ក្រុមហ៊ុនមួយចំនួននៅប្រទេសចិន បានជួលជនជាតិស្បែកស ដែលមានដើមកំណើតនិយាយភាសាអង់គ្លេស មកដើរតួជាបុគ្គលិកសំខាន់របស់ខ្លួន ឬ ធ្វើជាអ្នកតំណាងក្រុមហ៊ុនដៃគូធំមកពីស្រុកក្រៅ ដើម្បីទាក់ទាញអតិថិជន និង ដៃគូជំនួញ។

ជនស្បែកសដែលក្រុមហ៊ុនជួល មិនចាំបាច់មានសញ្ញាបត្រនិងជំនាញអ្វីក្រៅពីចេះស្លៀកពាក់ សមរម្យនិង និយាយភាសាកំណើតរបស់ខ្លួន។ ក្រុមហ៊ុនខ្លះគ្រាន់តែជួលពួកគេចោល ឲ្យអង្គុយលេងនៅក្នុងបន្ទប់ការងារកញ្ចក់ បង្ហាញអតិថិជន ឬ ដៃគូជំនួញ ដែលដើរចូលមកជួប នាយកក្រុមហ៊ុនពិភាក្សាគ្នាការងារជំនួញ។ ក្រុមហ៊ុនចង់ឲ្យអតិថិជន ឬ ដៃគូជំនួញគិតថាក្រុមហ៊ុនខ្លួន ពិតជាមានទំនាក់ទំនងច្រើន ជាមួយក្រុមហ៊ុនក្រៅស្រុក និង មានអ្នកធ្វើការងារដែលមានជំនាញពីស្រុកក្រៅ។

ជាធម្មតាក្រុមហ៊ុន ចូលចិត្តជួលជនស្បែកស ឲ្យធ្វើដំណើរទៅក្រុងតូចៗនៅប្រទេសចិន ធ្វើជាតំណាងក្រុមហ៊ុនដៃគូបរទេស របស់ក្រុមហ៊ុនក្នុងស្រុក ដើម្បីទាក់ទាញអតិថិជន។ លោក Jonathan Zatkin ដែលមានអាជីពជាតួសម្ដែង តូចតាចមួយនៅក្រុង ប៉េកាំង បានប្រាប់ព័ត៌មាន CNN ថាគាត់ត្រូវបានក្រុមហ៊ុនគ្រឿងអលង្ការក្នុងស្រុកមួយ ជួលគាត់ ៦០០ ដុល្លារក្នុងមួយថ្ងៃ ឲ្យធ្វើជាអនុប្រធានក្រុមហ៊ុនគ្រឿងអលង្ការដ៏ធំមួយ នៅប្រទេសអ៊ីតាលី ហើយធ្វើដំណើរទៅក្រុងមួយក្នុងខេត្ត ហឺណាន ប្រទេសចិន ដើម្បីធ្វើជាភ្ញៀវកិត្តិយសបើកសម្ភោធហាងគ្រឿងអលង្ការរបស់ក្រុមហ៊ុនដែលជួលគាត់។ ទៅដល់ទីនោះគាត់ត្រូវចៅហ្វាក្រុងទទួលរាក់ទាក់ និង បាននិយាយទៅមនុស្សសំខាន់ៗជាច្រើន ដោយប្រាប់ថាក្រុមហ៊ុនអ៊ីតាលីដែលគាត់ដើរតួជាអនុប្រធាន មានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនក្នុងស្រុក (ដែលបានជួលគាត់ឲ្យដើរតួ)។

ក្រុមហ៊ុនខ្លះហ៊ានជួលជនស្បែកសរហូតដល់ជាង ១០០០ ដុល្លារ ក្នុងមួយថ្ងៃ។ ប៉ុន្ដែការងារនេះក៏មាន គ្រោះថ្នាក់ដែរ ព្រោះថាមានករណី ក្រុមហ៊ុនសំបកក្រៅខ្លះបានជួល ជនស្បែកសមកដើរតួជាអ្នកតំណាង ឬ ប្រធានក្រុមហ៊ុន រួចបោកយកលុយក្រុមហ៊ុនដៃគូ រាប់លានដុល្លារ ហើយប្រាប់ថាជនស្បែកសនោះជាអ្នកទទួលខុសត្រូវ។ 

ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]