ភ្នំពេញ៖ ប្រិយមិត្តប្រហែលជា ធ្លាប់ស្គាល់រួចមកហើយ ពីតារាហ្វេសប៊ុកដ៏វ័យក្មេងបំផុត គឺប្អូនស្រី មានីកា ដែលមានវ័យទើប ៤ឆ្នាំប៉ុណ្ណោះ តែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារវីដេអូចម្រៀង  សម្តែង  និងដើរបង្ហាញម៉ូត របស់នាង។

នេះបើតាមការសាកសួរដោយផ្ទាល់ ប្អូនស្រីមានឈ្មោះពិត សរពេជ្រ មានីកា មានអាយុ ៤ឆ្នាំ និងជាអ្នករស់នៅរាជធានីភ្នំពេញ ដែលជាតារាហ្វេសប៊ុកដ៏វ័យក្មេង  គួរឲ្យស្រឡាញ់ និងមានទេពកោសល្យជាច្រើន មិនគួរឲ្យជឿ។ ក្នុងនោះដែរ អ្នកម្តាយរបស់ប្អូនស្រី មានីកា ឈ្មោះ នីម វ័យ២៧ឆ្នាំ បានប្រាប់មកកាន់ Khmerload ថា «នាពេលបច្ចុប្បន្ន កូនស្រីរបស់បង មានគេស្គាល់ច្រើនណាស់ ពេលដើរទៅណាម្តងៗ  តែងត្រូវបានគេហៅថា "នោះអូនមានីកាតើ"។ សម្រាប់បងផ្ទាល់ គឺមិននឹកស្មានថាមានអ្នកស្រឡាញ់ និងចូលចិត្តកូនស្រី ច្រើនដល់ថ្នាក់នេះសោះ"។ 

"តាមការពិតទៅ បងមិនដែលគិតសូម្បីតែបន្តិច ថាកូនស្រីបងល្បីដល់ថ្នាក់ហ្នឹង ព្រោះពីដំបូងឡើយ  បងបានបង្ហោះវីដេអូមួយ ដែលមានីកា បានថ្លែងអំណរគុណទៅបងប្អូន ដែលបានជួយចុច Like និង Share ដើម្បីឲ្យមានីកាឈ្នះតុក្កតាធំ របស់កម្មវិធីមួយ។ ប៉ុន្តែមិនដឹងថា វីដេអូនោះគេចាប់អារម្មណ៍ត្រង់ណា ទើបធ្វើឲ្យចំនួនអ្នកLike និងចូលមើល ដល់រាប់ម៉ឺនដងឯណោះ។ ហើយបច្ចុប្បន្ន ទំព័រហ្វេសប៊ុករបស់គាត់  ដែលដាក់ឈ្មោះថា Sahrah Pich Manika មានហ្វេន ជិត១០ម៉ឺននាក់ ហើយវាជាចំនួនមួយ ដែលច្រើនលើសលប់សម្រាប់បងខ្លាំងណាស់។ នាពេលបច្ចុប្បន្ននេះ ក៏មានវីដេអូជាច្រើន ដែលមានីកាបានសម្តែង និងបង្ហោះចូលទំព័រហ្វេសប៊ុករបស់មានីកាផ្ទាល់ផងដែរ។​ មិនតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមភាគច្រើន បាននិយាយថា ពួកគាត់ពេញចិត្តយ៉ាងខ្លាំង និងតែងលួចញញឹមតាម  ក្រោយពីបានមើលមានីការួច ជាមួយនឹងកាយវិការគួរឲ្យក្នាញ់"។ នេះបើតាមសម្តី អ្នកម្តាយ មានីកា។

បងស្រី នីម បានបន្ថែមឲ្យ Khmerload ដឹងទៀតថា ចំពោះវីដេអូនីមួយៗ គឺបងស្រី ប្រាប់មានីកាតែម្តងប៉ុណ្ណោះ ថានិយាយប៉ារ៉ូលបែបណា គឺនាងអាចចាំ និងនិយាយបានតែម្តង។ ហើយការសម្តែងក៏អញ្ចឹងដែរ គ្រប់ពេលនាងចេះដើរ និងលេងទឹកមុខដោយខ្លួនឯង គ្រាន់តែប្រាប់ថាសាច់រឿងបែបណាខ្លះ។  វីដេអូភាគច្រើន ដែលមានីកា បានសម្តែង គឺស្តែងពីសកម្មភាពរបស់ក្មេងៗនាពេលបច្ចុប្បន្ន   វីដេអូអប់រំ ការចម្អិនម្ហូប  ឬក៏វីដេអូចម្រៀងជាដើម។ 

