ទទួលស្គាល់ថាមនុស្សយើងគ្រប់គ្នា  គ្មាននណារម្នាក់ ដែលមានអារម្មណ៍ល្អគ្រប់ពេល វេលានោះទេ។  ជាធម្មតារឿងអាក្រក់ និងរឿងល្អ តែងតែដើរទន្ទឹមគ្នាជានិច្ច។  បើថ្ងៃ នេះមានល្អកើតមានឡើងចំពោះអ្នក  គឺអ្នកច្បាស់ជាសប្បាយចិត្ត  និងមានអារម្មណ៍ល្អណាស់ត្រូវទេ  ប៉ុន្តែផ្ទុយមកវិញ បើសិនជាមានរឿងអាក្រក់ចំពោះអ្នក អ្នកពិតជាមានអារម្មណ៍មិនល្អនោះឡើយ។  តែប្រសិនបើអ្នកដឹងអំពីរបៀបគ្រប់គ្រង និងសម្រួលអារម្មណ៍របស់ខ្លួនឯង ឱ្យបានប្រសើរជាងមុន ប្រាកដណាស់ អ្នកនឹងអាចលុបបំបាត់អារម្មណ៍អាក្រក់ៗទាំងនោះបានយ៉ាងងាយ។

តទៅនេះយើងនឹងណែនាំទិចនិកមួយចំនួន​ ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរចៀសផុតពីភាពស្មុគស្មាញ បន្សល់តែភាពរីករាយ និងអ្វីល្អៗក្នុងជីវិត៖

#ជាជំហានដំបូង៖អ្នកត្រូវតែដឹងអំពីស្ថានភាពនៃអារម្មណ៍តឹងតែង ដែលតែងតែកើតមាន ឡើងចំពោះខ្លួនអ្នកជាមុនសិន ហើយរកឬសគល់នៃបញ្ហាទាំងអស់ ឱ្យឃើញ ដូចជា ការស្អប់ខឹងច្រណែន អាក់អន់ចិត្ត ទុក្ខព្រួយ ភាពអផ្សុកជាដើម។ អ្នកគួរប្រើថាមពល នៃចិត្តដើម្បីស្វែងរកវាតាមរយៈការធ្វើសមាធិ តាំងសតិបន្ធូរអារម្មណ៍ ឬតាំងស្មារតីឱ្យបាននឹងធឹងល្អ ដោយគិតស្រមៃនៅក្នុងចិត្ត ថាម្តាយអ្នក ឬមនុស្សជាទីស្រឡាញ់ កំពុងតែឱបអ្នកជាប់ក្នុងរង្វង់ដៃ។  អ្នកដឹងទេ? អារម្មណ៍អាក្រក់ៗ និងរឿងស្មុគស្មាញនឹងមានអំណាចទន់ខ្សោយ  ប្រសិនបើនៅក្នុងខួរក្បាលអ្នក ព្យាយាមគិតរឿងល្អៗងាយៗ ហើយទទួលស្គាល់ថា​ «នេះហើយជាបញ្ហារបស់ជីវិត»។


ផ្ទុយមកវិញ វានឹងបង្ហាញខ្លួនសាជាថ្មីម្តងទៀត  បើនៅក្នុងការគិតរបស់អ្នក គ្មានរឿង ល្អៗទាំងនោះនៅជាមួយ។ ​​សំខាន់អ្នកត្រូវដឹងថា វិថីនៃជីវិតតែងមានភាពរីករាយ និងរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនខ្លាំងណាស់។ អារម្មណ៍អាក្រក់ កំហឹង ការស្អប់ យើងបានជួបវាជាញឹកញាប់តែសូមកុំយក ចិត្តទុកដាក់ទៅលើវាពេកអីគួរបណ្តោយឱ្យ វាកន្លងផុតទៅដូចជា ខ្យល់ដង្ហើមយើងអញ្ចឹងមានដកចូលនិងដកចេញជានិច្ច មិន ដែលផ្លាស់ប្តូរនោះទេ រហូតដល់ថ្ងៃយើងអស់ជីវិត។ បើអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង សូមដកដង្ហើមចេញចូលឱ្យបានវែងៗ នៅកន្លែងស្ងប់  ឬកណ្តាលធម្មជាតិនៅទីណាមួយ ដើម្បីឱ្យចិត្តបានស្ងប់ ​ និងខួរក្បាលបានសម្រាកខ្លះផង។

