ឃាត់ខ្លួនក្រុម ចែកចាយថ្នាំញៀន ២នាក់ ពេលចុះចាប់ខ្លួន ក្រុមចោរប្លន់

វាពិតជាចំណាត់ការ ដែលប្រកបដោយ ប្រសិទ្ធភាព និងក្តៅគគុក របស់កម្លាំងនគរបាល ស្រុកកំរៀង និងកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្តបាត់ដំបង ដោយបានចុះចាប់បក្ខពួកក្រុមចោរប្លន់ ទាំង៤នាក់ ដែលបានធ្វើសកម្មភាពចូលកាប់ និងប្លន់ជនរងគ្រោះប្តី-ប្រពន្ធ ជនជាតិចិនយកលុយអស់ ជាង២ពាន់ ដុល្លារបានភ្លាមៗ ពោលគឹចំណាយពេលប្រហែលជា២០ម៉ោងប៉ុណ្ណោះក្រោយពេលកើត ហេតុ ក្នុងការ ប្រមាញ់ក្រុមចោរទាំងអស់នេះ។

យោងតាមប្រភពពីមន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ក្រោយពេលដែលក្រុមចោរ បានធ្វើសកម្មប្លន់ ជនរងគ្រោះប្តី-ប្រពន្ធ ជនជាតិចិន នាវេលាម៉ោង ២ និង៤៥នាទីទៀបភ្លឺថ្ងៃទី២៩ ខែសីហា ហើយនោះ កម្លាំងនគរបាល ដែលដឹកនាំដោយស្នងការរងខេត្តបាត់ដំង ទទួលបន្ទុកព្រហ្មទណ្ឌកណ្តាលយុត្តិធម៌ ជេត វណ្ណនី និង លោកអធិការស្រុកកំរៀង ឈឹម គឹមហុង ព្រមទាំងកម្លាំង អ.ហ ដឹកនាំដោយលោក ឡាច ប្រុស នាយការិយាលស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្តបាត់ដំបង បានចុះឃាត់ខ្លួនជនសង្ស័យជាបក្ខ ពួកចោរប្លន់ទាំងអស់នេះ ចំនួន៤នាក់ ជាបន្តបន្ទាប់នៅវេលាម៉ោង ៥ និង៣០នាទីល្ងាច និងម៉ោង ៨យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ក្នុងឃុំ-ស្រុកកើតហេតុខាងលើ។

ក្រុមជនសង្ស័យខាងលើនេះ ទី១. ឈ្មោះ តូ ខ្លឹង ភេទប្រុស អាយុ ២៨ឆ្នាំ, ២. ឈ្មោះ ម៉ៅ ចក់ ភេទប្រុស អាយុ ៥០ឆ្នាំ, ៣. ឈ្មោះ ស្តើង ជា ហៅដេត ភេទប្រុស អាយុ ៣២ ឆ្នាំ នៅក្នុងភូមិឃុំកើតហេតុខាងលើ ខណៈពួកគេកំពុងសម្ងំនៅក្នុងផ្ទះ ជនសង្ស័យទាំង៣នាក់ នេះ ឃាត់ខ្លួនដោយកម្លាំងនគរបាលនាវេលា ម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែសីហាន។ ដោយឡែកជនសង្ស័យ ដែលជាអ្នកដៃដល់ក្នុងសកម្ម ភាពប្លន់ទី៤ ឈ្មោះ សោម ស៊ីណុច ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ ត្រូវបានកម្លាំង អ.ហ ឃាត់ខ្លួនបាននៅវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ខណៈដែលរូបគេកំពុងនៅផ្ទះសំណាក់ទួលធ្នង់ ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មិនតែប៉ុណ្ណោះកម្លាំង អ.ហ ឆែកឃើញម៉ាទឹកកកចំនួន ៤កញ្ចប់ តូចៗផងដែរ។

ក្នុងប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់ខាងលើនេះ កម្លាំងនគរបាលស្រុកកំរៀង ក៏ឃាត់បានជនសង្ស័យចែក ចាយថ្នាំញៀន២នាក់ផងដែរ ១. ឈ្មោះ តាំង ចិត្រា ភេទប្រុស អាយុ ៣០ឆ្នាំ រស់ នៅភូមិស្វាយធំ ឃុំបឹង រាំង និងទី២. ឈ្មោះ យន វីរៈ ភេទប្រុស អាយុ ២១ មុខរបរ និងទីលំនៅមិនពិតប្រាកដ ព្រមទាំងរឹមអូស ថ្នាំញៀនមេតំហ្វេតាម៉ីន ចំនួន ៧គ្រាប់ផងដែរ។

គួរបញ្ជាក់ថា ក្រុមចោរមួយក្រុម បានចូលកាប់ និងប្លន់ជនជាតិចិន២នាក់ប្តី-ប្រពន្ធ យកលុយអស់ ២ពាន់ ដុល្លារ ដោយប្តីរងរបួសធ្ងន់ និងប្រពន្ធរបួសស្រាល កាលពីវេលាម៉ោង២ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១២ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកកំរៀង បានប្រាប់ឲ្យដឹងថា ក្រុមចោរប្រដាប់ដោយកាំបិត បានចូលប្លន់ បុគ្គលិកក្រុមហ៊ុនចិន កាប់ទៅលើជនរងគ្រោះ ឈ្មោះ លី លីភីត អាយុ ៦០ឆ្នាំ ចំនួន ៣កាំបិត ក្រោម ចិញ្ចើម ២កាំបិត លើថ្ងាស ចំភ្នែក ១កាំបិត របួសធ្ងន់ និងប្រពន្ធឈ្មោះ ជួន ឆាយហ្វា អាយុ ៦០ឆ្នាំ កាប់ ត្រូវដៃ ១កាំបិត រងរបួសស្រាល ។

ពួកគេទាំង២នាក់ ជាបុគ្គលិកក្រុមហ៊ុន សៀងហៃ ធ្វើផ្លូវ ត្រូវបានក្រុមចោរប្រដាប់ដោយកាំបិត បានគាស់ ទ្វារផ្ទះ របស់ជនជាតិចិន ដែលបានស្នាក់នៅក្នុងក្រុមហ៊ុន ដោយបានយកថវិកាអស់ ២ពាន់ដុល្លារ ទូរស័ព្ទ ដៃ ១គ្រឿង ស្ថិតនៅក្នុងភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងខេត្ដបាត់ដំបង។           

តាមសម្តីស្ដ្រីរងគ្រោះ ជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង២ និង៤៥នាទីយប់ ឈានចូល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ក្រុមចោរមានគ្នា ៤ទៅ៥នាក់ ប្រដាប់ដោយកាំបិត បានចូលគាស់ទ្វារផ្ទះ ប្លន់យកប្រាក់ដុល្លារ អស់២ពាន់ដុល្លារ ទូរស័ព្ទដៃ ១គ្រឿង និងកាប់ទៅលើប្ដីរបស់គាត់ ត្រូវ ៣កាំបិត រងរបួសធ្ងន់ ហើយក្រុមចោរបន្ដ កាប់មកលើរូបគាត់ ត្រូវ១កាំបិត ចំដៃរបួសស្រាល៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]