រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សុខ ចាន់​ធីតា ហៅ​តុ បាន​ធូរស្បើយ​ចិត្ត​ដោយ​ស្វាមី​ធូរស្រាល​ពី​ជំងឺ​បេះដូង ។ ក្រោយ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ខ្មែរ​បាន​ស្បើយ​រួច​មក​នាង​តុ​បាន​បញ្ជូន​ស្វាមី​ទៅ​ពិនិត្យ​ស្គែ​ន​សរសៃឈាម នៅ​ប្រទេស​វៀតណាម​ទៀត​តាម​វេជ្ជបញ្ជា ។

ស្វាមី​តារា​កំប្លែង​នាង​តុ គឺ​លោក​ខ្យង ត្រូវ​គ្រូពេទ្យ​ហាម​កុំឱ្យ​មាន​អារម្មណ៍​តានតឹង ហើយ​ត្រូវ​ផ្តាច់​ស្រា និង​បារី​ទើប​រក្សា​សុខភាព​បាន​ល្អ​១០០% ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាង​តុ​និយាយ​ថា​«​ជំងឺ​ប្តី​ខ្ញុំ​នឹង​ជា​បើ​ធ្វើ​តាម​គ្រូពេទ្យ តែ​ប្រសិនបើ​ថ្ងៃក្រោយ​គាត់​ប្រព្រឹត្ត​ស្រា បារី​គឺ​ងាយ​ឈឺ​ឡើង​វិញ ព្រោះ​ពេទ្យ​និយាយ​ថា មនុស្ស ម្នាក់​ៗ​អ្នកខ្លះ​កើតមក​គឺ​មាន​ជំងឺ​នេះ​មក​ស្រាប់តែ​ម្តង ប៉ុន្តែ​បើ​យើង​ទៅ​ពេទ្យ​ពិនិត្យ​ជា​ប្រចាំ ពេទ្យ​ឲ្យ​ថ្នាំ​ក៏​មិន​អាច​ធ្ងន់​ដែរ ។

តែបើ​ប្រឹង​ស្រា បារី​ច្រើន​នាំ​ឲ្យ​សរសៃឈាម​យើង​ឆាប់​ស្ទះ មួយទៀត​ស្វាមី​ខ្ញុំ​គាត់​កន្លង​មក​ហាត់ប្រាណ​ជ្រុល ពេល​មាន​ជំងឺ​ហ្នឹង ហើយ​ខំធ្វើការ​ងារ ធ្ងន់​ៗ ពេក​ក៏​នាំ​ឲ្យ​បេះដូង​ដើរ​ញាប់ ឈាម​ធ្វើទុក្ខ​តែ​ម្តង ។ កន្លង​មក​ប្តី​ខ្ញុំ​ដូច​ជា​មិន​មាន​បញ្ហា​បេះដូង​ទេ តែ​ដល់​ពេល​មានរឿង​បែប​នេះ ទើប​ដឹង​ថា​យើង​មិន​ចេះ​តែ​បណ្តោយ​ឲ្យ​សុខភាព​ខូចខាត​ទេ មាន​តែ​តាមដាន​ជាមួយ​ពេទ្យ ព្រោះ​មួយ​ប្រាវ​មុន​គឺ​លស់​ព្រលឹង​មិន​ស្ទើរ​ទេ » ។

គ្រា​ស្វាមី​ឈឺ​នោះ​នាង​តុ​ខកខាន​ច្រៀង​កាត់សក់​មង្គលការ​ប្រមាណ​បួនដប់​រោង​ធ្វើ​ឱ្យ​បាត់ប្រាក់​ចំណូល​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី​នៅ​ពេល​មាន​បញ្ហា​នោះ ម្ចាស់​ដើមការ​អធ្យាស្រ័យ​ដោយ​នាង​តុ​ឲ្យ​អ្នក​ផ្សេង​ទៅ​ជំនួស​។ «​គ្មាន​អ្នក​ណា​ហៅ​ការ​ឈឺ​មក​ពេល​ណា​បាន​ឡើយ ស្រាប់តែ​កើត ភ្លាម​ៗ​ទាំង​យើង ទាំង​គេ​គឺ​មិន​ចង់​ឈឺ​ដាច់ខាត ។ ពេល​នេះ​នាង​ខ្ញុំ​មិន​អាច​ផ្តេកផ្តួល​តាម​សភាពការណ៍​ឡើយ គឺ​សម្រេចចិត្ត​ដើរ​ច្រៀង​កាត់សក់​មង្គលការ ធ្វើ​ពិធី​ការិនី​តាម​ពិធីជប់លៀង មង្គលការ​ឡើង​វិញ ព្រោះ​អស់​លុយ​ច្រើន​ដែរ។

