បរទេស៖ ជាកីឡាករបាល់ទាត់មួយរូប ទោះបីជាមានសមត្ថភាពប៉ុនណា ល្អប៉ុនណា ក៏មិនប្រាកដថាជោគជ័យក្នុងជីវិតដែរ មនុស្សដែលជោគជ័យក្នុងជីវិត គឺសំដៅទៅលើ ភាពជោគជ័យ ទាំងការងារ ទាំងស្នេហា ទាំងគ្រួសារជាដើម -ល-។

ជាក់ស្តែងកាលពីពេលកន្លងទៅ ប្រធានក្រុមជម្រើសជាតិ អាល្លឺម៉ង់ Bastian Schweinsteiger ទើបនឹងរៀបការថ្មីថ្មោង  ជាមួយកីឡាការិនីវាយតេន្នីស ហើយប្រាប់តែពេលថ្មីៗនេះវិញ កីឡាករបាល់ទាត់កំពូលមួយរូបទៀត ក៏កំពុងត្រៀមនឹងរៀបអាពាហ៍ពិពាហ៍ដែរ គឺកីឡាករ Gareth Bale របស់ក្លិប Real Madrid ដោយរូបគេទទួលបានការយល់ព្រមភ្ជាប់ពាក្យ ពីមិត្តស្រីរបស់ខ្លួនក្នុងថ្ងៃខួបកំណើតតែម្តង។

កីឡាករសញ្ជាតិវេលស៍ និងជាខ្សែប្រយុទ្ធ Real Madrid រូបនេះ បានប្រកាសក្នុងបណ្តាញសង្គម Twitter អំពីការភ្ជាប់ពាក្យជាមួយមិត្តស្រីក្នុងថ្ងៃខួបកំណើត និងបានសរសេរថា «នាងយល់ព្រម! នេះគឺជាថ្ងៃខួបកំណើតដែលខ្ញុំ មិនអាចបំភ្លេចបាន » ។ អ្វីដែលពិសេសនោះ គឺនាងបានយល់ព្រម នៅក្នុងថ្ងៃខួបកំណើតរបស់ Bale ផ្ទាល់តែម្តង ដែលឈានចូលវ័យ ២៧ឆ្នាំ។

សូមបញ្ជាក់ផងដែរថា Bale និងមិត្តស្រីរបស់គេឈ្មោះ Emma Ryhs-Jones បានស្រលាញ់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ មិនថែមតែប៉ុណ្ណោះ ពួកគេទាំងពីរ បង្កើតបានកូនស្រី២នាក់ ទាំងមិនទាន់បានរៀបការទៀតផង ដែលកូនស្រីច្បងរបស់ Bale មានអាយុជាង ៤ឆ្នាំហើយ ចំនែកឯកូនស្រីទី២ វិញ ទើបតែកើតកាលពីខែមីនាកន្លងទៅនេះ។

ទាក់ទងនឹងរឿងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនេះដែរ Bale មិនទាន់បញ្ជាក់ច្បាស់ពីពេលវេលានៅឡើយទេ បានត្រឹមបញ្ជាក់ ការយល់ព្រមភ្ជាប់ពាក្យតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា មុននឹងរដូវកាលថ្មីចាប់ផ្តើម Bale បាននាំមិត្តស្រី  និងជាអនាគតភរិយា និងកូន មកលំហែកាយនៅកោះ Balearic ផងដែរ ក្រោយមកក៏បានមកប្រារព្ធនូវពិធីខួបកំណើត ដែលពេលនោះហើយដែល Emma ដែលជាមិត្តស្រីរបស់ Bale បានយល់ព្រមភ្ជាប់ពាក្យជាមួយលោកក្នុងយប់នោះតែម្តង។

គួររំលឹកបន្ថែមទៀតផងដែរថា Bale បានជួយក្លិប  និងក្រុមជម្រើសជាតិរបស់ខ្លួនច្រើនណាស់ក្នុងរដូវកាលនេះ  កាលពីខែឧសភាជួយឲ្យ Real Madrid ឈ្នះ Champions League ហើយកាលពីប៉ុន្មានសប្តាហ៍មុននេះ ជួយឲ្យវេលស៍ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត EURO  ថ្វីត្បិតមិនជោគជ័យពិតមែន តែនេះក៏ជាមោទនភាពមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ។ ដូច្នេះ ចូលរួមអបអរសាទរកីឡាករ Gareth Bale ចំពោះដំណឹងល្អមួយនេះ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]