បារាំង៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលដែលអ្នកគាំទ្របាល់ទាត់អឺរ៉ុប ២០១៦ បានរត់ជាន់គ្នា នៅក្បែរ Eiffel Tower កាលពីយប់ថ្ងៃអាទិត្យមុននេះ

យោងតាមប្រភពបានឲ្យដឹងថា មានមនុស្សជាច្រើនរួមទាំងបរទេស ដែលមកពីបណ្តាប្រទេសនានា បាននាំគ្នារត់ចេញពី Fanzone ដែលជាកន្លែងពួកគេនាំគ្នាស្រែកគាំទ្រ ទៅនឹងក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងអំឡុងការប្រកួតរវាងក្រុមជម្រើស ជាតិអាល្លឺម៉ង់ ប៉ះជាមួយក្រុមជម្រើស ជាតិអ៊ីតាលី ដែលពួកគេកំពុងតែមើលតាម ផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ធំ។

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលមានអ្នកគាំទ្រមួយចំនួន បានឃើញកាំជ្រួចត្រូវបានបាញ់ឡើង និងបែកផ្កាភ្លើងព្រាត ដែលធ្វើឲ្យពួកគេស្លន់ជាខ្លាំង ហើយគិតថាជាក្រុមភេរវករ ISIS កំពុងនឹងវាយប្រហារទីក្រុង Paris ប្រទេសបារាំងទៀតហើយ។ យោងតាមពាក្យសម្តីរបស់លោក Thomas Burrows ដែលជាអ្នកព័ត៌មាននៃ Mail Online បាននិយាយថា គាត់បានឃើញមនុស្សរាប់រយនាក់ កំពុងតែរត់យ៉ាងប្រសាច ហើយពួកគេបានប្រជ្រៀតគ្នា ដើម្បីជៀសផុតពីហេតុការណ៍នេះ រីឯអ្នកខ្លះទៀតបានស្រែកយំ ហើយមាននារីជាច្រើននាក់ បានរត់ចោលសែ្បកជើង ពីព្រោះពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ គាត់បានបន្តទៀតថា កាំជ្រួចដែលធ្វើឲ្យមនុស្សមានអារម្មណ៍ស្លន់ស្លោនេះ បានបាញ់នៅវេលាម៉ោង ១០:២០នាទីពេលយប់ ។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានហេតុការណ៍នេះ ប៉ូលិសបានចុះធ្វើការសើុបអង្កេត និងមិនបានរកឃើញ ភស្តុតាងណាមួយ ដែលបញ្ជាក់ថា ISIS បានធ្វើភេរវកម្មទេ ហើយក្នុងហេតុការណ៍នេះ ក៏មានអ្នករងរបួសមួយចំនួនផងដែរ៕

ប្រភព៖ Metro

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ការប្រកួត EURO ឆ្នាំ ២០១៦ កំពុងបន្តដំណើរការ មកដល់វគ្គ ៨ក្រុម ចុងក្រោយហើយ ដែលកាលពីយប់ថ្ងៃអាទិត្យ ជើងខ្លាំង ២ក្រុម បានប៉ះគ្នា ក្នុងសង្រ្គាមវាលស្មៅ នៅឯកីឡដ្ឋាន Bordeaux ប្រទេសបារាំង ដែលជាកាប្រកួតរវាង ម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ និង ជើងឯករងEURO ឆ្នាំ២០១២ អីុតាលី ។ ហើយចុងក្រោយនៃលទ្ធផល អាល្លឺម៉ង់ ជាអ្នកយកឈ្នះលើ អីុតាលី ដោយការស៊ុតបាល់ប៉េណាល់ទី ហើយក៏បានបន្តដំណើររបស់ខ្លូន ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តបន្ទាប់ទៀត ។

គួររំលឹកផងដែរថា ក្នុងជំនួបរវាង ក្រុមទាំង២ នេះ កន្លងទៅ អាល្លឺម៉ង់មិនដែលឈ្នះអីុតាលី ទេក្នុងពានរង្វាន់ធំៗបែបនេះ ហើយនេះជាលើកដំបូងហើយដែល អាល្លឺម៉ង់បានបំបែកប្រវត្តិសាស្រ្តរបស់ខ្លួន ដោយបានយកឈ្នះអីុតាលី កាលពីយប់មិញ ។

ទាក់ទងនឹងការប្រកួតវិញ ក្នុងរយៈពេល៩០នាទី ក្រុមទាំង២ មានគ្រាប់បាល់តែម្នាក់មួយគ្រាប់ប៉ុណ្ណោះ ដែលអាល្លឺម៉ង់ គឺស៊ុតចូលទីដោយកីឡាករ Mesut Ozil នៅនាទី៦៥ ចំនែកឯ អីុតាលី វិញ ត្រូវអជ្ញាកណ្តាល ផ្តល់បាល់ពិន័យប៉េណាល់ទី ដោយសារ កីឡាករ Jerome Boateng ហក់យកដៃប៉ះបាល់ ហើយ ខ្សែការពារអីុតាលី Bonucci ជាអ្នកស៊ុតបញ្ចូលទីតាមស្មើនៅនាទី ៧៨ ។ សូមបញ្ជាក់ផងដែរថា ក្រុមទាំង២ មានឱកាសស៊ុតគ្នាទៅវិញទៅមកដូចគ្នា ប៉ុន្តែសាច់បាល់នៅក្នុងការប្រកួត អាល្លឺម៉ង់ គ្រប់គ្រងបាល់ច្រើនជាង ហើយចំនែកឯអីុតាលី វិញទទួលបានការពិន័យកាតលឿង ជាច្រើនផងដែរ។

ការប្រកួតក៏បន្តមកដល់វគ្គ Extra Time ក្រុមទាំង២ នៅតែរក្សាលទ្ធផល ១-១ ដែលធ្វើឲ្យមានការឈានទៅដល់វគ្គស៊ុតបាល់ប៉េណាល់ទី។ ក្នុងវគ្គប៉េណាល់ទីនេះដែរ ក្រុមទាំង២ ធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះ សោយសារការស៊ុត ម្នាក់៥បាល់ ពួកគេស៊ុតចូលតែម្នាក់២គ្រាប់ ប៉ុណ្ណោះ ធ្វើឲ្យការស៊ុតនេះបន្តរហូតដល់កីឡាកររបស់អីុតាលីមួយរូបគឺ Matteo Darmian ស៊ុតមិនចូល ហើយក៏ជាការជួយសង្រ្គោះរបស់អ្នកចាំទី Nueur ផងដែរ ។ ការខកខានស៊ុតអត់ចូលបែបនេះហើយ ទើបធ្វើឲ្យអាល្លឺម៉ង់ មានឱកាសឡើងទៅបន្ត បន្ទាប់ការស៊ុតប៉េណាល់ទីបង្ហើយ ពីកីឡាករ Hector របស់អាល្លឺម៉ង់ ។ ក្នុងលទ្ធផលក្នុងការស៊ុតប៉េណាល់ទីវិញ គឺ អាល្លឺម៉ង់ ៦-៥ អីុតាលី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]