អាមេរិក៖ អតីតអ្នកប្រដាល់ Manny Pacquiao ប្រិយមិត្តច្បាស់ជាជ្រាបហើយពីទេពកោសល្យក្នុងការវ៉ៃ របស់គាត់លើសង្វៀន។ គាត់ គឺជាអ្នកប្រដាល់អាស៊ីតែម្នាក់គត់ ដែលមានឈ្មោះលេចធ្លោជាងគេ ក្នុងឆាកអន្តរជាតិ ហើយគ្រងបានខ្សែក្រវ៉ាត់ជាច្រើនទៀតផង ប៉ុន្តែគួរឲ្យសោកស្តាយ Pacquiao បានលាឈប់ពីអាជីពប្រដាល់របស់ខ្លួន កាលពីអំឡុងខែមេសា កន្លងទៅ ដែលប្រកួតចុងក្រោយរបស់គាត់ គឺបានយកជ័យជំនះ ទៅលើកីឡាករ Timothy Bradley នៅសហរដ្ឋអាមេរិក ។

គួររំលឹកផងដែរថា បន្ទាប់ពី Pacquiao ចូលនិវត្តន៍ពីវិស័យប្រដាល់ រូបគាត់ក៏បានឈរឈ្មោះ និងប្រឡូកក្នុងរឿងនយោបាយវិញ ដែលគាត់ត្រូវបានប្រជាជនហ្វីលីពីន បោះឆ្នោតឲ្យក្លាយជាសមាជិកសភាមួយរូប របស់ប្រទេសហ្វីលីពីន ។ ថ្វីត្បិតតែប្រឡូកក្នុងរឿង នយោបាយមែនពិត តែលោកក៏មិនបោះបង់ និងបំភ្លេចចោលនូវអាជីពប្រដាល់ដែរ ព្រោះដោយសារតែកីឡាប្រដាល់នេះហើយ ទើបធ្វើឲ្យលោកមានថ្ងៃនេះ ។

ទាក់ទងនឹងការប្រដាល់នេះដែរ ថ្មីៗនេះ Pacquiao បានមានបំណងវិលត្រលប់មកសង្វៀនសាជាថ្មីម្តងទៀត នេះបើយោងតាមសម្តីលោក Bob Arum ដែលជាអ្នករៀបចំការប្រកួតកីឡាប្រដាល់ Top Rank ។ Pacquiao អាចនឹងលេចមុខលើសង្វៀនសាជាថ្មី នៅអំឡុងខែតុលា ថ្ងៃទី២៩ ឬ ថ្ងៃទី០៥ ខែវិច្ឆិកា ហើយ Bob បានបង្ហាញឲ្យដឹងទៀតថា ដៃគូប្រកួតរបស់គេនោះពុំទាន់រកបាននៅឡើយទេ ទាល់តែរងចាំមើលបន្តិចសិន ។

លោក Bob ផ្ទាល់ក៏បានថ្លែងទៅសារព័ត៌មាន ESPN ដែរថា « Pacqiuao ចង់វិលត្រលប់មកកាន់សង្វៀនវិញ តែបញ្ហានោះគឺ គាត់អាចឡើងវ៉ៃបាន ប្រសិនជាមិនប៉ះពាល់ដល់ការងារសភារបស់គាត់ » ។ Bob Arum បន្តទៀតថា «តាមពិតទៅពេលដែលលឺដំណឹងថា Pacquiao ចង់ឡើងវ៉ៃវិញ ពួកយើងបានត្រៀមនៅថ្ងៃខែប្រកួត រួចជាស្រេចទៅហើយសម្រាប់គាត់ គឺថ្ងៃទី១៥ ខែតុលា នៅសង្វៀន Mandala Bay ក្រុង Las Vegas ប៉ុន្តែ ដោយសារថ្ងៃនោះ គាត់ជាប់រវល់បង្កើតគំរោងថវិកា សម្រាប់ត្រៀមបោះឆ្នោត ក្នុងការងារសភារបស់គាត់ ដែលជាហេតុធ្វើឲ្យមានការពន្យារពេល»

លោកបន្ថែមទៀត «ដូច្នេះយើងមិនអាចធ្វើឲ្យប៉ះពាល់ការងាររបស់គាត់ទេ មានតែត្រូវលើកមកថ្ងៃក្រោយទៀត ហើយពួកយើងចាំមើល នៅថ្ងៃទី២៩ តុលា ឬថ្ងៃទី០៥ វិច្ឆិកា ក្រោយពីការសម្រេចចិត្តរបស់ Pacquiao»

ដូច្នេះ តើប្រិយមិត្តចង់ឃើញ Pacquiao ឡើងវ៉ៃវិញទេ? ហើយគិតថានរណាជាដៃគូប្រកួតរបស់គាត់?

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]