បារាំង៖ ការប្រកួតពានរង្វាន់បាល់ទាត់ EURO ឆ្នាំ២០១៦ បានបញ្ចប់ទៅជាស្ថាពរហើយកាលពីម្សិលមិញនេះ ដោយប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ជាម្ចាស់ជើងឯកនៃពានរង្វាន់នេះ ជាលើកដំបូងរបស់ខ្លួន ក្រោយពីបានយកឈ្នះ បារាំង ១-០ ក្នុងវគ្គផ្តាច់ព្រ័ត នៃវគ្គបន្ថែមម៉ោង Extra Time។

ក៏គួរឲ្យរំលឹកផងដែរថា ការប្រគល់ពានរង្វាន់ក៏បានប្រព្រឹត្តទៅចប់សព្វគ្រប់ហើយដែរ មិនថាពានរង្វាន់កីឡាករ ឬក្រុមនោះទេ។ ទាក់ទងនឹងពានរង្វាន់នេះ អ្នករៀបចំការប្រកួត បានជ្រើសរើសកីឡាករល្អប្រចាំព្រឹត្តការណ៍ EURO ២០១៦ នេះដែរ គឺខ្សែប្រយុទ្ធ Antoine Griezmann ជាកីឡាករល្អជាងគេប្រចាំ Tournament  ឬប្រចាំព្រឹត្តការណ៍  ហើយក្នុងនោះដែរ ក៏មានចែកជូននូវពានរង្វាន់ កីឡាករស៊ុតចូលទីច្រើនជាងគេដែរ គឺ Greizmann ដដែលជាអ្នកទទួលបាន ដោយរូបគេស៊ុតចូលបាន ៦គ្រាប់ ទទួលបានស្បែកជើងមាស។

មកចាប់អារម្មណ៍ក្រលេកមើលអ្នកស៊ុតចូលទីច្រើនជាងគេបន្ទាប់វិញ គឺ Cristiano Ronaldo ស៊ុតចូលបាន៣គ្រាប់  ទទួលបានត្រឹមស្បែកជើងប្រាក់ ។ ហើយទាក់ទងនឹង ពានរង្វាន់ស្បែកជើងប្រាក់របស់ Ronaldo ដែលទទួលបាននេះ ពិតជាមិនគួរឲ្យជឿថា គាត់បាន ប្រគល់ជូនទៅឲ្យ មិត្តរួមក្រុមរបស់គាត់ Nani វិញ ដោយ Nani ផ្ទាល់ ក៏បានស៊ុតចូលទី បានចំនួន ៣គ្រាប់ដូចគ្នា ។ នេះគឺជារឿងដ៏គួរឲ្យកោតស្ញប់ស្ញែងមួយរបស់កីឡាករលំដាប់ពិភពលោក Cristiano Ronaldo ជាមួយមិត្តរួមក្រុមរបស់គាត់ មិនថែមតែប៉ុណ្ណោះ ក៏គួរឲ្យកោតសរសើរ នូវមិត្តភាពរបស់កីឡាករទាំង២រូបនេះដែរ ។

ដោយយោងតាមបណ្តាញសង្គមរូបភាព Instagram របស់ Nani ផ្ទាល់ គាត់ក៏បាននិយាយដែរថា Ronaldo ពិតជា ផ្តល់នូវពានរង្វាន់មួយនេះមកគាត់មែន ហើយក្នុងនោះដែរ Nani បានសរសេរថា « More than a captain you’re a champion! Thanks for the gift! Let’s go Portugal we are the Champions! » ដែលមានន័យថា « Ronaldo មិនត្រឹមតែជាប្រធានក្រុមទេ ថែមទាំងជាជើងឯកទៀតផង! អរគុណសម្រាប់កាដូមួយនេះ!  ជយោ ព័រទុយហ្គាល់ ពួកយើងគឺជាជើងឯក! » ៕

ប្រភព៖ Mainsports | Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]