ចិន៖ ថ្មីៗនេះគេសង្គេតឃើញថា ប្រទេសចិនហាក់បីដូចជា ទទួលរងការគំរាមកំហែងខ្លាំង ពីបាតុភូតគ្រោះធម្មជាតិ រួមមានភ្លៀង ព្យុះ ទឹកជំនន់ជាដើម ដែលបានបំផ្លិចបំផ្លាញ ខូចខាតអស់នូវហេដ្ឋារចនាសម្ព័ន្ធ  ផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងថែមទៀតផង។  លើសពីនេះទៅទៀតនោះ ប្រជាពលរដ្ឋជាច្រើនរយនាក់ ក៏បានស្លាប់បាត់បង់ជីវិត  និងរាប់រយអ្នកផ្សេងទៀតរបួស ក្នុងបាតុភូតគ្រោះធម្មជាតិនេះផងដែរ។

ជាមួយគ្នានេះដែរ បើតាមប្រភពបានឲ្យដឹងថា  ថ្មីៗនេះខេត្តជាច្រើន ស្ថិតនៅក្នុងប្រទេសចិន កំពុងតែទទួលរងការលេចលង់ ដោយទឹកជំនន់យ៉ាងខ្លាំងក្លា ខណៈមានភ្លៀងធ្លាក់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពបន្តថា ភ្លៀងធ្លាក់ក្នុងល្បឿនចន្លោះពី ១០ទៅ៥០សង់ទីម៉ែត្រ ទៅលើខេត្តចំនួន៧ ហើយថែមទាំងមានព្យុះបោកបក់យ៉ាងខ្លាំងក្លា ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់តាមតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសចិនផងដែរ។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ៤៥នាក់ បានបាត់ខ្លួន និងប្រជាជនប្រមាណជា ៣៣លាននាក់ទៀតផងដែរ ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិទឹកជំនន់នេះ  និងថែមទាំងបានបំផ្លិចបំផ្លាញជា​ផ្លូវថ្នល់ ផ្លូវរថភ្លើង  បង្កជាការលេចលង់  រាំងស្ទះដល់ការធ្វើដំណើរថែមទៀតផង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានចំនួនមនុស្សស្លាប់ ២៣នាក់ ដោយសារតែការបាក់ដី  នៅក្នុងខេត្ត Guizhou និងមនុស្សចំនួន ៨នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយសារតែការដួលរលំ បាក់ជញ្ជាំងអគារ។

ប្រភពបានឲ្យដឹងទៀតថា ភ្លៀងនឹងនៅតែបន្តធ្លាក់ជាខ្លាំង រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដែលវានិងបន្តបោកបក់ ឆ្លងកាត់តំបន់មួយចំនួនទៀត នៅភាគខាងត្បូង និងភាគខាងលិច ប្រទេសចិនផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ប្រជាជនច្រើនជាង ១៨០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រោះទឹកជំនន់មួយនេះ តាមដងទន្លេ Yangtze ក្នុងប្រទេសចិន ក្រោយពីមានភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំងនេះ៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖   

ប្រភព៖ BBC

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីពេលកន្លងទៅនព រូបភាពជាច្រើនសន្លឹក បានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលមុខមាត់សម្រស់របស់ទីក្រុងក្វាងចូវ ត្រូវបានបំផ្លាញដោយព្យុះភ្លៀងបោកបក់យ៉ាងខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ បណ្តាលឲ្យលេចលង់កណ្តាលផ្លូវនៃទីក្រុងក្វាងចូវ ស្ទើរគ្រប់ទីកន្លែង រហូតស្ទើរតែដូចទីក្រុង Venice នៃប្រទេសអីុតាលី (ជាទីក្រុងស្ថិតនៅលើតំបន់កោះ-សូមមើលរូបខាងក្រោម) ហើយត្រូវបានគេដាក់ឈ្មោះថា “Venice of China” មានន័យថា ទីក្រុង Venice នៃប្រទេសចិនផងដែរ។

ដោយឡែកតាមរយៈ រូបភាព និងខ្សែវីដេអូឃ្លីប ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមនោះទៀតសោត គេឃើញថាមានប្រជាជនចិនជាច្រើន មិនថាតែអ្នកធ្វើការ ឬសិស្សសាលា បានព្យាយាមដើរកាត់ទឹក កម្ពស់លេចក្បាលជង្គង់ទាំងត្រដាបត្រដួស ភ័យផងអរផង ដោយមានអ្នកខ្លះទៀត​ ជិះឡានក្រុង ខ្លះជិះទូក ដើម្បីធ្វើដំណើរទៅបំពេញការងារ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ នៅទីក្រុងក្វាងចូវប្រទេសចិន ត្រូវបានគេទទួលស្គាល់ថា គឺជាទីក្រុងមួយដែល ងាយនឹងរងគ្រោះខ្លាំងជាងគេបំផុត ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយសារតែកត្តាអាកាសធាតុប្រែប្រួល ឬហៅថា “Nature Climate Change” បណ្តាលឲ្យមានទឹកជំនន់លេចលង់ ខ្លាំងជាងគេ ក្នុងចំណោមទីក្រុង ឬខេត្តដែលជាប់តំបន់ឆ្នេរទាំងអស់ នៅជុំវិញពិភពលោកជាង ១៣៦តំបន់។

គួរបញ្ជាក់ដែរថា ឆ្លងតាមរយៈការសិក្សានេះ ត្រូវបានគេប៉ាន់ប្រមាណបានថា នៅក្នុងឆ្នាំ២០៥០ ទីក្រុងក្វាងចូវមួយនេះអាចនឹង ចំណាយថវិការជាច្រើន រហូតអាចដល់ខ្ទង់ ១៣,២ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើការជួសជុលរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត​ បង្កឡើងដោយគ្រោះធម្មជាតិមួយនេះផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]