ចិន៖ កាលពីថ្ងៃពុធម្សិលមិញនេះ មានឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង ដោយយន្តហោះមួយគ្រឿងប្រភេទ Cessna 208 បានហោះបោះពួយ ទៅបុកនឹងស្ពានមួយកន្លែង ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលបណ្តាលឲ្យមនុស្ស៥នាក់ បានស្លាប់បាត់បង់ជីវិត។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា យន្តហោះខ្នាតតូចប្រភេទ Cessna 208 ដែលជាប្រភេទយន្តហោះមួយ មានសមត្ថភាពអាចបើកបរ លើផ្ទៃទឹកបាននេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Joy General Aviation ដែលបានធ្វើការហោះហើរ ពីតំបន់ Jinshan នៃទីក្រុងសៀងហៃ ទៅកាន់ខេត្ត Zhejiang ដោយផ្ទុកមនុស្សចំនួន ១០នាក់។

ប្រភពបន្តថា មិនដឹងជាមូលហេតុអ្វី ស្រាប់តែយន្តហោះមួយគ្រឿងនេះ ហោះបោះពួយ ទៅបុកនឹងគែមស្ពានហាយវ៉េ កាត់សមុទ្រមួយខ្សែ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងសៀងហៃតែម្តង ដែលបណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និង៥នាក់ផ្សេងទៀត បានរងរបួសផងដែរ។

ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយ នៅលើប្រព័ន្ធអីុនធឺណែត ដោយព័ត៌មានសៀងហៃ ដែលបានបង្ហាញយ៉ាងច្បាស់ក្រោយពីកើតហេតុ នៃទិដ្ឋភាពយន្តហោះមួយគ្រឿងនេះ គឺក្បាលរបស់វានៅលើស្ពាន រីឯកន្ទុយវិញ សំយុងធ្លាក់លើផ្ទៃទឹក។

បើតាមការឲ្យដឹង ពីរដ្ឋាភិបាលក្នុងតំបន់ បានបញ្ជាក់ប្រាប់ថា «នៅលើយន្តហោះរួមមាន ភីឡុត ភីឡុតរង និងអ្នកដំណើរចំនួន ៨នាក់ទៀតផងដែរ ប៉ុន្តែអ្នកដំណើរទាំង៨នាក់នោះ មិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយនោះទេ ហើយក្នុងនោះ ក៏មានអ្នកកាសែតយកការណ៍ផងដែរ ព្រោះយន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះថ្មី ដែលទើបតែ ចេញការហោះហើរជាលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ តែសំណាងមិនល្អក៏បានជួបរឿង ដ៏អកុសលមួយនេះតែម្តង»

គួសបញ្ជាក់ដែរថា ជុំវិញករណីឧបទ្ទេហេតុមួយនេះដែរ គេនៅមិនទាន់ដឹងច្បាស់ ពីមូលហេតុបង្កនៅឡើយនោះទេ ស្របពេលដែលបច្ចុប្បន្ន គឺស្ថិតក្រោមការស៊ើបអង្កេតពីមន្រ្តីជំនាញ ខណៈដែលខាងក្រុមហ៊ុនអាកាសចរណ៍ ក៏មិនទាន់បាន ចេញមុខធ្វើការអត្ថាធិប្បាយ បញ្ជាក់ប្រាប់នៅឡើយដែរ ៕

ទស្សនាវីដេអូ៖  

ប្រភព៖ Mirror | Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]