(ភ្នំពេញ)៖ បន្ទាប់ពីបទ «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយតារាចម្រៀង របស់ផលិតក​ម្ម ថោន​ លោ​ក កែវ វាសនា និងជាស្នាដៃនិពន្ធ ពីសំណាក់លោក ងួន សុបិន ​ចេញលក់លើ​ទីផ្សារ​មិន​បា​នប៉ុន្មានថ្ងៃផង បច្ចុប្បន្នបាននិងកំពុងក្លាយជារឿង​ដ៏រំជើបរំជួល តាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុង​បាញ់​​ស្រោចយ៉ាងខ្លាំង ទៅលើការ​និព​ន្ធបទភ្លេងចំឡងពីប្រទេសថៃ ហើយការប្រើអត្ថន័យពាក្យពេច​ន៍ ហាក់មានភាពឆ្គាំឆ្គង ប៉ះពាល់ដល់តម្លៃនារីខ្មែរ។ ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងក្លានេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងព័ត៌មានក៏បានចេញបំរាម មិនស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ចាក់ផ្សាយនូវបទចម្រឿង​«ស៊ីបានចេះតែស៊ីទៅ»និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ចាប់ពីថ្ងៃនេះតទៅ។

ស្របពេលដែលក្រសួងព័ត៌មាន ប្រកាសផ្អាកចាក់ផ្សាយ និងពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើកវីនិពន្ធ​លោក ងួន សុ​បិន និងតារាចម្រៀង​លោក កែវ វាសនា នេះដែរ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ​តារា​សម្តែងស្រីកំពុងមានរឿងអាស្រូវ ហែកហួរគ្នារឿងលុយកាក់ កញ្ញា សួង សុខារ៉ានីត និងតារាសម្ដែងកញ្ញា ណូម័រ បានចេញ​មុខប្រតិកម្មការពារ លោក ងួន សុបិន ដោយទទូចស្នើ​ឲ្យទស្សនិកជន បញ្ឈប់នូវរាល់ការរិះគន់​នេះ និងរិះគន់ក្នុងន័យស្ថាបនា កែលំអ ដើម្បីឲ្យសិល្បៈខ្មែរបានរីកចម្រើន។

កញ្ញា សួង សុខារ៉ានីត បានសរសេរ​ថា « ហេតុអ្វីបងប្អូនមិនចោលចរឹតព្រួតគ្នាជាន់ពន្លិច ទឹកចិត្តខ្មែរដូចគ្នានឹងម្លេះ? ខ្ញុំសូមសួរថា ចុះចំណែកបទ"ទឹកភ្នែកក្មេងពាល" ដែលគាត់ខិតខំនិពន្ធ ហើយនិយាយពីន័យមានប្រយោជន៍ អប់រំសង្គមទាំងមូល ដែលល្បីទូទាំងប្រទេស កាលពីថ្មីៗនេះដែរ ចុះហេតុអ្វីក៏គ្មានអ្នកណាផ្ដល់កម្លាំងចិត្ត សួររកមុខគាត់ ដើម្បីសរសើរលើកទឹកចិត្តគាត់ សោះអញ្ចឹង??? សួរថា តើកម្លាំងចិត្ត មានមកពីណាទៀត?»។

ការលើកឡើង របស់តារាសម្តែងកញ្ញា សួង សុខារ៉ានីត ខាងលើនេះធ្វើឡើង​ ក្រោយពីស​ង្កេត​ឃើញមាន​មហាជនជា​ច្រើ​ន​ ពិសេសអ្នកនិយមលេងបណ្តាញ​សង្គមហ្វេសប៊ុក នាអំឡុងពេ​ល​២​​ឬ៣ថ្ងៃនេះ បានធ្វើការរិះគន់​យ៉ាងចាស់ដៃ លើអ្នកនិពន្ធលោក ងួន សុបិន ជុំវិញការជ្រើស​និ​ពន្ធបទចម្លងពីថៃ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងការប្រើប្រាស់អត្ថន័យគ្មាន សីលធម៌រហូតផ្ទុះកា​ររិះគន់ ជាបន្តបន្ទាប់​លើរូបលោក និងតារាចម្រៀងលោក កែវ វាសនា ផងដែរ។

