ចិន៖ ថ្មីៗនេះបុរសវ័យចំណាស់ជនជាតិចិនម្នាក់ ជាអតីតទាហាន  បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្កើតថ្មី នៃរូបរាងមនុស្សយន្ត ប្រៀបបីដូចជារទេះ អាចដើរអូសទាញអ្នកដំណើរជិះពីក្រោយបាន។

ប្រភពបានឲ្យដឹងថា បុរសវ័យចំណាស់រូបនេះ មានឈ្មោះ Duan Shaojie មានវ័យ៥៧ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងក្រុង Luoyang ខេត្ត Henan ប្រទេសចិន ហើយគាត់ជាមនុស្សម្នាក់ ដែលមិនចូលចិត្តទុកដៃឲ្យនៅទំនេរឡើយ ជាហេតុធ្វើឲ្យរូបគាត់ រៀនវឹកហាត់ខ្លួនឯង អាចច្នៃបង្កើតបានជា “Janpanese Devil” ឬ “បិសាចជប៉ុន”។

មនុស្សយន្តនេះ ត្រូវបានគេមើលឃើញថា មានការផ្សារភ្ជាប់ទៅនឹងរទេះ ដែលមានកន្លែងសម្រាប់អង្គុយមួយនៅផ្នែកខាងក្រោយ។ វាមានសមត្ថភាពអាចដើរទៅមុខ ទៅក្រោយបាន ដោយផ្អែកទៅលើអ្នកបញ្ជា។ សមត្ថភាពសិល្បៈបូកផ្សំជាមួយនឹងជំនាញរបស់គាត់នេះ លោក Duan បានចំណាយអស់រយៈពេលជាង ១ឆ្នាំដើម្បីបង្កើតវាឡើង ចេញជារូបរាងបានសម្រេច។

បើតាមការឲ្យដឹងពីលោក Duan បានរៀបរាប់ប្រាប់ថា អ្វីដែលគាត់បានធ្វើនេះ វាមិនទាន់គ្រប់គ្រាន់សម្រាប់គាត់នៅឡើយទេ។ ហើយថ្មីៗនេះដែរ គាត់ក៏កំពុងតែគិត ដើម្បីបង្កើតមនុស្សយន្តឲ្យបានច្រើនបន្ថែមទៀត ដូចជាមនុស្សយន្តកងពល Eight Route Army ដែលមានកាន់កាំបិត មនុស្សយន្តរថក្រោះ និងមនុស្សយន្តចារកម្ម បន្ថែមទៀតផងដែរ។

ប្រភពបានបន្តថា មូលហេតុដែលលោក Duan បានបង្កើតមនុស្សយន្ត ដែលមានសណ្ឋានដូចកងទាហានជប៉ុននេះ ដោយសារតែរូបគាត់ មានកំហឹង ខឹងស្អប់ទៅលើប្រទេសជប៉ុនជាខ្លាំង ដែលធ្លាប់ធ្វើឲ្យប្រទេសរបស់គាត់ រងការឈឺចាប់។ 

គួរឲ្យដឹងថា ប្រជាជនចិនជាច្រើនលាននាក់ រស់នៅក្នុងខេត្ត Henan មានភាពឈឺចាប់ជាខ្លាំង ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ដោយសារតែការឈ្លានពាន វាយប្រហារ ពីសំណាក់ប្រទេសជប៉ុន ធ្វើឲ្យបាក់ទំនប់ទឹក នៃទន្លេលឿង «Yellow River» ដែលបានបង្កឲ្យអ្នកស្រុកជាច្រើន រាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

គូសបញ្ជាក់ដែរថា ខេត្ត Henan គឺជាខេត្តមួយ ដែលទទួលរងភាពឈឺចាប់ និងគ្រោះទុរ្ភិក្សខ្លាំងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ពីឆ្នាំ ១៩៤២ ដល់ ឆ្នាំ១៩៤៣ ជាមួយនឹងប្រជាជនជាង ២លាននាក់ បានស្លាប់ដោយសារតែភាពអត់ឃ្លានផងដែរ៕ 

ទស្សនាវីដេអូ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ទាក់ទងនឹងការបង្កើតមនុស្សយន្តនេះដែរ កាលពីពេលកន្លងទៅនេះ បើតាមប្រភពបានឲ្យដឹងថា បុរសឈ្មោះ Ricky Ma អាយុ៤២ឆ្នាំ បានព្យាយាមបំពេញក្តីស្រមៃរបស់គាត់ ក្នុងការបង្កើតមនុស្សយន្ត ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺថា រូបមនុស្សយន្តដែលគាត់បានបង្កើតឡើងនោះគឺ ស្រដៀងទៅនឹងតារាស្រីសញ្ជាតិ អាមេរិក នាង Scarlett Johansson ថែមទាំងអាចចេះនិយាយបានទៀតផង។ Rick Ma បានចំណាយពេលធ្វើវាឡើងអស់រយៈពេល១៨ខែ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា ៥០,០០០ដុល្លារអាមេរិក។

មនុស្សយន្តដែលគាត់បានបង្កើតឡើងអាចធ្វើចលនាបាន ដូចជា លើកដៃលើកជើង បង្ហាញទឹកមុខ និងថែមទាំងអាច ឆ្លើយតបនូវសំនួរខ្លីៗខ្លះៗ ពេលដែលយើងសួរផងដែរ។​ ឧទាហរណ៍ថា ពេលដែលអ្នកនិយាយទៅកាន់មនុស្សយន្តនោះថា “Cute” (គួរឲ្យស្រលាញ់) នោះវានឹងព្រិចភ្នែកដាក់អ្នក ហើយនិយាយថា “Yeah, thank you” (ចាស៎! អរគុណ) ជាដើម។

ប្រភពបន្តថា លោក Ma បានរួមបញ្ចូលនូវបច្ចេកវិទ្យា 3D ៧០ភាគរយទៅលើ “គ្រោងឆ្អឹង” និងបន្ថែមស្រទាប់ស៊ីលីខូនទៅលើ “ស្បែក” នៅផ្នែកខាងលើនៃមនុស្សយន្ត។ បើតាមសម្តីរបស់លោក Ma បានប្រាប់ថា «កាលពីខ្ញុំនៅតូច ខ្ញុំពិតជាចូលចិត្តលេងតុក្តតាមនុស្សយន្តណាស់ ហើយខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងធ្វើវាឲ្យបាន ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំពិតជាមានវិប្បដិសារីជាក់ជាពុំខាន ប្រសិនបើខ្ញុំមិនបានធ្វើ ឬបង្កើតមនុស្សយន្តឡើង បានដោយខ្លួនឯងនោះ» ។

ក្រោយមកក្តីសុបិន្តបង្កើតមនុស្សយន្តរបស់គាត់ ក៏បានសម្រេចដូចបំណង ដែលធ្វើឲ្យប្រជាជនចិនជាច្រើន មានការសាទរ ភ្ញាក់ផ្អើល និងកោតសរសើរដល់ស្នាដៃរបស់គាត់ជាខ្លាំង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]