អង់គ្លេស៖ ធ្លាប់តែឃើញគេយក កំទេចថង់បា្លស្ទិក ស្លឹកឈើ រឺក្រណាត់ផ្សេងៗ យកមកច្នៃធ្វើជាសម្លៀកបំពាក់ តែនារីម្នាក់នេះវិញ មានគំនិតច្នៃប្រឌិតប្លែកៗ និងស្ទើរតែមិនគួរឲ្យជឿ ដោយនាង បានយកសក់មកផ្តុំគ្នា និងច្នៃធ្វើជាអាវទ្រនាប់ សំពត់ ដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាច្រើន ក្នុងបណ្តាញអិុនធើណេត។

នារី ដែលមានទេពកោសល្យ ផ្នែកច្នៃប្រឌិតរូបនេះ មានឈ្មោះថា Sarah Louise Bryan និងមានអាយុ ២៨ឆ្នាំ មកពីទីក្រុង Wakefield ប្រទេសអង់គ្លេស ។ Sarah ក៏ធ្លាប់ល្បីម្តងដែរ ដោយកាលពីលើកមុន នាងបានយក ស្ករគ្រាប់មកច្នៃធ្វើ រ៉ូប ធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយនាពេលថ្មីៗនេះ នាង ក៏បានបង្កើតនូវគំនិតថ្មីមួយទៀត ដោយស្នើឲ្យមហាជន បរិច្ចាគសក់ឲ្យនាង ដើម្បីយកមកច្នៃចេញជា អាវទ្រនាប់ និងសំពត់ ដែលមិនធ្លាប់មានពីមុនមក ។

ទាក់ទងនឹងការប្រមែប្រមូលសក់យកមកធ្វើជាអាវទ្រនាប់ និងសំពត់នេះ កាលពី ៦ខែមុន នាងបានស្នើសុំឲ្យមហាជន បរិច្ចាគសក់ ឲ្យនាង តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយស្របពេលជាមួយគ្នានោះដែរ ការស្នើសុំរបស់នាង ក៏ទទួលបានការឆ្លើយតបពីមនុស្សរាប់ពាន់នាក់ ហើយថែមទាំងទទួលបាននូវ ការផ្តល់កម្លាំងចិត្ត ពីសំណាក់មហាជននោះផងដែរ ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលនាងមានគំនិតយក សក់មកច្នៃធ្វើជាសម្លៀកបំពាក់នេះ នាងក៏ធ្លាប់បាន យកស្ករគ្រាប់ (Skittles) ដែលមានប្រមាណជាង ៣,០០០គ្រាប់ មកធ្វើជា រ៉ូប ដ៏គួរឲ្យស្រលាញ់ និងស្រស់ស្អាតមួយផងដែរ ។

បើនិយាយពីការច្នៃ អាវទ្រនាប់ និងសំពត់ចេញពីសក់ នេះវិញ Sarah បានអះអាងថា នាង ចង់យកឈ្នះ តារាចម្រៀងស្រី Lady Gaga ដែលតារាចម្រៀងរូបនេះ ក៏បិុនប្រសប់នូវការច្នៃប្រឌិតផងដែរ ដូច្នេះទើបធ្វើឲ្យ Sarah មានមហិច្ឆតា ចង់ឈ្នះ និងមានគំនិតច្នៃនូវម៉ូតថ្មី ដោយបានស្នើសុំ សក់ ពីមហាជនបែបនេះ ។

ស្របពេលនោះដែរ Sarah ក៏បានបញ្ជាក់ផងដែរថា នាងបានចំណាយពេលរហូតទៅដល់៦ខែ ទើបអាចច្នៃចេញនូវម៉ូតមួយនេះបាន ។ ចំនែកឯ សក់ ដែលនាងប្រមូលបានពីការបរិច្ចាគនោះ នាងបានយកវាទៅស្តុកទុកក្នុងបន្ទប់គេងកូនប្រុសអាយុ ១៣ឆ្នាំរបស់នាង ហើយក្នុងការផលិតវិញ នាងត្រូវបានហ៊ុមព័ទ្ធដោយសម្លៀកបំពាក់បិទយ៉ាងជិត ជាមួយនឹងម៉ាស់ និងស្រោមដៃដើម្បីការពារ ។

នាងក៏បានបញ្ជាក់ទៀតផងដែរថា នាងនឹងមិនបញ្ឈប់ការច្នៃម៉ូតប្លែកៗនេះទេ ហើយនាងថែមទាំងនិយាយទៀតថា នឹងបន្តរកនូវគំនិតប្លែកៗផ្សេងទៀត ដើម្បីយកមកធ្វើជាសម្លៀកបំពាក់ ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]