អង់គ្លេស៖ កាលពីពេលថ្មីៗនេះ តេឡេស៊េរីថ្មីសម្រាប់សត្វឆ្កែចិញ្ចឹម ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតចំណីអាហារសត្វចិញ្ចឹម Wagg និងអ្នកជំនាញជាច្រើនរូបទៀត មកពីសាកលវិទ្យាល័យ University of Central Lancashire ដែលវានឹង ក្លាយជាឧបករណ៍ពេញលក្ខណៈមួយ

យោងតាមពាក្យសមី្តរបស់ក្រុមហ៊ុន Wagg បានបង្ហាញឲ្យដឹងថា ឧបករណ៍នេះ ត្រូវបានធ្វើឡើង ពីសារធាតុបា្លស្ទិកមិនជ្រាបទឹក និងស្វិតម្យ៉ាង ហើយបានកែច្នៃម៉ូត ដែលមានប៉ូតុងចុច ក្រញាំជើងឆែ្កផងដែរ។ លើសពីនេះទៀតដែរ ក្រុមហ៊ុន Wagg បានបន្តថា ឧបករណ៍នេះ មានប៉ូតុងចុចធំៗ និងមានផ្ទៃមុខលេចឡើងធំ ដែលផ្ដល់ភាពងាយស្រួលដល់សត្វឆ្កែ ក្នុងការបញ្ជាប្តូរកម្មវិធីទូរទស្សន៍។

យ៉ាងណាមិញ លោក Douglas ដែលជាអ្នកស្រាវជ្រាវពីការទំនាក់ទំនងរវាងកុំព្យូទ័រ និងសត្វ បានប្រាប់ឲ្យដឹងថា ឥលូវនេះ ជាមធ្យមសត្វឆ្កែ មើលទូរទស្សន៍បានច្រើនជាង៩ម៉ោងក្នុង១សបា្តហ៍ ដែលការមើលទូរទស្សន៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុង​ជីវិត សត្វឆ្កែ។

នេះតាមរយៈសារព័ត៌មានបានឲ្យដឹងទៀតថា អ្នកជំនាញកំពុងតែសិក្សាបនែ្ថម អំពីដំណើរការរបស់ប៊ូតុង ពណ៌ និងសម្លេងរបស់ឧបករណ៍បញ្ជា ហើយក្រោយពីការវិភាគ ខាងក្រុមហ៊ុន Wagg នឹងធើ្វការចរចាជាមួយ ក្រុមហ៊ុនអ្នកជំនាញបចេ្ចកវិទ្យា ដើម្បីដាក់បញ្ចូលនូវមុខងារ ពេញលេញ នៃតេឡេបញ្ជា ក្នុងការផ្ដល់ភាពងាយស្រួលដល់សត្វឆ្កែ។

ដូច្នេះមានន័យថា តទៅមុខទៀត មនុស្សគ្រប់រូបពិតជាមានដៃគូប្រជែងក្នុងការចុចបញ្ជាមើលទូរទស្សន៍។ មួយវិញទៀត ម្ចាស់សត្វឆ្កែចិញ្ចឹមមួយចំនួន នឹងមិនមានអារម្មណ៍រអៀសខ្លួន នៅពេលដែលទុកសត្វឆ្កែនៅក្នុងផ្ទះតែម្នាក់ឯង ដែលអាចឲ្យពួកគេវាមើលទូរទស្សន៍បាន យ៉ាងស្ងប់ចិត្ដ៕

ប្រភព៖ Mirror

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ខាងក្រោមនេះ ជាគន្លឹះទាំង ៧ចំណុច ដែលអាចបញ្ជាក់ថា សត្វឆ្កែចិញ្ចឹមរបស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់ ដូចជា៖

១.ពួកវាចង់ត្រសុលចូលជិតអ្នក តែមិនមែនចង់ឱបអ្នក

តាមពិតទៅសត្វឆ្កែ ភាគច្រើនគឺចង់ទៅក្បែរអ្នក មិនមែនដើម្បីចង់ឲ្យអ្នក ឱបពួកគេនោះឡើយ តែពួកគេគ្រាន់តែចង់ ត្រសុលទៅក្បែរអ្នក ដើម្បីទទួលបាន ភាពកក់ក្តៅប៉ុណ្ណោះ។ អ្នកជំនាញ Stan Rawlinson បាននិយាយថា “សត្វឆ្កែ ភាគច្រើនគឺមិនចូលចិត្ត ឲ្យអ្នកឱបគេខ្លាំង ឬណែនពេកនោះទេ ព្រោះថាការធ្វើបែបនេះ មានតែនាំឲ្យគេយល់ថា ពួកគេមិនអាចគេចចេញទៅណា រួចប៉ុណ្ណោះ”។

ម្យ៉ាងវិញទៀត នៅពេលណាសត្វឆ្កែ តែងមកគេងក្បែរអ្នក នោះមានន័យថា ពួកគេស្រលាញ់អ្នកខ្លាំង និងរីករាយរាល់ពេលដែល នៅក្បែរអ្នក។

