អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានមួយរបស់ ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ខ្សែបំរើស្លាប របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ Luis Nani បានចុះកិច្ចសន្យា លើកុងត្រារយៈពេល ៣ឆ្នាំ ដោយយល់ព្រម ផ្ទេរពីក្លិប Fenerbahce របស់ ទួរគី ទៅកាន់ក្លិប Valencia របស់អេស្ប៉ាញ ក្នុងតម្លៃខ្លួន ៧.២៥លានផោន (៩.៤លានដុល្លារ) ។

យ៉ាងណាមិញ កីឡាករ Nani ដែលមានវ័យ ២៩ឆ្នាំ រូបនេះ ធ្លាប់ជាអតីតកីឡាកររបស់ ក្លិប Manchester Untied ដោយកាលនោះកេរ្តិ៍ឈ្មោះគាត់ នូវក្លិបបិសាចក្រហមមានភាពល្បីល្បាញគួរសម ប៉ុន្តែបន្ទាប់ពីរជ្ជកាលរបស់លោក Sir Alex Ferguson បានបញ្ចប់ទៅ កីឡាកររូបនេះ មិនសូវបានលេងជាប់លាប់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីទេ ជាហេតុធ្វើឲ្យគាត់ត្រូវបានក្លិប Sporting Lisbon ខ្ចីជើងយកទៅលេងពេញមួយរដូវកាល ។

សូមបញ្ជាក់ផងដែរថា ក្លិប Sporting Lisbon នេះគឺជាក្លិបកំណើតរបស់គាត់ តាំងពីគាត់ប្រកបអាជីពបាល់ទាត់ដំបូង ។ កន្លងបានផុតមួយរដូវកាល នៅក្លិប Sporting Lisbon គាត់ក៏ត្រូវក្លិប Fenerbahce ទិញយកទៅលេងវិញម្តង ។

ក្នុងពេលថ្មីៗនេះក៏មានក្លិបមួយចំនួនចាប់អារម្មណ៍លើកីឡាកររូបនេះ ដូចជា Stoke City របស់ អង់គ្លេស ជាដើម ប៉ុន្តែជាលទ្ធផល Nani បានយល់ព្រមផ្ទេរមកលេងឲ្យ Valencia ជាផ្លូវការហើយ ។ ក្នុងនោះដែរ ក្លិប Valencia របស់អេស្ប៉ាញ ក៏បានចេញរបាយការណ៍មួយផងដែរ ដែលស្តីពីកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាកររូបនេះមកលេងឲ្យក្លិប ។

បច្ចុប្បន្ននេះដែរ Nani កំពុងតែមានភារកិច្ចដ៏ធំមួយជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងការប្រកួតនៃពានរង្វាន់ទ្វីបអឺរ៉ុប EURO ។ ដូច្នេះ Nani នឹងបង្ហាញខ្លួន ក្នុងនាមជាកីឡាកររបស់ Valencia ជាផ្លូវការ នាពេលខាងមុខនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ខ្លួនជាមួយក្រុមជម្រើសជាតិ៕

តោះមកមើលទម្រង់លេង និងក្បាច់ញាក់បាល់ របស់ Nani​ ៖

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]