ទោះជា​ត្រូវ​ចេញ​ធ្វើការ​តែឯង ប្តី​មិន​ដើរ​តាម​ដូច​មុន​ក៏​មិន​ឲ្យ​គាត់​តាម​ដែរ សុខចិត្ត​ឲ្យ​គាត់​សម្រាក​ប៉ុន្មាន​ខែ​សិន នាង​ខ្ញុំ​រ៉ាប់រង​តែឯង​សិន​ចុះ ព្រោះ​ប្តី​ប្រពន្ធ​មាន​តែ​ការ​ជួយ​គ្នា​ទេ​គឺ​ល្អ ។ ស្រី​តុ​អស់​លុយ​ច្រើន​ណាស់ សូម​បងប្អូន​មេត្តា ជួយ​ៗ​ផង ហៅ​កាត់សក់​ការកូន​ប្រុស​ស្រី​ផង មាន​តែ​អាជីព​ច្រៀង​នេះ​ហើយ​អាច​ទ្រទ្រង់​តទៅ​ទៀត​បន្ថែម​ពី​ការងារ​មួយ​ចំនួន​នៅ​តាម​កញ្ចក់​ទូរទស្សន៍ » ។

នាង​តុ​នឹង​និយាយ​លួងលោម​ស្វាមី​ឱ្យ​រក្សា​សុខភាព​តាម​វេជ្ជបញ្ជា ធ្វើ​យ៉ាងណា​ឱ្យ​សុខភាព​បាន​ប្រសើរ​ដូច​ដើម​ហើយ​អាច​បំពេញការងារ​ឡើង​វិញ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្ម ថោន អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ដែល​កំពុងតែធ្វើដំណើរ ទៅប្រទេសវៀតណាម ជាមួយស្វាមី​ ដើម្បីពិនិត្យ​​ស្ទែន(ឧបរណ៍បើកសរសៃឈាម) សរសៃបេះដូង​ឡើងវិញ ខណៈដែលអាការៈជំងឺស្វាមីអ្នកនាង បានប្រសើរឡើង​ ច្រើនហើយ​។ ទោះបីជាអ្នកនាង កាតុ ត្រូវចាំបាច់នាំស្វាមីទៅព្យាបាល និងពិនិត្យតាមដានបន្ថែមនៃស្ថានភាពជំងឺក្ដី ប៉ុន្តែនាងក៏នៅតែសរសើពីសមត្ថភាពរបស់គ្រូពេទ្យក្នុងប្រទេស ជាពិសេសគ្រូពេទ្យ កាល់ម៉ែត្រ ដែលបានជួយសង្គ្រោះជីវិត ប្ដីរបស់នាង ដោយការយកចិត្តទុកដាក់ខ្ពស់ រហូតបានធូរស្បើយពីជំងឺ។

ជាការពិត​ដោយសារតែ មានធុរៈត្រូវមើលថែប្ដី នៅក្នុងមន្ទីរពេទ្យ អ្នកនាង សុខ ចាន់ធីតា បានបង្ហាញមុខតែ១៥ នាទីប៉ុណ្ណោះ ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណា ពោលគឺក្នុងពេលអើតមុខមួយភ្លែត ​គ្រាន់តែមកចងដៃរួច ក៏ត្រឡប់ទៅវិញ ព្រោះប្រញាប់រៀបចំខោអាវ ទៅវៀតណាម​ក្នុងថ្ងៃនេះ បន្តទៀត។ 

អ្នកនាង សុខ ចាន់ធីតា បានថ្លែងប្រាប់ Khmertalking ថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយ​ត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃនេះ អ្នកនាង​នាំស្វាមីទៅត្រួតពិនិត្យ​សុខភាពមើលម្ដងទៀតថា តើ​ស្ទែនដែលដាក់ក្នុងសរសៃបេះ​ដូងស្វាមី ​នាងល្អ ឬអត់?​ ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជ​បញ្ជាពេទ្យ។

ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរ​ពីគុណភាព គ្រូពេទ្យនៃមន្ទីរ​កាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថា​ធ្វើការបានល្អ មិនចាញ់​ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរ​និងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យ​នៅវៀតណាមរួច​ អ្នកនាង នឹងបន្តតាមដាន​ នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះ​មិនចំបាច់ចំណាយលុយច្រើន។

អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើប​នាងយល់ច្បាស់ ។ ​កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្ត​ដល់នាង និងប្ដី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