២.ស្ងាប

តាមពិតទៅ នៅពេលដែលសត្វឆ្កែ បង្ហាញកាយវិការស្ងាប ចំពោះមុខអ្នក នោះមិនមែនមានន័យថា ពួកគេខ្ជិល ឬក៏រប៉ិលរប៉ូចអ្វីនោះទេ តែនេះជាសញ្ញាបញ្ជាក់ថា ពួកគេមានអារម្មណ៍ ជិតដិតជាមួយនឹងអ្នក ព្រមទាំងមានអារម្មណ៍ថា សុវត្ថិភាព និងកក់ក្តៅ បើទោះជាពួកគេ ដេកលក់ក៏ដោយ។

៣.ពួកវាសម្លឹងមកអ្នក ក្នុងរយៈពេលយូរ

រឿងជាក់ស្តែង សត្វឆ្កែធ្វើការបង្ហាញអារម្មណ៍ ក្នុងន័យស្រលាញ់ មិនមែនតាមរយៈ ការឱបឡើយ តែគឺតាមរយៈក្រសែភ្នែក។ ការស្រាវជ្រាវមួយ បានបញ្ជាក់ថា ការសម្លឹងមើលភ្នែករបស់សត្វឆ្កែអ្នក គឺអាចបង្កើននូវកម្រិត អ័រម៉ូននៃក្តីស្រលាញ់, សារជាតិ Oxytocin ទៅដល់ទាំងសត្វ និងមនុស្សជាម្ចាស់ ផងដែរ។

៤.ការបក់កន្ទុយ

តាមពិតទៅ ការបក់កន្ទុយ របស់សត្វឆ្កែ មានអត្ថន័យច្រើនផ្សេង ដោយក្នុងនោះគឺវា អាស្រ័យទៅលើរបៀបបក់កន្ទុយរបស់ពួកវា។ ការស្រាវជ្រាវបង្ហាញមកថា សត្វឆ្កែដែលមានអារម្មណ៍រីករាយ តែងគ្រវីកន្ទុយពួកគេទៅខាងស្តាំ ស្របពេលដែលសត្វឆ្កែ មានអារម្មណ៍ច្រួលច្រាល តែងគ្រវីកន្ទុយពួកគេទៅខាងឆ្វេង។

៥.ពួកវានៅស្ងៀម មិនច្រួលច្រាល ពេលអ្នកចេញទៅណា ឬចេញក្រៅផ្ទះ

ចំណុចនេះប្រហែលជា អាចធ្វើឲ្យអ្នក មានការភ្ញាក់ផ្អើល តែវាជាការពិត ដែលថាសត្វឆ្កែ មិនបង្ហាញអារម្មណ៍ច្រួលច្រាល ឬក៏ធ្វើសកម្មភាពផ្សេងៗ នៅពេលដែលអ្នកទុកពួកវាចោលតែម្នាក់ឯង។ ការបង្ហាញសកម្មភាពនៅស្ងៀម នេះមានន័យថា ពួកគេទុកចិត្តលើអ្នក ពួកគេអត់ធ្មត់ពេលអ្នកចាកចេញ ព្រោះពួកគេដឹងថា អ្នកនឹងត្រឡប់មករកពួកគេវិញ។

៦.នៅពេលអ្នកត្រឡប់មកវិញ ពួកវាតែងរាក់ទាក់អ្នក

វាជារឿងធម្មជាតិមួយ សត្វឆ្កែ តែងបង្ហាញកាយវិការរីករាយ និងរាក់ទាក់អ្នក នៅពេលអ្នកត្រឡប់មកផ្ទះវិញ។ ក៏ប៉ុន្តែអ្នកគួរប្រយ័ត្នផងដែរ នៅពេលណាអ្នកត្រឡប់មកវិញ ហើយពួកគេនៅធ្វើព្រងើយកន្តើយ នោះប្រាកដជាមានអ្វី មិនស្រួលហើយ។

៧.ពួកវាចូលចិត្តលេងជាមួយអ្នក

នេះជាចរិតទូទៅមួយ របស់សត្វឆ្កែ នៅពេលណាដែលពួកវាចូលចិត្តលេងល្បែងកម្សាន្ត ជាមួយអ្នកដដែលៗ នោះពួកវាស្រលាញ់អ្នកខ្លាំងហើយ ឧទាហរណ៍ដូចជា អ្នកគប់របស់អ្វីមួយ ហើយពួកវារត់ទៅរើស រួចយកមកឲ្យអ្នក រួចអ្នកគប់បន្តទៀត ពួកវានៅតែរត់ទៅរើសដដែល នេះហើយបញ្ជាក់បានថា សត្វឆ្កែរបស់អ្នក គឺស្រលាញ់អ្នកយ៉ាងខ្លាំង។

ទាំងនេះគឺជា ចំណុចទាំង៧ ដែលក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ និងអាចបញ្ជាក់បានថា សត្វឆ្កែរបស់អ្នក កំពុងមានអារម្មណ៍ស្រលាញ់អ្នកខ្លាំង។ ដូច្នេះប្រិយមិត្តអាចកត់សម្គាល់មើល ដើម្បីចង់ដឹងថា តើឆ្កែរបស់អ្នកស្រលាញ់អ្នកឬក៏អត់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]