#ការជួយអ្នកដទៃឱ្យអារម្មណ៍ល្អប្រសើរជាងមុន៖  អ្នកក៏អាចជួយអ្នកដទៃឱ្យមានអារម្មណ៍ល្អប្រសើរជាងមុនបានផងដែរ ដោយនៅពេលដែលគេមានអារម្មណ៍មិនល្អ សូមអ្នកកាន់ដៃរបស់ពួកគេឱ្យជាប់ ហើយប្រាប់ឱ្យគេ យកចិត្តផ្តោតទៅលើខ្យល់ដង្ហើមចេញចូលស្របពេលជាមួយគ្នាដំណាលគ្នានឹងអ្នកដែរ។  នោះអារម្មណ៍ស្មុគស្មាញនឹងរលាយបាត់ទៅដោយមិនដឹងខ្លួន។ ក្រៅពីនេះអ្នកក៏អាច ប្រើនូវវិធីបណ្តុះបណ្តាលអារម្មណ៍ ឱ្យបានប្រសើរតាមរយៈវិធីផ្សេងៗទៀត ដូចនេះផងដែរ៖

•ហាត់ប្រាណឱ្យបានទៀងទាត់ ឬលេងកីឡាផ្សេងៗ តែមិនមែនជាការលេងកីឡា ដើម្បីភ្នាល់ចាញ់ឈ្នះនោះទេ ត្រូវចងចាំថាគ្រាន់តែលេងដើម្បីលំហែអារម្មណ៍តែប៉ុណ្ណោះ។ 

•សម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួន ប្រកបដោយភាពសុទិដ្ឋិនិយម គឺមានសញ្ញាបូក (+) ជានិច្ច។

•មានការយោគយល់អធ្យាស្រ័យ មេត្តាករុណា និងការយល់ចិត្តថ្លើម មនុស្សនៅជុំវិញ ខ្លួនឱ្យបានច្រើនគិតពីចិត្តគេចិត្តយើង(Empathy)។

•បង្រ្កាបចិត្តអាត្មានិយមឱ្យទាបជាងចិត្ត សណ្តោសប្រណី ទាំងចំពោះខ្លួនឯង និងអ្នក ដទៃ។

•នឹកដល់ព្រឹត្តិការណ៍ល្អដែលបានកើតឡើងចំពោះអ្នក យ៉ាងហោចណាស់១ថ្ងៃឱ្យ បានម្តងដែរហើយអរគុណជីវិត ដែលបានធ្វើឱ្យអ្នកជួបប្រទះ នូវរឿងល្អទាំងនោះក្នុងជីវិត ដោយមិនចាំបាច់គិតដល់រឿងមិនល្អនោះទេ។

•រស់នៅក្នុងបរិស្ថានល្អមានអនាម័យនៅក្នុងចំណោមមិត្តភក្តិដែលមានតែភាពសប្បាយ រីករាយគ្មានសម្ពាធច្រើន។

•ចូរស្ដាប់ភ្លេង ឬចម្រៀងដែលអ្នកចូលចិត្ត ហើយបង្ហើរអារម្មណ៍តាមវាយឺតៗ ដើម្បី បន្ថយការគិតច្រើន។

•មានមោទនភាពនិងពេញចិត្តចំពោះដោយខ្លួនឯង នៅក្នុងរឿងការពិត ជាក់ស្តែង ដែលខ្លួនបានធ្វើនៅថ្ងៃនេះ។

•ជំរុញហើយលើកទឹកចិត្តឱ្យខ្លួនឯងឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបានជា មួយនឹងក្តីសង្ឃឹមជាប់ជានិច្ច។

ទាំងនេះគឺជាការអភិវឌ្ឍអារម្មណ៍ឱ្យបានល្អប្រសើរជាងមុន ដែលអ្នកគួរតែអនុវត្ត វា។ បន្ទាប់មកអ្នកគឺជាការមើលឃើញថា អ្វីៗគឺគួរឱ្យស្រឡាញ់ខ្លាំងណាស់នៅជុំ វិញខ្លួនហើយអារម្មណ៍ស្មុគស្មាញផ្សេងៗ នឹងរលាយបាត់បង់ពីក្នុងចិត្តអ្នកបានយ៉ាងឆាប់រហ័ស៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]