ជាពិសេស អ្នកម្តាយមានីកា បានបង្ហើបថា "បើនិយាយពីចរិតរបស់មានីកាវិញ ជាក្មេងម្នាក់ដែលចូលចិត្តនិយាយច្រើន ជាមួយនឹងខ្ញុំតែប៉ុណ្ណោះ ក្រៅពីហ្នឹង គឺគាត់អត់សូវនិយាយទេ គឺនៅស្ងៀមៗ តែមិនមែនខ្លាចគេនោះដែរ។ ហើយគាត់ជាក្មេងរឹងមាំ ឆាប់ចាំនូវអ្វី ដែលយើងបានប្រាប់ ហើយមួយទៀត ស្រឡាញ់សម្រស់តាំងពីក្មេង ចូលចិត្តអ្វីដែលស្អាតៗ មិនស្រួលៗទំនេរទៅលួចប្រដាប់ផាត់មុខខ្ញុំ មកលាបហើយ"។ 

"ភាពល្បីល្បាញរបស់មានីកា ក៏បានធ្វើឲ្យបណ្តាផលិតកម្ម ក្រុមហ៊ុន ស្ពតនានា បានហៅគាត់ថតជាញឹកញាប់ ដែលប៉ុន្មានសប្តាហ៍មុន មានីកា ក៏បានឡើងឆាកប៉ុស្តិ៍ទូរទស្សន៍MYTV ក្នុងកម្មវិធី "ពេញចិត្តអត់"ផងដែរ ដែលរូបគាត់ បានឡើងច្រៀងជាលើកដំបូងនៅលើឆាក។ នៅពេលនោះ បងពិតជាភ័យណាស់ ខ្លាចកូនច្រៀងមិនកើត ព្រោះជាលើកដំបូងផង តែអ្វីគ្រប់យ៉ាង នាងធ្វើបានល្អណាស់ រហូតធ្វើឲ្យអ្នកនាង កាតុ និងគណៈកម្មការផ្សេងទៀត ស្ងើចសរសើរថែមទៀតថា វ័យទើប៤ ឆ្នាំសោះ មានសមត្ថភាព និងមានភាពអង់អាចខ្លាំងណាស់"។ 

មានីកា ទទួលបានការងារសិល្បៈយ៉ាងច្រើន

បងស្រីនីម បានបន្តថា  "ភាគច្រើនធ្លាប់មានអ្នកសួរបងថា ប្រសិនបើមានីកា កាន់តែល្បី តើមានផលប៉ះពាល់សម្រាប់រូបគាត់ ពេលធំឡើង រឺការសិក្សាដែរទេ? សម្រាប់បង តែងតែនិយាយប្រាប់គេថា ចំពោះរឿងថាប៉ះពាល់ការសិក្សា ពេលរូបគាត់ធំឡើង គឺប្រហែលជាមិនអាចទេ ខ្ញុំនឹងព្យាយាមបែងចែកពេលវេលាឲ្យដាច់ ការសិក្សា និងសិល្បៈ ប្រសិនបើរូបគេ មានចំណង់ចំណូលខាងហ្នឹងនោះ។ ហើយបើគាត់ចូលចិត្តខាងសិល្បៈ ខ្ញុំក៏អនុញ្ញាតឲ្យគាត់ ដាក់ពាក្យច្រៀង រឺឡើងប្រកួតតាមកម្មវិធីនានាផងដែរ ដោយមិនហាមគាត់នោះទេ ព្រោះណាមួយ ខ្ញុំមើលឃើញ ទេពកោសល្យ សំលេង និងសម្រស់របស់គាត់។ ហើយចំនុចទាំងអស់នេះ វានឹងអាចជួយគាត់ ទៅរកភាពល្បីល្បាញ មានកេរ្តិ៍ឈ្មោះបោះសំលេង នាពេលអនាគតក្នុងវិស័យសិល្បៈបាន"

ជាចុងក្រោយ បងស្រីនឹម ក៏បានអរគុណទៅកាន់អ្នកគាំទ្រ ដែលតែងស្រឡាញ់ និងចូលចិត្ត ដល់កូនស្រីរបស់គាត់។ ហើយរូបគាត់សន្យាថា នឹងឲ្យមានីកា ឧស្សាហ៍ធ្វើវីដេអូ គួរឲ្យស្រឡាញ់ បែបកំប្លែង ឲ្យកាន់តែច្រើន សម្រាប់បងប្អូនតទៅទៀត៕

វីដេអូមួយចំនួនរបស់មានីកា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