បារាំង៖ មនុស្សយ៉ាងហោចណាស់ ៧៧នាក់ បានស្លាប់ និងជាង ៥០នាក់ទៀត បានរងរបួស បន្ទាប់ពីត្រូវបានរថយន្ដដឹកទំនិញមួយ ដែលបើកក្នុងចំងាយជាង១គីឡូម៉ែត្រ និងបើកសម្រុកបុកអ្នកដំណើរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Bastille Day ក្នុងទីក្រុង Nice នៃប្រទេសបារាំង កាលពីយប់មិញនេះ ដែលនេះជាអំពើវាយប្រហារភេរវកម្ម

នេះបើតាមសាក្សី បាននិយាយឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ ក៏មានការបាញ់កាំភ្លើង មុននឹងអ្នកបើករថយន្ដដឹកទំនិញនេះ ត្រូវបានបាញ់សម្លាប់ ហើយបើយោងតាមរបាយការណ៍ របស់សារព័ត៌មានបារាំងបានលើកឡើង ឲ្យដឹងថា ក្រុម ISIS បានធ្វើការអះអាង និងទទួលខុសត្រូវថា សកម្មភាពមួយនេះពួកគេជាអ្នកប្រព្រឹត្ដិ។

ក្រោយពីមានហេតុការណ៍នេះ កាំភ្លើង​និងគ្រាប់បែក ត្រូវបានគេរកឃើញនៅក្នុង រថយន្ដដឹកទំនិញនេះ ដែលរថយន្ដនេះ បានបើកលើចិញ្ចើមផ្លូវក្នុងល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និងកាច់ចង្កូតសម្ដៅមក ក្រុមមនុស្សរាប់រយនាក់ ដែលកំពុងតែមើលកាំជ្រួច។ អ្វីដែលរន្ធត់នោះ គឺខ្មាន់កាំភ្លើង ដែលជាអ្នកបើករថយន្ដដឹកទំនិញនេះ បានលោតចុះពីរថយន្ដនេះ បន្ទាប់ពីបុកនិងកិនមនុស្ស ហើយចាប់ផ្ដើមបាញ់កាំភ្លើងរះបន្ថែមទៀត។ នេះបើតាមមន្ដ្រីរបស់បារាំងបានឲ្យដឹងថា ខ្មាន់កាំភ្លើងនេះ ត្រូវបានបាញ់ស្លាប់ នៅក្បែរកន្លែងកើតហេតុនេះ។

យ៉ាងណាមិញ នាពេលនេះ ប៉ូលីសប្រឆាំងនឹងអំពើភេរវកម្ម កំពុងតែធ្វើការស៊ើបអង្កេត យ៉ាងក្ដៅគគុក នៅក្នុងការវាយប្រហារ នេះបើយោងតាមក្រសួងមហាផ្ទៃបារាំង៕

ប្រភព៖ ឌេលីម៉ែល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែកក្កដានេះ ក៏មានអំពើភេរវកម្មយ៉ាងសាហាវមួយ បានកើតឡើងផងដែរ និងបានសម្លាប់អ្នកទេសចរ ២០នាក់ ក្នុងភោជនីយដ្ឋានមួយកន្លែង នៅបង់ក្លាដែស។ នៅក្នុងនោះបានឲ្យដឹងថា មនុស្សយ៉ាងតិច ៣០នាក់ ដែលមានមួយចំនួនធំជាជនជាតិបរទេស ត្រូវបានចាប់ជាចំណាប់ខ្មាំង អស់ពេល១០ម៉ោង ដោយក្រុមភេរវករ ISIS នៅក្នុងភោជនីយដ្ឋានមួយកនែ្លង ក្នុងទីក្រុងដាកា នៃប្រទេសបង់ក្លាដែស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅភោជនីយដ្ឋាន Holey Artisan កាលពីយប់ថ្ងៃសុក្រមុននេះ ដែលក្រុមភេរវករ ISIS បានអះអាងថា ពួកគេជាអ្នកប្រព្រឹត្ដ និងបានសម្លាប់មនុស្ស ២០នាក់ ហើយមនុស្សប្រមាណជា ៤០នាក់ទៀតរងរបួស ដែលនាពេលនេះ ខាងរដ្ឋាភិបាល បង់ក្លាដែស បានចេញសេចក្ដីរាយការណ៍ជាផ្លូវការថា មនុស្សចំនួន ២០នាក់បានស្លាប់ និងអ្នកផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ហើយមន្រ្តីប៉ូលិស ២រូប បានស្លាប់បាត់បង់ក្នុងអំឡុងពេលវាយប្រហារនេះ។

នេះបើតាមការឲ្យដឹងពី លោក Sumon Reza ជាបុគ្គលិកនៅ ភៅជនីយដ្ឋានខាងលើនេះ ដែលបានព្យាយាម រត់គេចខ្លួនពីឧបទ្ទវហេតុ ដ៏គួរឲ្យភ័យខ្លាចមួយនេះ បានរៀបរាប់ប្រាប់ខាងសារព័ត៌មានឲ្យដឹងថា ”ពួកភេរវករ បានបំផ្ទុះគ្រាប់បែក និងមានអ្នករងរបួសជាច្រើននាក់” ។ លោកបានបន្តទៀតថា «ពួកភេរវករទាំងអស់នោះ បានភ្ជាប់មកជាមួយនូវដាវ និងកាំភ្លើងជាច្រើនដើម ថែមទៀតផងដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]