តៃវ៉ាន់៖ កាលពីថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ មានឧប្បទ្ទវហេតុផ្ទុះរថភ្លើងដ៏រន្ធត់មួយ ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានរងរបួស។

យោងតាមប្រភពបានឲ្យដឹងថា ការផ្ទុះរថភ្លើងនេះ បានកើតឡើងនៅស្ថានីយ៍ Song Shan ក្នុងទីក្រុងតៃប៉ិ ដែលមានអ្នកដំណើរមួយចំនួន មានការរងរបួស និងស្នាមរលាកពេញខ្លួន។ នេះបើតាមសម្ដីពីមន្រ្តីប៉ូលិសបានប្រាប់ឲ្យដឹងថា ពួកគេបានរកឃើញបំពង់បែកមួយ ដែលមានជាតិផ្ទុះនៅក្នុងនោះ ដូចជា កាំជ្រួច។ ក្នុងបញ្ហានេះដែរ លោកនាយកមន្រ្តី Lin Chuan បានមានប្រសាសន៍ថា វាហាក់បីដូចជា មានការលេចឡើងនូវ ការគំរាមគំហែង ឬព្យាបាទមួយ ខណៈដែលប៉ូលិស មិនទាន់រកឃើញមុខសញ្ញាអ្វីនោះទេ។

ជាមួយគ្នានេះទៀតដែរ លោក Lee Tzu-Wen ប្រធានក្រុមប៉ូលិស ផ្នែកស៊ើបអង្កេតលើករណីគ្រាប់បែក បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានរកឃើញបំពង់បែកមួយប្រវែង ១៥សង់ទីម៉ែត្រ ដែលមានផ្ទុកជាតិផ្ទុះ នៅក្នុងកាបូបស្ពាយខ្មៅមួយ ហើយរូបលោកជឿជាក់ថា នេះជាមូលហេតុ ដែលបង្កឲ្យមានការផ្ទុះកើតឡើង។

គួរបញ្ជាក់ផងដែរថា មានសាក្សីជាអ្នកដំណើរមួយចំនួន បានប្រាប់ខាងអ្នកកាសែតឲ្យដឹងថា ពួកគេបានឃើញបុរសម្នាក់ កាន់ប្រអប់តូចមួយចូលក្នុងរថភ្លើង ហើយពេលមានការផ្ទុះកើតឡើង អ្នកដំណើរជាច្រើនបានស្រែក និងភ័យស្លន់ស្លោរយ៉ាងខ្លាំង ខណៈមានសម្លេងផ្ទុះឡើង នៅក្នុងរថភ្លើងប្រែជាងងឹតសូន្យឈឹង៕ 

ប្រភព៖ BBC

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា កាលពីពេលកន្លងទៅនេះ ក៏មានវីដេអូស្តែងមួយ ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាព របស់ពួក ISIS ចូលទៅបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងបរិវេណព្រលានយន្តហោះ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងតក់ស្លុតយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធទី ២៩ មិថុនា កន្លងទៅនេះ មានអំពើភេរវកម្មមួយ បានវាយប្រហារទៅលើ ព្រលានយន្តហោះ Ataturk ដែលស្ថិតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី ដោយក្នុងនោះផ្អែកលើរបាយការណ៍ចុងក្រោយ បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់ និង២៣៩នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ស្របពេលជាមួយគ្នានេះដែរ សកម្មភាពរបស់ភេរវករម្នាក់ ដែលបានដើរចូលមកបំផ្ទុះ គ្រាប់បែកអត្ថឃាត ស្ថានីយ៍អ្នកដំណើរ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពមួយ ហើយមនុស្សជាច្រើន កំពុងតែមានការចាប់អារម្មណ៍ ទៅលើវីដេអូមួយនេះ។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងអំឡុងពេលដែល មានមនុស្សជាច្រើន កំពុងដើរទៅមកនៅក្នុងស្ថានីយ៍ ក៏ស្រាប់តែមានបុរសម្នាក់ ដើរចូលមកយ៉ាងលឿន រួចក៏បំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងអាវកាក់របស់គេភ្លាមៗ ដែលនាំឲ្យមានកម្លាំងផ្ទុះយ៉ាងខ្លាំងនៅទីនោះ។

ក្រុមប៉ូលីសបានអះអាងថា ក្នុងសកម្មភាពវាយប្រហារ របស់ក្រុមសកម្មជន ឥស្លាមជ្រុលនិយម ISIS មិនត្រឹមតែមានជាលក្ខណៈ បំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះទេ ក៏នៅមានសកម្មជនផ្សេងទៀត ឈរចាំនៅខាងក្រៅស្ថានីយ៍ ប្រដាប់ដោយកាំភ្លើង AK-47 ធ្វើការបាញ់រះទៅលើ ក្រុមមនុស្សដែលព្យាយាមរត់ចេញមកខាងក្រៅ តែទោះយ៉ាងណា ក្រុមប៉ូលីសរក្សាសន្តិសុខ នៅទីនោះ ក៏បានធ្វើការរារាំង និងបង្ក្រាប ដែលនាំឲ្យចំនួន មនុស្សស្លាប់ មិនមានទំហំធំធេង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]