ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១២ អធិការនគរបាល ខណ្ឌទួលគោក ដឹកនាំដោយលោកហួត ចាន់យ៉ារ៉ាន់ បានធ្វើ សន្និសីទកាសែតបង្ហាញ មុខកូន ប្រុសមេភូមិ ទួលគោក និងបក្ខពួកសរុប៦នាក់ ពីបទបាញ់ បោះនិងដេញកាប់គ្នា បណ្ដាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ។ ខណៈ ដែលជនសង្ស័យ៥នាក់ផ្សេងទៀត ត្រូវបាន ដោះលែង បន្ទាប់ពីរកឃើញថា ពុំមានការជាប់ពាក់ព័ន្ធ ។

លោកហួត ចាន់យ៉ារ៉ាន់ បានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ រួមមានទី១ ឈ្មោះ ប្រាក់ សុភាវិនិត អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ ទី១០ នៃវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ,ទី២ឈ្មោះសុខ ដារ៉ា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ វិទ្យាល័យ ឥន្ទ្រទេវី ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ,ទី៣ ឈ្មោះគុជ វណ្ណរី អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យាល័យ ឥន្ទ្រទេវី រស់នៅភូមិទួលគោក សង្កាត់ទួល សង្កែ ,ទី៤ ឈ្មោះរ៉ា សុជាតិ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ,ទី៥ ឈ្មោះលន់ សិទ្ធិរាជ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី៦ ឈ្មោះជាំង សំបូរ អាយុ១៨ឆ្នាំ រស់នៅភូមិទួលគោក សង្កាត់ ទួលសង្កែ រីឯវត្ថុតាងដែលរឹបអូសបាន រួមមានកាំភ្លើងមួយដើម ម៉ាកប្រាហា ម៉ូតូពីរគ្រឿង រួមមាន ម៉ាក ជ១២៥ ស៊េរី ២០០៩ ពាក់ស្លាកលេខ ព្រៃវែង 1E-8697 និងទី២ ម៉ាក C125 ស៊េរី ២០១២ គ្មានស្លាកលេខ ។ ដោយឡែកជនរងគ្រោះ ឈ្មោះហេង សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាជាងជួសជុលម៉ាស៊ីនត្រជាក់ រស់ នៅសង្កាត់ទំនប់ ខណ្ឌចំការមន ។

លោកហួត ចាន់យ៉ារ៉ាន់ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿងពាក់ស្លាក លេខ ភ្នំពេញ 1Y-8384 ទៅយកទូរស័ព្ទពីមិត្ដស្រី ស្រាប់ តែជួបក្រុមខាងលើ ដែលកំពុងប្រមូលម្ដុំគ្នា ដោយចោទថា មើលមុខ រួចហើយនាំគ្នាដេញវាយកាប់ចាក់ រហូតមុខអគារប្ដូរលីហួរ សាខាបឹងកក់ទី២ ខណ្ឌទួលគោក ក៏បាញ់ជនរងគ្រោះឱ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់បានជនដៃដល់និងបក្ខពួកបានជាបន្ដបន្ទាប់ ។

ប្រតិបត្ដិការតាមចាប់ខ្លួនកូនប្រុសមេភូមិ ទួលគោកនិងបក្ខពួកបានជាបន្ដបន្ទាប់ខាង លើនេះ ត្រូវបានលោកហួត ចាន់យ៉ារ៉ាន់ បញ្ជាក់ថា មកពីមានកិច្ចសហប្រតិបត្ដិការយ៉ាងល្អ រវាងកម្លាំងនគរបាលរបស់លោកនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានេះផងដែរ នៅ ព្រឹកថ្ងៃដដែល នេះ លោកហួត ចាន់យ៉ារ៉ាន់ បានបង្ហាញមុខ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ទី១ ឈ្មោះអ៊ុង យូស្រេង ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ ៧មករា និងទី៣ ឈ្មោះឆាយ ធាង អាយុ ២៦ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ ព័ន្ធនឹងការចែកចាយគ្រឿងញៀន។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]