ឪពុកបង្កើត ដែលជាឃាតករដៃដល់សម្លាប់កូនប្រុសខ្លួនឯង២នាក់ ហើយព្យាយាមអារ.កដៃខ្លួនឯងទាំងសងខាង និងអារ.កខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិតតាមក្រោយ តែមិនស្លាប់នោះ ពេលនេះត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ នាំខ្លួនចេញពីមន្ទីរពេទ្យកាល់ម៉ែតទៅឃុំខ្លួនបណ្តោះអាសន្ន និងធ្វើការសាកសួរនៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌនោះហើយ កាលពីវេលាល្ងាចថ្ងៃទី២៨ សីហា បន្ទាប់ពីក្រុមគ្រូពេទ្យដេរមុខរបួសរួចរាល់ ។

បន្ទាប់ពីនាំខ្លួនទៅដល់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ប៉ូលិសបានចោទសួរទាក់ទិននឹងការសម្លាប់កូន យ៉ាងព្រៃផ្សៃដែលសាធារណៈជនហួសចិត្ត និងសម្តែងនូវការអាណិតអាសូរដល់ក្មេងតូចទាំង២នាក់បងប្អូន ដែលស្លាប់ដោយមិនមានកំហុសបន្តិចណាសោះនោះ ។ ជននេះបានឆ្លើយថា ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានលែងលះគ្នារយៈពេល៤ខែមកហើយ ។ ការលែងលះគ្នានោះបានឡើងដល់តុលាការចំនួន៣លើករួចមកហើយដែរ ប៉ុន្តែមិនបានដាច់ស្រេចគ្នានោះទេ ដោយសារប្រពន្ធរបស់ខ្ញុំទាមទារយកកូនប្រុសទី២ ឈ្មោះកែវ តារ៉ា អាយុ៣ឆ្នាំ ទៅនៅជាមួយហើយទុកកូនប្រុសទី១ឈ្មោះកែវ សុវណ្ណ អាយុ៦ឆ្នាំ ឱ្យនៅជាមួយខ្ញុំ តែខ្ញុំមិនយល់ព្រមតាមការទាមទារនោះទេ ទើបតុលាការមិនទាន់ចេញសាលក្រម ។

ឧក្រិដ្ឋជននោះបានសារភាពប្រាប់ប៉ូលិសទៀតថា មូលហេតុដែលខ្លួនសម្រេចចិត្តសម្្លាប់កូន និងប៉ុនប៉ងសម្លាប់ខ្លួនឯងតាមក្រោយដែរនោះ គឺ ដោយ សារតែភាពអស់សង្ឃឹមគ្មានទីពឹងពាក់ ព្រោះប្រពន្ធក៏លេងលះ ហើយបានលេងល្បែងចាញ់អស់ទ្រព្យសម្បត្តិលុយកាក់គ្មានសល់ទៀត ណាមួយមិនចង់ឱ្យកូនទៅប្រពន្ធទៀត ទើបខ្ញុំធ្វើបែបនេះតែម្តង ។

ជនជាឃាតកររូបនោះបានរៀបរាប់បន្តទៀតថា កាលពីវេលាថ្ងៃទី២៧ សីហា មុនពេលកើេតហេតុ ខ្លួនបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំម៉ុងឌីយ៉ាល់ រហូតដល់ម៉ោងប្រហែល៩យប់ទើបឈប់ ហើយបានបែកពីមិត្តភក្តិ រួចជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ស៊េរី២០១១ យកទៅបញ្ចាំនៅឯកាស៊ីណូបានប្រាក់ចំនួន១ពាន់ដុល្លារ ក៏លេងល្បែងនៅទីនោះរហូតចាញ់អស់ ។ នៅវេលាម៉ោងជាង១២រំលងអធ្រាត្រទើបជិះម៉ូតូឌុបក្នុងតម្លៃ១ម៉ឺនរៀលពីកាស៊ីណូត្រឡប់ទៅផ្ទះម្តាយនៅចំណុចកើតហេតុខាងលើនោះវិញ ។

ជននេះបានបន្តទៀតថា ពេលត្រឡប់ទៅដល់ផ្ទះវិញ ម្តាយរបស់ខ្លួនបានចេញមកបើកទ្វារឱ្យ ហើយពេលចូលទៅដល់ក្នុងផ្ទះខ្លួនបានឃើញកូនប្រុសទាំង២នាក់ដេកក្នុងបន្ទប់ជាមួយម្តាយ បន្ទាប់មកខ្លួនបានចូលទៅលើកបី កូនម្តងមួយៗយកទៅដេកនៅក្នុងបន្ទប់របស់ខ្លួនវិញ ខណៈនោះម្តាយរបស់ខ្លួនបាននិយាយថា បើកូនដេកនៅកន្លែងហ្នឹងហើយលើកវាធ្វើអ្វី តែខ្លួនបានប្រាប់ទៅម្តាយវិញថា ចង់ឱ្យពួកវាដេកជាមួយ ។

