ភ្នំពេញ ៖ក្មេងស្ទាវចំនួន២នាក់ ជាក្រុមបងធំនៅក្នុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យនាំគ្នាធ្វើសកម្មភាព ដោយប្រើដាវសាំម៉ូរៃ កាប់ទៅលើជនរងគ្រោះ ដើម្បីយកទូរស័ព្ទ របស់អ្នកដើរលេងមកកំសាន្ត នៅសួនច្បារស្ពាន អាកាសក្បាលថ្នល់ ប៉ុន្ដែចំថ្ងៃស៊យ ត្រូវជនរងគ្រោះ ព្រមទាំងមានការ សហការពីប្រជាការពារ សង្កាត់ ច្បារអំពៅទី២ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ចាក់អង្រែលើ នាំគ្នាចាប់ជនសង្ស័យ ទាំង២នាក់ តែម្តង។

ហេតុការណ៍ជនសង្ស័យ ប្រើដាវកាប់ទៅលើជនរងគ្រោះ ដើម្បីយកទូរស័ព្ទដៃ ដែលមានតម្លៃមិនដល់២ ម៉ឺនរៀលផងនោះ កើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១២នេះ ស្ថិតនៅសួនច្បារ ស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានដកស្រង់សំដីរបស់ជនរងគ្រោះ បានឱ្យ ដឹងថា ជនសង្ស័យទាំងពីរ នាក់ ទី១ ឈ្មោះ ព្រេង ភារៈ អាយុ ១៧ឆ្នាំ និងទី២ ឈ្មោះ ចាន់ ត្រា អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ មុខមិនពិតប្រាកដ ។ ជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ យកទូរស័ព្ទមួយគ្រឿង ខណៈជនរងគ្រោះកំពុងនិយាយ ទូរស័ព្ទ នៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឃីម ម៉េង ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មករបោចមាន់នៅផ្សារអូរប្ញស្សី មានស្រុកកំណើត នៅភូមិទួលតាលាប់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ២-៣នាក់ បាននាំគ្នាមកកំសាន្តលេងនៅសួនច្បារស្ពានអាកាស ខណៈនោះជនរងគ្រោះ បានងើបដើរចេញឆ្ងាយពីមិត្តភក្តិ ប្រមាណ ៤០-៥០ម៉ែត្រ ដើម្បីនិយាយទូរស័ព្ទ ។ ជនរងគ្រោះបន្តថា ពេលកំពុងនិយាយទូរស័ព្ទនោះ ស្រាប់តែមានជនសង្ស័យ២នាក់ បានដើរសំដៅមកជិត ហើយធ្វើសកម្មភាពកាប់មកលើ និងដណ្តើមយកទូរស័ព្ទពីដៃយកទៅបាត់។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលចាក់អង្រែលើ បានកំណត់ភិនភាគមុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ បាននៅនឹងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ព្រេង ភារៈ បាននិយាយថា ក្រោយពីខ្លួន និងបក្ខពួកធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះ ហើយយកបានទូរស័ព្ទដៃមួយគ្រឿង ព្រមទាំងបានយកទៅលក់ បានលុយចំនួន ១៥០០០រៀលប៉ុណ្ណោះ។

សមត្ថកិច្ចបានដកហូតដាវរបស់ពួកគេ ចំនួនមួយ រួចបញ្ជូនទៅ ឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 
ដោយ ៖ ដើមអម្ពិល(DAP)
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]