បារាំង៖ ក្រោយពីរយៈពេល១ខែពេញ នៃព្រឹត្តការណ៍បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឥឡូវនេះយើងបានស្វែងរកឃើញនូវម្ចាស់ជើងឯក EURO ឆ្នាំ២០១៦ ហើយគឺ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលបានយកឈ្នះក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ ក្នុងលទ្ធផល ១-០ ក្នុងវគ្គបន្ថែមម៉ោង Extra Time ។ វាជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ព័រទុយហ្គាល់ ដែលបានលើកពាន EURO ជាលើកដំបូងរបស់ខ្លួន ។

ទាក់ទិននឹងការប្រកួតវគ្គផ្តាច់ព្រ័តនេះ គឺត្រូវបានរៀបចំឡើងក្នុងកីឡដ្ឋានជាតិរបស់បារាំង Saint Denis ឬ Stade de France នៃទីក្រុងប៉ារីស ដោយមានការប្រារព្ធនូវកម្មវិធីបិទការប្រកួតយ៉ាងឱឡារឹក និងស្ថិតក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ៧មឺុន ៥ពាន់នាក់ ក្នុងកីឡដ្ឋាន និងរាប់លាននាក់ ទស្សនាជុំវិញពិភពលោក ។ 

ក្រលេកមកមើលការប្រកួតវិញ ឃើញថា ក្រុមទាំង២ សុទ្ធតែបានត្រៀមលក្ខណៈរៀងៗខ្លួន ដើម្បីប្រកួត ។ ជាក់ស្តែង យើងឃើញថាលទ្ធផលបញ្ចប់ ៩០នាទី ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នាបាន ពោលគឺលទ្ធផលបានត្រឹម ០-០ ទោះបីជា ក្រុមម្ចាស់ផ្ទះ បារាំង មានការគ្របសង្កត់ ក្នុងការប្រកួតក៏ដោយ ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនោះ គឺក្នុងតង់ទី១ កីឡាករលំដាប់កំពូល និងជាប្រធានក្រុមរបស់ព័រទុយហ្គាល់ Cristiano Ronaldo បានទទួលរងរបួសជង្គង់ ក្នុងអំឡុងការប្រកួត ដែលធ្វើឲ្យកីឡាកររូបនេះ បានត្រឹមសម្រក់ទឹកភ្នែក ទាំងឈឺចាប់ ហើយត្រូវគេសែងចេញ នៅនាទី២៥ តែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា នៅពេល Ronaldo បានលេងត្រឹមតែ ២៥នាទី ដោយរបួសនោះ បណ្តាអ្នកគាំទ្រ ជុំវិញពិភពលោកទាំងអស់ សុទ្ធតែមានការសោកស្តាយចំពោះរូបគាត់ ដោយម្នាក់ៗគិត បើគ្មាន Ronaldo ទេ ព័រទុយហ្គាល់ ច្បាស់ជាចាញ់ ។

តែអ្វីៗទាំងអស់ ខុសពីការរំពឹងទុក របស់អ្នកគាំទ្រ ដោយលទ្ធផលបានប្រែប្រួល ក្នុងវគ្គបន្ថែមម៉ោង Extra Time ឬថែម ១៥នាទី ពីរដង គឺ កីឡាករស្បែកខ្មៅ Eder បានធ្វើឲ្យក្តីស្រមៃរបស់ក្រុមជម្រើសជាតិ ក៏ដូចជាអ្នកគាំទ្រ ក្លាយជាការពិត ដោយកីឡាកររូបនេះ បានស៊ុតបញ្ចូលទី នៅនាទី ១០៩ ធ្វើឲ្យព័រទុយហ្គាល់ លើកពាន EURO ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុម។

ដូច្នេះ សូមអបអរសាទរ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក នៃពានរង្វាន់ EURO ឆ្នាំ២០១៦ នេះ៕

តោះមកទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]