ដោយឡែកតារាសម្ដែង​ក្នុងបទ «ទឹកភ្នែកក្មេងពាល» កញ្ញា ណូម័រ ក៏បានប្រតិកម្ម នឹងការិះគន់នេះផងដែរ ដោយនាងបានសរសេរក្នុង Facebook របស់នាងថា «សូមប្រើពាក្យរិះគន់ ដើម្បីស្ថាបនា សូមយល់ចិត្តអ្នកនិពន្ធផង បានមួយបទៗ មិនងាយស្រួលទេ សម័យនេះសម័យហ្វេសប៊ុក ខ្ញុំសុំពិចារណារឿងមួយ ឆ្ងល់ណាស់ហេតុ​អ្វី ពេលបទគាត់តែង ពីអត្ថន័យអប់រំម្នាក់ៗ មិនបាក់ទឹកបាក់ដីសរសើរផង ដូចជាបទ "​ទឹកភ្នែកក្មេងពាល. ទិវាបុណ្យឪពុក. សង្សាគរ. ទឹកភ្នែកកូនទាហាន. សង្សារខ្ញុំគេ​ចិញឹម. ជីវិតអ្នកប្រដាល់. កូនអត់ខាន់ស្លា. ស្ទាវភូមិខ្ញុំ. មានសង្សារដូចអត់សង្សារ. កូនប្រុសម៉ែមិនល្អ. អាម៉ាប់អត់គូរ. ប្តីមិនបានការ. គ្មានអ្នកណាស្មោះ​អូន​ដូចរូបបង. ប្រពន្ធខ្ញុំយំ​នឹកសង្សារ. ប្តីអ្នកក្រ. កាបូបនៃក្តីសង្ឃឹម. ពេលពុកស្រវឹង. ចាំទូរស័ព្ទកូន. ថ្ងៃស្អែកអូនការ ឱភូមិព្រែកភ្នៅ. កូនកំលោះនេះជាសង្សារខ្ញុំ. បើអូនមិនទាន់ភ្លេចគេ ​..ល.​..​(ចុចឈ្មោះងួនសុបិន្ត អ្នកនឹងឃើញ ) សុំកាត់បន្ថយរឿង Troll តាមគេតាមឯង​នឹងបានទេ!!!!! »។

តារាសម្ដែង ណូម័រ ក៏បានបន្ថែមក្នុងន័យសំណូមពរថា «សូមសុំណូមពរ ឲ្យអ្នករិះគន់បែរមកទិញឌីសស្ស៊ីនវិញមក ទើបតាមបណ្តាផលិតកម្មនីមួយៗ អាចមានសាច់ភ្លេច Original Song ឲ្យអ្នកនិពន្ធ... យល់ឲ្យជាក់ ចាំញាក់ចិញ្ចើម!!»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងបទចម្រៀងមួយនេះដែរ គួររំលឹកផងដែរថា «ទាល់តែយូរទើបស៊ីអូនបាន»​ ចេញភ្លាម ត្រូវមហាជនរិះគន់​ខ្លាំងៗ​ភ្លែត និង​ស្នើដល់​ក្រសួង​​មាន​​វិធាន​ការ​ 

មហាជនជាច្រើន​​ នៅតាមបណ្តាញទំនាក់ទំនងសង្គម បានសម្ដែងការរិះគន់យ៉ាងខ្លាំង និងដៀលចំៗឥតសំចៃមាត់ ចំពោះបទចម្រៀងថ្មី ដែលមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយតារាចម្រៀងវ័យក្មេងគឺ កញ្ញា ម៉ាលីស។

ប្លែកពីបទចម្រៀង របស់តារាចម្រៀងផ្សេងៗ គ្រាន់តែធ្វើការផ្សព្វផ្សាយភ្លាម មានការគាំទ្រ ប៉ុន្តែចម្លែកត្រង់បទ «ទាល់តែយូរទើបស៊ីអូនបាន» ពេលចេញូភ្លាម ត្រូវអ្នករិះគន់ជាច្រើន​បានលើកឡើងថា បទចម្រៀងមួយនេះ​ បានចម្លងពីបរទេស ដោយយកសាច់ភ្លេង ហើយបានប្រែសម្រួលអត្ថន័យបទផ្សេង ដែលធ្វើឲ្យមហាជន​ មានការរិះគន់ថា «សាច់ភ្លេងយកពីគេហើយ អត្ថន័យមិនសមរម្យទៀត»។ ការលើកឡើងរបស់មហាជន ពិតជាចង់សម្ដៅឲ្យក្រសួង ​ពាក់ព័ន្ធមានវិធានការណ៍ ធ្វើយ៉ាងណា ចំពោះបទចម្រៀងថ្មីមួយនេះ ព្រោះស្ដាប់ទៅ អត្ថន័យអាចប៉ះពាល់ដល់ តម្លៃរបស់ស្រ្តីខ្មែរទៀតផង។

អ្នករិះគន់ម្នាក់ បានលើកឡើងថា តារាចម្រៀងថ្មី កញ្ញា ម៉ាលីស មិនគួរច្រៀងបទនេះទេ ព្រោះវាបានធ្វើឲ្យអ្នកទស្សនា មានការខ្មាស់អៀន ហើយបទនេះ ពិតជាមិនឲ្យតម្លៃស្រ្តីខ្មែរទាល់តែសោះ។ នាងបានសរសរថា​ « កោតតែច្រៀងទៅរួច ពិបាកស្តាប់ជាងក្មេងមតេយ្យទៀត»។

អ្នកគាំទ្រវិស័យសិល្បៈម្នាក់ បានលើកឡើងថា ពាក្យថា «ស៊ីអូនបាន» ពាក្យនេះដូចជាមិនសមរម្យទេ សម្រាប់មនុស្សស្រី វាប្រៀបបានមនុស្សស្រីជាម្ហូប ឬ ជានំសម្រាប់មនុស្សបុ្រសញ៉ាំលេង។ ការប្រៀបមនុស្សស្រីម្នាក់ ទៅរបស់ញុំាលេងបែបនេះ ត្រូវបានមហាជនផ្សេងៗទៀតគិតថា វាពិតជាមិនសមរម្យទាល់តែសោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា