រាជធានីភ្នំពេញ ៖ លោកអ្នកពិតជាធ្លាប់បានឃើញព្រះអង្គដងកើនៅខាងមុខ ព្រះបរមរាជវាំងជាប់ដងទន្លេសាប ឬក៏ធ្លាប់ចូលទៅអុជធូបបួងសួង បន់ស្រន់ ប៉ុន្តែលោកអ្នកប្រហែលជាពុំបានដឹងពីប្រវត្តិនៃ ទីសក្ការៈនោះទេ ។
តើព្រះអង្គដងកើមានប្រវត្តិបែបណា?

លោកតាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមប្រជុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសន បណ្ឌិត្យបាននិទានឱ្យដឹងកាលពីថ្ងៃទី១៦ សីហា ថា តាមចាស់ៗពីជំនាន់មុនបាននិយាយតៗគ្នាថា ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំងគេក៏លើក ទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។  ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា ដងកើ ។

ក្នុងសម័យដដែលនោះប្រជាជនខ្មែរយើងមាន ជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិ ឬក៏ដងកើ ហើយនាំគ្នាសាងសង់ព្រះវិហារ និងមានរូបសំណាកជាតំណាងដងកើដោយនាំគ្នាហៅថា «ព្រះអង្គដងកើ»។ លោកតា មៀច ប៉ុណ្ណបន្តថា តាំងពីនោះមកគេទៅបែបន់សុំលាភសក្ការៈ សុំកូន និងបួងសួងផ្សេងៗតាមជំនឿរបស់ខ្លួន ដោយមានលេងភ្លេងពិណពាទ្យ និងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ ។ មានអ្នកខ្លះបែបន់សុំបានសម្រេច អ្នកខ្លះសុំមិនបានសម្រេចរហូតមកដល់សព្វថ្ងៃនេះ ។ បច្ចុប្បន្នព្រះអង្គដងកើត្រូវគេចាត់ទុកថា ជាអ្នកតាដ៏ធំជាងគេ បន្ទាប់ពីអ្នកតាឃ្លាំងមឿង ។ ចំពោះប្រវត្តិព្រះអង្គដងកើនេះ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែលចាស់ៗនិយាយតៗគ្នាប៉ុណ្ណោះ ។

សព្វថ្ងៃនេះមានប្រជាជនច្រើនទៅអុជធូបបែ បន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗ ជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមនុស្សរាប់រយនាក់ ទៅបែបន់នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក េចក និងតង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ ។ លើសពីនេះទៅទៀត មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ។

ស្ត្រីម្នាក់មកពីខេត្តកំពង់ចាម ដែលទៅអុជធូប និងជាវសត្វចាបយកទៅលែងប្រាប់ឱ្យដឹងថា គាត់ធ្វើដំណើរទៅបន់ស្រន់នៅទីនោះ គឺចង់សុំសេចក្តីសុខដល់ក្រុមគ្រួសារគាត់ ព្រោះជួបរឿងចង្រៃច្រើនមកហើយ ដូច្នេះអុជធូបសុំសេចក្តីសុខពីព្រះអង្គដងកើ និងសុំទឹកមន្តយកទៅលុបលាងមុខ ព្រោះល្បីថា ព្រះអង្គដងកើ មានរឹទ្ធិខ្លាំងពូកែ  ។នារីវ័យក្មេងម្នាក់ទៀត បានជួលក្រុមភ្លេងពិណពាទ្យឱ្យលេងថ្វាយដល់ព្រះអង្គដងកើ ។

នាងឱ្យដឹងថា  កាលពីមុននាងធ្លាប់បន់ស្រន់ឱ្យរកការងារបានធ្វើ ហើយក៏បានដូចបំណង ដូច្នេះហើយ ទើបនាងជួលគេឱ្យលេងភ្លេងថ្វាយដល់ព្រះអង្គដងកើ ។ នាងជឿថា ព្រះអង្គដងកើ ពិតជាពូកែខ្លាំងណាស់ ហើយជឿថា អ្នកផ្សេងដែលមកអុជធូបនៅទីនេះ តែងតែសុំបានសម្រេចដូចជា រូបនាងដែរ ។

មិនត្រឹមតែមានអ្នកទៅបែបន់សុំពរពីព្រះ អង្គដងកើច្រើនទេ សូម្បីតែអ្នកលក់ផ្កាឈូកក៏មានច្រើននាក់ដែរ ។ ផ្កាឈូកដាក់តាំងលក់ដូចជាផ្សារផ្កាមួយទៅហើយ ។ កន្លងមក អ្នកលក់ផ្កាឈូក និងស្លាធម៌មានភាពរញ៉េរញ៉ៃខ្លាំងណាស់ លក់មិនមានសណ្តាប់ធ្នាប់ទេ តែពេលនេះសន្តិសុខតម្រូវឱ្យអ្នកលក់ផ្កាអង្គុយលក់មួយ កន្លែង កុំឱ្យមានភាពរាយប៉ាយបង្កការស្ទះចរាចរណ៍ និងបាត់អីវ៉ាន់របស់អ្នកចូលទៅបែបន់ ។

ទោះបីជាមានការហាមឃាត់មិនឱ្យអ្នកលក់ ផ្កាយកទៅលក់ដល់កន្លែងបែបន់ពិតមែន ប៉ុន្តែក៏នៅមានអ្នកខ្លះមិនគោរពដដែល ។
អ្នកលក់ផ្កា និងស្លាធម៌នៅទីនោះ មានការមមាញឹកណាស់ព្រោះមានអ្នកចូលជាវច្រើន ។ ស្ត្រីចំណាស់ម្នាក់ដែលជាអ្នកធ្វើស្លាធម៌លក់ប្រាប់ ទាំងទឹកមុខរីករាយថា ឱ្យតែថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គាត់សប្បាយចិត្ត្ណាស់ព្រោះលក់ដាច់ ។ ក្នុងមួយថ្ងៃគាត់ចំណេញបានជាង៥ម៉ឺនរៀល ហើយបើថ្ងៃធម្មតាចំណេញបាន១ម៉ឺនរៀល ព្រោះអ្នកអុជធូបសុំបែបន់ច្រើនតែនៅថ្ងៃសីល ។ ទាក់ទិននឹងប្រវត្តិព្រះអង្គដងកើ ស្ត្រីចំណាស់រូបនេះមិនដែលដឹងទេ ។

គាត់ក៏ធ្លាប់សាកសួរម្តាយដែរ តែគាត់ក៏មិនដឹងដូចគ្នាដែរ ។
ដោយ ឡែកស្ត្រីវ័យកណ្តាលម្នាក់ជាអ្នកលក់ផ្កាប្រាប់ ឱ្យដឹងថា ចំពោះថ្ងៃធម្មតា គាត់លក់ចំណេញបានពី៨ពាន់រៀលទៅ១ម៉ឺនរៀល ឯថ្ងៃសីល គឺចំណេញបានពី២ម៉ឺន ទៅ៤ម៉ឺនរៀល  ព្រោះមានអ្នកទិញច្រើន ។ ចំពោះប្រវត្តិទាក់ទងទៅនឹងព្រះអង្គដងកើនេះអ្នកស្រី មិនដឹងទេ ។ មានមនុស្សភាគតិចណាស់ដែលបានដឹងពីប្រវត្តិព្រះអង្គដងកើ សូម្បីតែអ្នកលក់ផ្កាដែលមានវ័យចំណាស់ជាងគេនៅទីនោះក៏ មិនដឹងដែរ។

សព្វថ្ងៃនេះជារៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មីមានមនុស្សទៅបែបន់រាប់រយនាក់ ជាពិសេសចាប់ពីម៉ោង៣រសៀលគឺមានច្រើននាក់រហូតដល់រក កន្លែងអុជធូបមិនបាន ។ មិនថាតែអ្នកនៅក្នុងរាជធានីភ្នំពេញទេ ដែលទៅបែបន់នោះ សូម្បីតែអ្នកនៅតាមបណ្តាខេត្តនានាក៏ទៅអុជធូបនៅទីនោះដែរ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]