ឆ្នាំ២០១៦ នេះផងដែរ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា បានវិលមកជួបក្រុមនៅជិតរបងគ្នា U-16 វៀតណាម ជាថ្មីនាម៉ោង ៦៖៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF U-16 Youth Championship 2016 ក្រោយខកខានជួបគ្នា៣ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នាំ២០១៣ មក។

នេះជាការជួបគ្នាលើកទី១ នៅទឹកដីកម្ពុជា ក្នុងនាមជាក្រុមឆ្លងផុតនៃវគ្គជម្រុះពាន AFF U-16 ឆ្នាំ២០១៦ ពូលផ្សេងគ្នា ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយវៀតណាម ជាក្រុមលេខ១ ចេញពីពូល A គ្រាដែលម្ចាស់ផ្ទះកម្ពុជា លេខ២ ចេញពីពូល B ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។  

U-16 កម្ពុជា ពុំធ្លាប់លេងឈ្នះ U-16 វៀតណាម ម្តងណាឡើយ សូម្បីតែស្មើក៏គ្មានដែរ ពោលគឺចាញ់តែរហូតក្នុងប្រវត្តិ ជួបគ្នា ៤ប្រកួតចុងក្រោយមកនេះតាំងពីឆ្នាំ២០០៩មក ក្រោមលទ្ធផល ៧-១, ៤-១, ៥-០ និងចុងក្រោយឆ្នាំ២០១៣ កម្ពុជា បន្តចាញ់ ៦-០ ទៀត សុទ្ធតែការប្រកួតធ្វើឡើងនៅទឹកដីកណ្តាលទាំងអស់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]