ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យមុននេះ ពហុកីឡាដ្ឋានជាតិអូឡាំពិក នៅក្នុងរាជធានីភ្នំពេញ ពោរពេញទៅដោយសំឡេងហ៊ោរ កញ្ចៀវគួរឱ្យរំភើបក្នុង ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រចលនា កីឡាអូឡាំពិកកម្ពុជា ដែលមានអ្នកចូលរួម 3000 នាក់ និងមានបេក្ខភាពប្រកួតចំនួន 280 នាក់ មកពី ៤ វិទ្យាល័យផ្សេងៗគ្នា។ យើងបានរកឃើញវិទ្យាល័យដែលទទួលបានជ័យជំនះ សម្រាប់រដូវកាលដំបូងបំផុត នៃចលនាកីឡាអូឡាំពិកកម្ពុជាឆ្នាំ 2016 ដែលជ័យលាភីលេខ១ បានទៅលើវិទ្យាល័យឥន្រ្ទទេវី លេខ២វិទ្យាល័យបាក់ទូក លេខ៣វិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៤វិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត ។

ពានរង្វាន់ជ័យលាភីនៃការប្រកួត បានប្រគល់ជូនដោយលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នូវទឹកប្រាក់ជ័យលាភីចំនួន 4000$ សម្រាប់វិទ្យាល័យ ដែលឈរលំដាប់ទី១ 3000USD សម្រាប់លំដាប់ទី 2 2000USD សម្រាប់លំដាប់ទី 3 និង1000$ សម្រាប់លំដាប់ទី ៤ ដោយទឹកប្រាក់នេះនឹង ប្រើសម្រាប់កសាងសមិទ្ធិផល ណាមួយនៅក្នុងវិទ្យាល័យ ដែលផ្តល់អត្ថប្រយោជន៍ដល់ សិស្សានុសិស្សផ្ទាល់។

ចលនាកីឡាអូឡាំពិកកម្ពុជា គឺជាកម្មវិធីកីឡាជាសេរីរៀបចំឡើង ដើម្បីជំរុញ និងលើកទឹកចិត្ត សិស្សវិទ្យាល័យ ដែលមានអាយុចាប់ពីអាយុ 13 ទៅ 19 ឆ្នាំ ឱ្យធ្វើចលនាលំហាត់ប្រាណរាងកាយ សម្រាប់សុខភាពល្អប្រសើរ និងការអភិវឌ្ឍន៍សារពាង្គកាយ។ លើសពីនេះទៀត ចលនាកីឡាអូឡាំពិកកម្ពុជា នឹងជួយបង្កើនស្មារតីកីឡា និងការរៀបចំខ្លួនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ 2023 ដែលនឹងរៀបចំ នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

ក្នុងរយៈពេលជាង 3 ខែកន្លងមកនេះ ចលនាកីឡាអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡា នៅតាមវិទ្យាល័យចំនួន ៤ ក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវន្ត វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ការប្រកួតនៅវិទ្យាល័យនីមួយៗ បានរកឃើញបេក្ខជន 70 នាក់ ដើម្បីចូលរួមប្រកួតប្រជែងជាមួយវិទ្យាល័យដទៃទៀត លើ 6 វិញ្ញាសារ រួមមានកីឡាបាល់ទាត់ បាល់ទះ រត់ប្រណាំង កាយសម្ព័ន្ធ លោតចម្ងាយ និងចោលដុំដែក។ មានយុវជនប្រហែល ៣០០០ នាក់ដែលជាអ្នកមានស្មារតីគាំទ្រកីឡា បានមកនាំគ្នាមកគាំទ្រដល់ក្រុមកីឡាករដែលមកពីវិទ្យាល័យរបស់ពួកគេ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះមានអត្ថន័យខ្លាំងចំពោះ អ្នកដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា។ ពួកគេក៏រំពឹងថានឹងមានចលនាកីឡាអូឡាំពិក កម្ពុជាជាថ្មីម្តងទៀត និងធំជាងមុនសម្រាប់ឆ្នាំក្រោយ។

ចលនាកីឡាអូឡាំពិកមានបំណងជំរុញចលនាកីឡា ទៅក្នុងស្រទាប់យុវវ័យនៅតាមបណ្តា ប្រទេសផ្សេងៗនៅលើពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ចលនាកីឡាអូឡាំពិកឆ្នាំ 2016 បានផ្ដួចផ្ដើមដោយក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា (អយក) រួមជាមួយសហភាព សហពន្ធ័យុវជនកម្ពុជា (សសយក) និងរៀបចំដោយក្រុមហ៊ុនអនុស្សា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]