ភ្នំពេញ៖ ស្របពេលដែលរឿងហុងកុងរបស់ TVB ដែលកំពុងចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន មានដូចជារឿង «ព្រាយជញ្ជក់ឈាម» និងរឿង «បេសកកម្មឆ្លងពេល» កាន់តែខិតជិតមកដល់ ភាគបញ្ចប់ ភីអិនអិននឹងនាំមកជូនទូរទស្សនិកជននូវខ្សែភាពយន្តល្អៗប្រចាំឆ្នាំ២០១៦ របស់TVB ចំនួន២បន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

រឿង «ព្រាយជញ្ជក់ឈាម ឬ Blue Veins» ដែលកំពុងតែធ្វើការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ វេលាម៉ោង១១ ដល់១២ថ្ងៃត្រង់ នឹងមកដល់ទីបញ្ចប់នៅថ្ងៃទី១២ កក្កដា ខាងមុខនេះ។ ចង់ដឹងថា តើពួកគេអាចរកថ្នាំប្រឆាំង នឹងមេរោគខ្មោចឆៅបានទេ? តើស្នេហារវាងខ្មោចឆៅ និងមនុស្សមិនចេះស្លាប់ចុងក្រោយ នឹងទៅជាយ៉ាងណា? សូមទស្សនិកជនកុំភ្លេចតាមដាននូវភាគបញ្ចប់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ខ្សែភាពយន្តភាគដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទូរទស្សនិកជន របស់ភីអិនអិនបន្តនោះគឺរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍»។

តួឯកប្រុសក្នុងរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍» ឬ My Dangerous Mafia Retirement Plan ដែលទស្សនិកជនកម្ពុជា បានស្គាល់ស្នាដៃរបស់ លោកតាមរយៈខ្សែភាពយន្តហុងកុងជាច្រើនកន្លងមក និងជាម្ចាស់ពានរង្វាន់តួអង្គ ល្អបំផុតរបស់ Hong Kong Film Awards ចំនួនពីរលើក គឺលោក Kent Cheng នឹងមកចូលរួមសម្តែង ជាតួអង្គបងធំ ហើយក្រោយមកក្លាយទៅ ជាចុងភៅវិញក្នុងរឿងភាគថ្មីនេះ។

ជាមួយគ្នានេះផងដែរ ខ្សែភាពយន្តបែបកំប្លែងសើចក្អាកក្អាយ ថ្មីមួយទៀតពីTVB ហើយក៏កំពុង តែធ្វើការចាក់ផ្សាយនៅ ទីក្រុងហុងកុងនៅឡើយ ដោយមានការចូលរួមសម្តែងពីលោក Bobby Au-yeung និងអ្នកនាង Nancy Wu គឺរឿង «ជំនាងផ្ទះរីករាយ ឬ House of Spirit» ក៏នឹងចូលខ្លួនមកបម្រើអារម្មណ៍ ទូរទស្សនិកជនរបស់ភីអិនអិនបន្តពីរឿង «បេសកកម្មឆ្លងពេល»។ រឿងភាគបែបស៊ើបអង្កេត សម្តែងដោយលោក Vincent Wong មួយនេះកំពុងចាក់ផ្សាយ នៅរៀងរាល់ថ្ងៃច័ន្ទដល់សុក្រ វេលាម៉ោង៦ ដល់៧ល្ងាច នឹងចូលដល់វគ្គបញ្ចប់នៅថ្ងៃទី២០ កក្កដា ខាងមុខនេះ។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានឲ្យដឹងថា៖ « រឿងទាំងពីរសុទ្ធសឹងតែ ជារឿងថ្មីស្រឡាងនាពាក់កណ្តាលឆ្នាំ២០១៦នេះ ហើយរឿងជំនាងផ្ទះរីករាយ ក៏កំពុងតែចាក់ផ្សាយនៅទូរទស្សន៍TVBហុងកុង និងទទួលការគាំទ្រយ៉ាងខ្លាំង»។ កញ្ញាបន្តថា៖ «ចំពោះសាច់រឿងទាំងពីរនេះមានការខុស ប្លែកគ្នាពីរឿងមុនៗ ដោយរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍» បង្ហាញពីជីវិតក្រុមម៉ាហ្វៀ ដែលពួកគេត្រូវរៀនសម្របខ្លួនរស់នៅក្នុងជីវិតសាមញ្ញ ប្រកបមុខរបរសុច្ចរិត នៅវ័យចូលនិវត្តន៍ វាហាក់ដូចបង្ហាញថាជីវិតមនុស្សយើងត្រូវបន្តរៀនរហូត ទោះបីជាឋិតនៅក្នុងវ័យណាក៏ដោយ»។

កញ្ញាបានបញ្ជាក់បន្ថែមផងដែរថា៖ «រីឯរឿង «ជំនាងផ្ទះរីករាយ» ជាប្រភេទរឿងកំប្លែងបែបអបិយជំនឿ ដែលប្រជាជនអាស៊ីជឿថា ក្នុងផ្ទះនីមួយៗតែងតែមានជំនាងផ្ទះ រឿងនេះដែរគឺយើងចាក់ផ្សាយនៅម៉ោង ៦ល្ងាច ដោយជឿជាក់ថាទស្សនិកជនដែលត្រឡប់ពីធ្វើការហត់ ពួកគាត់អាចសំរាក និងទស្សនាកំសាន្តសើចសប្បាយជាមួយក្រុមគ្រួសារនាម៉ោងនេះបាន។ PNN សង្ឃឹមថា រឿងទាំងពីរនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន»។

ទស្សនាឈុតខ្លីក្នុងរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍» សូមចុចវីដេអូខាងក្រោម៖ 

ទស្សនាឈុតខ្លីក្នុងរឿង «ជំនាងផ្ទះរីករាយ» សូមចុចវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]