ជននោះបានបន្តទៀតថា រហូតដល់ម៉ោង២រំលងអធ្រាត្រខ្លួន បានសម្រេចចិត្តធ្វើសកម្មភាពដោយ ចាប់ច្របាច់កកូនប្រុសទី១ឈ្មោះកែវ សុវណ្ណ អាយុ៦ឆ្នាំមុន ដោយយកកន្សែងខ្ទប់មាត់ និងច្របាច់ករហូតដល់ស្លាប់ ។ បន្ទាប់មកបានដាក់នៅក្បែរកូនប្រុសទី២ឈ្មោះកែវ តារ៉ា អាយុ៣ឆ្នាំ ហើយក្រោយពេលសម្លាប់កូនទី១ហើយ ខ្លួនបានអង្គុយមួយសន្ទុះ រួចទើបចាប់ផ្តើមធ្វើសកម្មភាពចាប់ច្របាច់កកូនប្រុសទី២នោះសម្លាប់ចោលទៀត រួចដាក់ឱ្យដេកនៅជិតគ្នា ។ ក្រោយពេលសម្លាប់កូនប្រុសទាំង២នាក់នោះរួចហើយ ខ្លួនបានយកកាំបិតដែលបានលាក់ទុកនៅក្នុងបន្ទប់នោះរួចជាស្រេចយកមកអារ.ក និងអារ.កដៃខ្លួនឯងទាំង២ ដើម្បីសម្លាប់ខ្លួនទៅតាមក្រោយកូនដែរ ។ បន្ទាប់ពីអាររួច ខ្លួនបានដេកឱបសាកសពកូនប្រុសទាំង២ ដោយបង្ហូរឈាមនៅលើគ្រែពូកនោះ ដោយសង្ឃឹមថានិងបានស្លាប់ទាំង៣នាក់ឪពុកកូន ប៉ុន្តែផ្ទុយទៅវិញខ្លួនមិនស្លាប់ទេ គ្រាន់តែរបួស ហើយដេកឱបសពកូនរហូតដល់វេលាម៉ោងជាង៧ព្រឹកទើបម្តាយរបស់ខ្លួនបានទៅគោះទ្វារហៅចៅៗរបស់គាត់ ដើម្បីហូបអាហារពេលព្រឹក ។ ខណៈនោះខ្លួនក៏ភ្ញាក់ឡើងបានលូនទៅបើកទ្វារឱ្យម្តាយរួចហើយក៏បានដួលសន្លប់បាត់ស្មារតីលែងដឹងខ្លួន ។

បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ជនជាឃាតករនោះរួចមក សមត្ថកិច្ចបានសួរនាំនូវសំណួរចុងក្រោយថាតើអ្នកឯងមានការសោកស្តាយដែរឬទេ ចំពោះអំពើព្រៃផ្សៃដែលអ្នកឯងបានប្រព្រឹត្តនេះ? ជននោះបានឆ្លើយថា ខ្ញុំពិតជាមានការសោកស្តាយក្រោយខ្លាំងណាស់ ហើយខ្ញុំទទួលយកនូវអ្វីដែលខ្ញុំបានប្រព្រឹត្តនេះ ។

គួររំលឹកផងដែរថា កាលពីវេលាព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០១២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចផ្ទះលេខI១៥ បុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ បន្ទាប់ពីមានបុរសម្នាក់ឈ្មោះកែវ ឡាដាំង អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ៤នៅផ្នែករដ្ឋបាលវិស្វកម្មអគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ បានសម្លាប់កូនប្រុសរបស់ខ្លួនឯង២នាក់ ហើយនិងព្យាយាមសម្លាប់ខ្លួនឯងដែរតែមិនស្លាប់ ។ បន្ទាប់មកត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែ៉ត ហើយនៅក្រោយពេលកើតហេតុភ្លាមៗនោះប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា ជននោះអារ.កកូនប្រុសខ្លួនឯង ព្រោះគេបានឃើញឈាមប្រឡាក់សពក្មេងប្រុសទាំង២និងប្រឡាក់គ្រែ ពូកជោក ។ ប៉ុន្តែក្រោយមកទើបគេដឹងថាមិនមែនអារ.កកូននោះទេ គឺជននោះច្របាច់កកូនទៅវិញ ហើយឈាមដែលប្រឡាក់ពាសពេញលើសពកូន គឺជាឈាមរបស់ឪពុក ។ បច្ចុប្បន្នឧក្រិដ្ឋជនកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ រង់ចាំបញ្ជូនបន្តទៅតុលាការ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]