វៀតណាម៖ ធ្លាប់តែឃើញ ប៉ូលិសចរាចរណ៍ ផាកពិន័យ អ្នកបើកបរខុសច្បាប់ ដោយការបង់ប្រាក់ពិន័យ ឬផ្សេងៗ តែប៉ូលិសចរាចរណ៍ ជនជាតិវៀតណាមម្នាក់នេះវិញ លេងអស់ទាស់ សុទ្ធតែធាក់ អ្នកបើកបរខុសច្បាប់ ជិះបញ្រ្ចាសផ្លូវម្នាក់ ដួលច្រងាប់ច្រងិល នៅលើដងផ្លូវ ដែលហេតុការណ៍នេះកើតឡើងក្នុង ទីក្រុងហាណូយ។

សកម្មភាពដ៏ហួសចិត្តរបស់ប៉ូលិសម្នាក់ ធាក់អ្នកដំណើរ ដោយតែគ្រាន់តែជិះបញ្រ្ចាសផ្លូវ មួយនេះ ត្រូវបានគេថតបានជាវីដេអូ ហើយកំពុងតែចែកចាយតៗគ្នា ក្នុងអ៊ិនធើណេតទៀតផង ។ យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ប៉ូលិសរូបនេះ ត្រូវបានព្យួរពីការងារហើយ ដោយសារប្រព្រឹត្តនូវសកម្មភាពចេតនា ហើយខ្វះការគិតពិចារណា។

ក្នុងវីដេអូ គេសង្កេតឃើញថា ប៉ូលិសម្នាក់នេះពិតជាមានចេតនា ធាក់អ្នកដំណើរនោះមែន ធ្វើឲ្យពួកគេធ្លាក់ពីលើម៉ូតូ ដួលនៅលើគុម្ពសួនមួយនៅចំកណ្តាលផ្លូវ ដែលមើលទៅ គឺជាទង្វើដ៏គ្រោះថ្នាក់ ដែលអាចនឹងរាប់ចូល ជាអំពើឃាតកម្ម និងប៉ះពាល់ដល់ជីវិតផងដែរ ។

ដោយយោងតាមមន្ត្រីប៉ូលិសចរាចរណ៍ដែលជាថ្នាក់លើ បានបង្ហាញរបាយការណ៍ឲ្យដឹងថា ប៉ូលិសដែលបង្កសកម្មភាព ខ្វះការគិតពិចារណារូបនេះ បានព្យួរការងារ ហើយនឹងរងចាំការផ្តន្ទាទោសទៀតផង។ ចំនែកឯប៉ូលិសដែលបង្កហេតុនេះវិញ ក៏បានសារភាពដែរថា រូបគេគ្រាន់តែចង់បញ្ឈប់ អ្នកដំណើរជិះបញ្រ្ចាសផ្លូវ និងមិនពាក់មួកសុវត្ថិភាពខុសច្បាប់ ហើយព្យាយាមជិះគេចតែប៉ុណ្ណោះ ។

តែយ៉ាងណាមិញជនរងគ្រោះ ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ជាង២លានដុងផងដែរ (៩២ ដុល្លារ) ហើយចំពោះយានជំនិះវិញ ត្រូវបានខាងប៉ូលិសរក្សាទុករយៈពេល១ខែ៕

ប្រភព៖ Dailymail | News Asian Town

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត  អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែនាងបានឲ្យជនរងគ្រោះទឹកជំនន់ លើកបីនាង ដើម្បីកុំឲ្យស្បែកជើងដែលមានតម្លៃថ្លៃរបស់នាងប្រឡាក់ និងសើម។

ហេតុការណ៍ដ៏ហួសចិត្តនេះ កើតឡើងនៅប្រទេសមិុចស៊ិក ដែលអ្នករាយការណ៍ស្រី សញ្ជាតិ មិុចស៊ិកម្នាក់នេះ មានឈ្មោះថា Lydia Cumming ជាបុគ្គលិកបំរើការងារឲ្យក្រុមហ៊ុនទូរទស្សន៍មួយឈ្មោះថា Azteca Puebla។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រកន្លងទៅនេះ នៅទីក្រុង Peubla ប្រទេសមិុចស៊ិក បានរងគ្រោះទឹកជំនន់ បណ្តាលឲ្យមានការលិចទឹកនៅតាមដងផ្លូវ ហេតុដូច្នេះហើយទើបធ្វើឲ្យនាង Lydia ដែលជាអ្នករាយការណ៍ព័ត៌មាន បានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ តែស្របពេលជាមួយគ្នានោះដែរ រូបនាងត្រូវគេថតបានសកម្មភាព របស់នាង កំពុងឲ្យជនរងគ្រោះដោយសារទឹកជំនន់ ជួយលើកបីនាង ដើម្បីការពារកុំឲ្យស្បែកជើងមានតម្លៃរបស់នាង ប្រឡាក់នឹងទឹក។ 

បន្ទាប់មករូបភាពនេះ ត្រូវបានចែកចាយតៗគ្នានៅលើអិុនធើណែត ហើយនាងក៏ត្រូវបានគេបញ្ឍប់ពីការងារតែម្តង។​ ក្នុងនោះអ្នកគ្រប់គ្រងរបស់នាង បានសរសេរលើបណ្តាញសង្គម Twitter ថា «សម្រាប់រឿងដែលបានកើតឡើងថ្មីៗនេះ នាងត្រូវបានបញ្ឍប់ពីការងារ ដោយសារតែសកម្មភាពមួយនេះ មិនអាចទទួលយកបាន» ។

គួរបញ្ជាក់ផងដែរ អ្នករាយការណ៍ព័ត៌មានស្រីរូបនេះ ក៏បានចេញមុខអះអាងផងដែរ ដោយយោងតាមទស្សនាវដ្ដី El Pais នាងបាននិយាយថា តាមពិតទៅនាងក៏មិនចង់ដែរ តែជនរងគ្រោះទេ ដែលចង់ជួយនាង ហើយនាងគួរតែបដិសេធភ្លាមៗដែរ ប៉ុន្តែវាហាក់បីដូចជាមិនសមរម្យពេក ប្រសិនបើនាងបដិសេធបំណងល្អរបស់ពួកគេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]