(ភ្នំពេញ)៖ បន្ទាប់ពីមានសំឡេងរិះគន់ ជុំវិញការនិពន្ធបទ «ស៊ីបានចេះតែស៊ីទៅ» ដែលច្រៀងដោយតារាចម្រៀង កែវ វាសនា រហូតដល់ថ្នាក់ក្រសួងព័ត៌មាន ហាមមិនឲ្យចាក់ផ្សាយ កាលពីពេលថ្មីៗនេះរួចមក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ងួន សុបិន ជាកវីនិពន្ធ និងជាតារាសម្ដែងផងនោះ បានចេញមុនបកស្រាយបញ្ជាក់ និងទទួលស្គាល់នូវកំហុសឆ្គងមួយចំនួន ហើយក៏ស្នើឲ្យអ្នករិះគន់មេត្តារិះគន់ ក្នុងន័យស្ថាបនា កែលំអរ កុំបន្តរិះគន់បែបជាន់ពន្លិច។
លោក ងួន សុបិន បានប្រាប់ Khmertalking ស្រដៀងទៅនឹងការចេញវិញដេអូ បកស្រាយនៅពេលនេះ ថា ជាការពិតបទចម្រៀង «ស៊ីបានចេះតែស៊ីទៅ» គឺដោយសារតែមហារជន គិតទៅលើអត្ថន័យជ្រៅជាងអ្នកនិពន្ធ ព្រោះក្នុងន័យនេះ គឺលោកនិពន្ធប្រៀបធៀបន័យធម្មតាៗ មិនបានឲ្យអ្នកស្ដាប់យល់ ទៅក្នុងន័យជ្រៅផ្សេងនោះឡើយ។ ម្យ៉ាងទៀតលោក ងួន សុបិន ក៏បានទទូចឲ្យអ្នករិះគន់ កុំរិះគន់បែបជាន់ពន្លិច ព្រោះមុននឹងមានការិះគន់នេះ គឺបន្ទាប់ពីមានតារាចម្រៀងក្នុងផលិតកម្មផ្សេង បានច្រៀងបកត្រឡប់មកចម្រៀងរបស់លោកវិញ ក្នុងន័យផ្សេង ធ្វើឲ្យមានការយល់ខុស ពីអត្ថន័យដើម។
សូមទស្សនាការចេញមុខបកស្រាយ របស់លោក ងួន សុបិន តើលោកបានបញ្ជាក់ដូចម្ដេចខ្លះ?
ប្រភព៖ Khmertalking
កំណត់ហេតុខ្មែរឡូត៖
បន្ទាប់ពីបទ «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយតារាចម្រៀង របស់ផលិតកម្ម ថោន លោក កែវ វាសនា និងជាស្នាដៃនិពន្ធ ពីសំណាក់លោក ងួន សុបិន ចេញលក់លើទីផ្សារមិនបានប៉ុន្មានថ្ងៃផង បច្ចុប្បន្នបាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួល តាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុងបាញ់ស្រោចយ៉ាងខ្លាំង ទៅលើការនិពន្ធបទភ្លេងចំឡងពីប្រទេសថៃ ហើយការប្រើអត្ថន័យពាក្យពេចន៍ ហាក់មានភាពឆ្គាំឆ្គង ប៉ះពាល់ដល់តម្លៃនារីខ្មែរ។ ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងក្លានេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងព័ត៌មានក៏បានចេញបំរាម មិនស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ចាក់ផ្សាយនូវបទចម្រឿង«ស៊ីបានចេះតែស៊ីទៅ»និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ចាប់ពីថ្ងៃនេះតទៅ។
ស្របពេលដែលក្រសួងព័ត៌មាន ប្រកាសផ្អាកចាក់ផ្សាយ និងពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើកវីនិពន្ធលោក ងួន សុបិន និងតារាចម្រៀងលោក កែវ វាសនា នេះដែរ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ តារាសម្តែងស្រីកំពុងមានរឿងអាស្រូវ ហែកហួរគ្នារឿងលុយកាក់ កញ្ញា សួង សុខារ៉ានីត និងតារាសម្ដែងកញ្ញា ណូម័រ បានចេញមុខប្រតិកម្មការពារ លោក ងួន សុបិន ដោយទទូចស្នើឲ្យទស្សនិកជន បញ្ឈប់នូវរាល់ការរិះគន់នេះ និងរិះគន់ក្នុងន័យស្ថាបនា កែលំអ ដើម្បីឲ្យសិល្បៈខ្មែរបានរីកចម្រើន។
កញ្ញា សួង សុខារ៉ានីត បានសរសេរថា « ហេតុអ្វីបងប្អូនមិនចោលចរឹតព្រួតគ្នាជាន់ពន្លិច ទឹកចិត្តខ្មែរដូចគ្នានឹងម្លេះ? ខ្ញុំសូមសួរថា ចុះចំណែកបទ"ទឹកភ្នែកក្មេងពាល" ដែលគាត់ខិតខំនិពន្ធ ហើយនិយាយពីន័យមានប្រយោជន៍ អប់រំសង្គមទាំងមូល ដែលល្បីទូទាំងប្រទេស កាលពីថ្មីៗនេះដែរ ចុះហេតុអ្វីក៏គ្មានអ្នកណាផ្ដល់កម្លាំងចិត្ត សួររកមុខគាត់ ដើម្បីសរសើរលើកទឹកចិត្តគាត់ សោះអញ្ចឹង??? សួរថា តើកម្លាំងចិត្ត មានមកពីណាទៀត?»។
ការលើកឡើង របស់តារាសម្តែងកញ្ញា សួង សុខារ៉ានីត ខាងលើនេះធ្វើឡើង ក្រោយពីសង្កេតឃើញមានមហាជនជាច្រើន ពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នាអំឡុងពេល២ឬ៣ថ្ងៃនេះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ លើអ្នកនិពន្ធលោក ងួន សុបិន ជុំវិញការជ្រើសនិពន្ធបទចម្លងពីថៃ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងការប្រើប្រាស់អត្ថន័យគ្មាន សីលធម៌រហូតផ្ទុះការរិះគន់ ជាបន្តបន្ទាប់លើរូបលោក និងតារាចម្រៀងលោក កែវ វាសនា ផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]